ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់​​ប្រណាំង​​ពាក់​កណ្តាល​​ម៉ារ៉ា​តុង​​អន្តរ​ជាតិ​​លើក​​ទី​3​ ខេត្ត​​ព្រះ​សីហនុ​​ចាប់​ផ្តើម​​​ដើម​ខែ​​មីនា​ខាង​​មុខ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មាធិការ​​ជាតិ​អូឡាំ​ពិក​កម្ពុជា​ សហការ​ជា​មួយ​គណៈ​កម្មការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​ ដោយ​មាន​ការ​ចូល​រួម​ពី​ដៃគូ​ឧបត្ថម្ភ​ដ៏​សំខាន់​គឺស្រា​បៀរ​អង្គរ​​ នឹង​រៀបចំ​​កម្មវិធី​ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ាតុង​អន្តរ​ជាតិ​លើក​ទី​៣​ នៅ​ខេត្ត​ព្រះ​សីហនុ​ នា​ថ្ងៃ​ទី​៩​ ខែមីនា​​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ក្រោម​បាវចនា​​​ «រត់​ប្រណាំង​ម៉ារ៉ាតុង​ដើម្បី​ការពារ​ធម្ម​ជាតិ​ សង្គ្រោះ​ផែន​ដី​ និងសុខុមាល​ភាព​នៃ​មនុស្ស​លោក» ។​

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មាធិការ​​ជាតិ​អូឡាំ​ពិក​កម្ពុជា​ សហការ​ជា​មួយ​គណៈ​កម្មការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​ ដោយ​មាន​ការ​ចូល​រួម​ពី​ដៃគូ​ឧបត្ថម្ភ​ដ៏​សំខាន់​គឺស្រា​បៀរ​អង្គរ​​ នឹង​រៀបចំ​​កម្មវិធី​ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ាតុង​អន្តរ​ជាតិ​លើក​ទី​៣​ នៅ​ខេត្ត​ព្រះ​សីហនុ​ នា​ថ្ងៃ​ទី​៩​ ខែមីនា​​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ក្រោម​បាវចនា​​​ «រត់​ប្រណាំង​ម៉ារ៉ាតុង​ដើម្បី​ការពារ​ធម្ម​ជាតិ​ សង្គ្រោះ​ផែន​ដី​ និងសុខុមាល​ភាព​នៃ​មនុស្ស​លោក» ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​លើក​ទី​៣​ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហនុ​ នា​ថ្ងៃ​ទី​៩​ មីនា​ខាង​មុខ​នោះ​ គឺ​ជា​ផ្នែក​មួយ​​នៃ​សកម្ម​ភាព​មនុស្ស​ធម៌​ដើម្បី​​រក​មូល​និធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ និង​ជួយ​ដល់​កុមារ​កំព្រា​ដែល​ខ្វះ​លទ្ធភាព​សិក្សា ព្រម​ទាំង​យុវជន​ផង​ដែរ ។​ ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ខាង​លើ​នេះ​រៀបចំ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​គណៈ​កម្មការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ខេត្ត​ព្រះ​សីហនុ​ ដោយ​មាន​ការ​ចូលរួម​សហការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​ទៀត​ ដើម្បី​ផ្សព្វ​ផ្សាយ​កីឡា​ទេសចរណ៍​នា​ឆ្នេរ​សមុទ្រ​ស្អាត​​នៃ​ប្រទេស​កម្ពុជា​ រួម​ទាំង​បណ្តុះ​គំនិត​ការពារ​ថែរក្សា​បរិស្ថាន​ធម្ម​ជាតិ​តាម​រយៈ​ព្រឹត្តិ​ការណ៍​នេះ ។​ លោក​វ៉ាត់ ចំរើន​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​ត្រូវរួស​រាន់​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​មួយ​នេះ​ឱ្យ​បាន​ច្រើន​កុះ​ករ​ ដើម្បី​កសាង​ប្រវត្តិ​សាស្ត្រ​ ថែរក្សា​តំបន់​ឆ្នេរ​ដ៏ស្រស់​ស្អាត​របស់​ប្រទេស​ជាតិ​យើង ។​

ចំណែក​លោក​សែម​ ផល្លា​ អ្នក​ចាត់​ការ​ទូទៅ​នៃ​ព្រឹត្តិ​ការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ខាង​លើ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ទោះ​បី​ការ​ប្រារព្ធ​ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​ជា​កន្លែង​ល្អ​មាន​ផ្លូវ​រត់​ស្រួល​ និង​មាន​លក្ខណ​សម្បត្តិ​ធម្ម​ជាតិ​ល្អប្រសើរ​ជាង​ប្រទេស​ផ្សេងៗ​ក៏​ពិត​មែន​ តែ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​កំណើន​អ្នក​ចូល​រួម​មាន​ការ​កើន​ឡើង​តិច​ ជាពិសេស​ភ្ញៀវ​បរទេស​ដែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ ព្រោះ​មិន​មាន​ជើង​យន្ត​ហោះ​ផ្ទាល់​ទៅ​ដល់​ទី​នោះ​ ។ បុ៉ន្តែ​ទោះ​បី​ជា​យ៉ាងណា​ សម្រាប់​ឆ្នាំ​នេះ​លោក​សង្ឃឹម​ថា នឹង​មាន​កីឡាករ-​កីឡាការិនី​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ជា​មិន​ខាន​ ដោយ​គិត​ត្រឹម​ថ្ងៃទី​១០ ខែ​កុម្ភៈ​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជាង​១.០០០​នាក់​ ហើយ​ដែល​មក​ពី​២១​ប្រទេស​ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៣​ មាន​កីឡាករ​-កីឡាការិនី​ចូល​រួម​ប្រមាណ​ជាង​១.៤០០​នាក់​ ។​

សូម​បញ្ជាក់​ថា ចំពោះ​មហា​ជន,​ កីឡាករ-​កីឡា​ការិនី ដែល​មាន​បំណង​ចូលរួម​រត់​ពាក់​កណ្តាល​ម៉ារ៉ា​តុង​នៅ​ខេត្ត​ព្រះ​សីហនុ​ នៅដើម​ខែ​មីនា​ខាង​មុខ​នេះ​អាច​ចុះ​ឈ្មោះ​តាម​រយៈ​គេហ​ទំព័រ​ www.sihanokville-marathon.org ឬ​ទំនាក់​ទំនង​តាម​រយៈ​អាសយ​ដ្ឋាន​ផ្ទះ​លេខ៧៩C ផ្លូវ​លេខ​១៥៥​ សង្កាត់​ទួល​ទំពូង​ ខណ្ឌ​ចំការ​​មន​ ទូរ​ស័ព្ទ​លេខ​ ០២៣​ ២១៣​ ៥២៥, ០២៣ ២១៦ ២៩៦, ០១៦ ៦២៨ ៧៨៨, ០១៦ ៣៥៥ ០០៥ ខេត្ត​ព្រះ​សីហនុ​ លេខ​ទូរ​ស័ព្ទ​ ០៣៤​ ៩៣៣ ៦៥៦ ​។ តម្លៃ​ចុះ​ឈ្មោះ​ចូលរួម​មាន​ រត់​២១​គីឡូ​ម៉ែត្រ​ សម្រាប់​ជន​បរទេស​៤៥​ដុល្លារ​ ខ្មែរ​១៥​ដុល្លារ​, រត់​១០​គីឡូ​ម៉ែត្រ​កន្លះ​ ជន​បរទេស​៣៥​ដុល្លារ​ ខ្មែរ​១០​ដុល្លារ​, រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ​៣​គីឡូ​ម៉ែត្រ​ ជន​បរទេស​២៥​ដុល្លារ​ ខ្មែរ​៥​ដុល្លារ​ និង​ដើរ​កម្សាន្ត​៣​គីឡូ​ម៉ែត្រ​ ជន​បរទេស​១៥​ដុល្លារ​ ខ្មែរ​៥​ដុល្លារ​ ៕