តាមប្រភពសៀវភៅរបស់លោកបណ្ឌិត ម.ត្រាណេ បានបង្ហាញថា រាជធានីភ្នំពេញបានត្រូវស្ថាបនាឡើងដោយព្រះបាទពញាយ៉ាត ជាស្តេចក្រោយសម័យអង្គរ ដោយស្តេចអង្គនេះបានផ្លាស់ព្រះរាជធានីខ្មែរពីតំបន់សៀមរាបអង្គរមកកាន់តំបន់ភ្នំពេញយើងនេះបុព្វហេតុ បណ្តាលមកពីព្រះអង្គប្រាថ្នាចង់គេចផុតពីការវាយឆ្មក់មិនឈប់ឈរពីសំណាក់កងទ័ពសៀមឈ្លានពាន ។

ក្នុងទិដ្ឋភាពដ៏ជូរចត់នេះបានជាព្រះអង្គយាងចាកចេញពីតំបន់ទន្លេសាបដែលជាប្រភពនៃវឌ្ឍនភាពនាសម័យអង្គរដែលជាជង្រុកត្រី និងស្រូវនាសម័យនោះ ការជម្លៀសខ្លួនបានធ្វើឡើងជាពីរដំណាក់ បន្ទាប់ពីស្រីសន្ធរមកចតុមុខព្រះអង្គបានសាងសង់ព្រះរាជវាំងមួយនៅបានកាន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីពាមផ្កាយម្រេច ក៏ប៉ុន្តែដោយសារតំបន់នេះជាតំបន់ទឹកលិចព្រះអង្គបញ្ជាឲ្យគេផ្លាស់ទីតាំងភ្លាម ដើម្បីទៅតាំងព្រះរាជវាំងមួយថ្មីទៀតនៅឯមុខទន្លេចតុមុខយើងនេះរវាងឆ្នាំ១៤០០ និង១៤៥០ នៃគ្រិស្តសករាជ ។

ចំពោះកាលបរិច្ឆេទខាងលើនេះថ្វីត្បិតព្រះរាជពង្សាវតារខ្មែរបានចេញមតិខុសប្លែកៗពីគ្នាក៏ដោយ ក៏ប៉ុន្តែការរើរុះនូវព្រះបរមរាជវាំងចាស់ ហើយការសាងសង់ឡើងវិញ ជាពិសេសការផ្លាស់ប្តូរទីតាំងពីតំបន់មួយទៅតំបន់មួយទៀតត្រូវប្រើពេលយ៉ាងយូរ ។ ម្យ៉ាងវិញទៀត នាសម័យនោះគេប្រើកម្លាំងមនុស្ស និងសត្វដូចជា គោ ក្របី និងដំរីសម្រាប់ដឹកជញ្ជូន ។ នេះមិនគិតដល់ការជ្រើសរើសទីតាំង ឬក៏ពិធីការផ្សេងៗដែលពាក់ព័ន្ធនឹងភូមិសាស្ត្រផង ។

មានរឿងដំណាលមួយដែលល្បីជាងគេ ហើយមានលក្ខណៈជាប្រវត្តិសាស្ត្រជាងគេ គឺមានដូនម្នាក់ឈ្មោះពេញ គាត់បានសាងសង់ផ្ទះរបស់គាត់នៅជិតមាត់ច្រាំងនៃទន្លេមេគង្គ នៅលើទួលមួយ ។

សូមបញ្ជាក់ថា ការរស់នៅ ឬសាងសង់ផ្ទះសម្បែងវត្តអារាម ឬបូជនីយដ្ឋាននានានៅលើទួល ឬដីគោកជាប្រពៃណីរបស់ខ្មែរយើង ព្រោះស្រុកយើងសម្បូរទៅដោយទឹកនៅរដូវវស្សា ។ ខ្ទមរបស់គាត់ ស្ថិតនៅខាងកើតនៃខ្ទមអ្នកតាមួយ ។ នៅថ្ងៃមួយមានទឹកជំនន់ធំ ធ្វើឲ្យលិចលង់ជុំវិញទួលនោះទាំងអស់ ដូនពេញក៏ចុះពីផ្ទះរបស់គាត់ដែលសង់ខ្ពស់ពីដី ហើយក៏បានឃើញមានដើមគគីធំមួយដែលបានរសាត់តាមខ្សែទឹក ហើយមកប៉ះជាប់នឹងមាត់ច្រាំង ។ ដូនពេញអរណាស់ដោយគិតថា អញនឹងបានឈើប្រើហើយ ក៏ម្នីម្នាដើររកញាតិញោមជិតខាង ដើម្បីអូសឈើនេះ ។
ក្នុងខណៈនោះស្រាប់តែឃើញព្រះបដិមាបុរាណចំនួន៥អង្គ ធ្វើអំពីសំរឹទ្ធិ និងថ្ម ហើយទេវរូបសំរឹទ្ធិខាងលើនេះជារូបព្រះនរាយណ៍ ទ្រង់ឈរ ហើយនៅដៃមានកាន់ឧបករណ៍ និងអាវុធផ្សេងៗដូចជា ដំបង, ខ្យងស័ង្ខ រីឯព្រះកេសវិញមានផ្នួងសក់ ។ ដូនពេញសប្បាយចិត្តជាពន់ពេក ក៏ប្រមែប្រមូលអ្នកស្រុកជិតឆ្ងាយធ្វើបុណ្យនាពេលនោះទៅ គាត់បានសាងសង់រោងមួយនៅមុខខ្ទមរបស់គាត់ ដើម្បីដាក់វត្ថុស័ក្តិសិទ្ធិទាំងអស់នោះ ។ បន្ទាប់មកទៀត គាត់ក៏បានស្នើអ្នកស្រុកភូមិឲ្យជួយពូនដី នៅមុខផ្ទះគាត់ឲ្យខ្ពស់ដូចកូនភ្នំ ដើម្បីទុកជាទីគោរពសក្ការៈបូជា ។

លោកយាយ និងអ្នកស្រុកក៏បានអារដើមគគីនោះ ដើម្បីយកទៅសាងសង់ព្រះវិហារ ។ ក្រោយពីបានសាងសង់ព្រះវិហារប្រក់ស្បូវរួច លោកយាយក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គ ដើម្បីធ្វើពិធីអភិសេកព្រះ និងទេវរូបដោយដាក់តម្កល់ក្នុងព្រះវិហារនោះទៅ ។ ក្រោយពីសូត្រមន្ត រួច ព្រះសង្ឃក៏បានសម្រេចព្រះទ័យរស់នៅទីនោះដោយសាងសង់កុដិនៅខាងលិចវត្តនោះ ។ ដូច្នេះហើយបានជាចាស់ទុំហៅវត្តខាងលើនេះថា វត្តភ្នំដូនពេញ ហើយក្រោយមកទៀតក៏បានក្លាយទៅជាវត្តភ្នំរហូតដល់សព្វថ្ងៃទៅ ។

ព្រះពុទ្ធអង្គទាំង៤ ព្រមទាំងព្រះនរាយណ៍ដែលគេតាំងឈ្មោះថា អ្នកតាព្រះចៅរមែងតែផ្តល់ចំពោះព្រះរាជនគរខ្មែរ នូវសិរីមង្គល និងវិបុលភាពគ្រប់ប្រការ ហើយនៅជិតទីតាំងវត្តភ្នំដូនពេញខាងលើនេះហើយដែលព្រះរាជាខ្មែរពញាយ៉ាត ព្រះអង្គបានស្ថាបនាព្រះរាជធានីរបស់ព្រះអង្គ ។ រួមសេចក្តីមកស្លាកស្នាមវប្បធម៌ខ្មែរគ្រប់យុគសម័យបានត្រូវគេជួបប្រទះនៅលើទីតាំងស្ថិតជិតឆ្ងាយនៃទីក្រុងភ្នំពេញបច្ចុប្បន្នពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សព្វថ្ងៃនេះបញ្ជាក់ឲ្យឃើញថា ទីតាំងរាជធានីភ្នំពេញសព្វថ្ងៃនេះមានលក្ខណៈប្រកបដោយអំណោយផលភូមិសាស្ត្រ ដោយមានទន្លេ៤មុខ ជាសសៃឈាមក្នុងវិស័យសេដ្ឋកិច្ច ហើយក៏ជាមូលហេតុនៃការរីកដុះដាលនៃភូមិភាគនេះ ។

សូមរំលឹកថា ព្រះចេត្យីដែលធំជាងគេនៅលើវត្តភ្នំសព្វថ្ងៃនេះ គឺជាព្រះចេត្យីបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះបាទពញាយ៉ាត ៕ កែសម្រួលដោយ ៖សុឃាក់


ចែករំលែកព័តមាននេះ