រាជធានីភ្នំពេញ ៖ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ ខេត្តបាត់ដំបង បានធ្វើឱ្យ ឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡាចាញ់ការប្រកួតទាំងមិនអស់ចិត្តពេលជួបគ្នាក្នុងឋានៈជាគូកិត្តិយសរបស់ក្រុមហ៊ុន K-Cement នៅលើសង្វៀន CTN កាលពីថ្ងៃអាទិត្យ ទី៩ កុម្ភៈ ខណៈ សុខ ចិន្តា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដែលបានព្យាយាមតាមសងសឹកជាមួយ ធី តុងហីុ មកពីក្លិបសាលវ័ន្តកីឡារៀងរហូតមកនោះ នៅតែធ្វើមិនបានសម្រេចដដែល ។
សរ រាជសីហ៍ ជាកីឡាករមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ណានោះទេ ប៉ុន្តែនៅពេលដែលគេលេចមុខនៅលើសង្វៀន CTN ហើយយកឈ្នះ ឡុង សុវណ្ណពៅ ដែលជាអ្នកប្រដាល់ចាស់វស្សាម្នាក់ដែរនោះ ធ្វើឱ្យគេភ្ញាក់ផ្អើលយា៉ងខ្លាំង ។ សរ រាជសីហ៍ ដែលមិនធ្លាប់ស្គាល់ថ្វីដៃ ឡុង សុវណ្ណពៅ នាពេលកន្លងមកនោះ គេបានដើរចូលទាត់ និងមា៉ត់ទៅលើ ឡុង សុវណ្ណពៅ យា៉ងសន្ធាប់ ចាប់តាំងពីទឹកទី១មកម៉្លេះ ដែលមើលទៅគេហាក់បីដូចជាគ្មានការកោតញញើតបន្តិចណាឡើយ ។ ចំណែកឯ ឡុង សុវណ្ណពៅ នៅពេលដែលគេឃើញ សរ រាជសីហ៍ ដើរចូលទាត់និងវាយមកលើគេទាំងកំរោលបែបនេះ គេហាក់បីដូចជាស្រឡាំងកាំងបន្តិចដែរ ។ ដំបូង ឡុង សុវណ្ណពៅ បានដកថយយា៉ងរហ័ស ដើម្បីគេចចេញពីការវាយលុករបស់គូប្រកួត ប៉ុន្តែគេគ្រាន់តែដកថយរំដោះខ្លួនមួយគ្រាប៉ុណ្ណោះ ។ ចូលដល់ពាក់កណ្តាលទឹកទី១ ទើបគេចាប់ផ្តើមទាត់ និងធាក់សងវិញ តែទោះជាយ៉ាងនេះក្តីក៏គេនៅតែមិនអាចរារាំងការចូលវាយលុករបស់ សរ រាជសីហ៍ បានដែរ ។ ឡុង សុវណ្ណពៅ បានព្យាយាមវាយសំដៅពោះទឹក និងផ្ទៃមុខ សរ រាជសីហ៍ បានម្តងម្កាលដែរ តែមិនចំគោលដៅល្អឡើយ ។
ការព្យាយាមដើរចូលទាត់ និងវាយតាមរបៀបផ្សងព្រេងរបស់ ឡុង សុវណ្ណពៅ មិនបានធ្វើឱ្យ សរ រាជសីហ៍ មានការខ្លាចរអានោះឡើយ ។ ផ្ទុយទៅវិញ សរ រាជសីហ៍ ដែលមានប្រៀបទាំងផ្នែកកម្លាំងស្រាប់នោះ បានដើរចូលវាយ និងទាត់សងវិញកាន់តែខ្លាំងលើសដើមជាមួយនឹងការបុកជង្គង់ និងកែងសំដៅសៀតផ្កា និងពោះទឹកផ្ទួនៗធ្វើឱ្យ ឡុង សុវណ្ណពៅ ដួលទាំងជំហរ និងចាញ់ការប្រកួតទាំងមិនអស់ចិត្តឡើយនៅវិនាទីចុងក្រោយ ។ ចំណែក សុខ ចិន្តា នៅតែមិនអាចសងសឹក ធី តុងហីុ បានសម្រេចដដែល ។ រវាងគូនេះធ្លាប់ជួបគ្នា៣លើករួចមកហើយ តែសុខ ចិន្តា នៅតែមិនអស់ចិត្តចំពោះលទ្ធផលចាញ់របស់គេទើបគេនៅតែព្យាយាមតាមសងសឹកជាបន្តបន្ទាប់ ក្រែងអាចស្រង់ដើមបានខ្លះ ប៉ុន្តែទីបំផុតនៅតែមិនអាចទៅរួចដដែល ។ លើកនេះ សុខ ចិន្តា បានដើរចូលទាត់ និងវាយភ្លាមៗតែម្តងតាំងពីចាប់ផ្តើមទឹកទី១ម៉្លេះ ក្នុងបំណងបំបាក់ស្មារតី ធី តុងហីុ ។ ប៉ុន្តែការដើរចូលទាត់ និងមា៉ត់ទាំងប្រថុយប្រថានរបស់គេមិនទទួលបានផលល្អឡើយ ដោយសារខុសគោលដៅច្រើន ។ ធី តុងហីុ ចាប់តាំងពីទឹកទី២រហូតទៅ គេបានរក្សាជំហរប្រកួតបានយា៉ងល្អបំផុត ទាំងការវាយ និងទាត់ គឺចូលចំគោលដៅបានល្អ ធ្វើឱ្យគេមានប្រៀបជាងគូប្រកួតដាច់តែម្តង ទើបចប់ការប្រកួតគេឈ្នះពិន្ទុម្តងទៀត ។
នៅលើសង្វៀនដដែលកីឡាករ សួង សុវណ្ណថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ យកឈ្នះពិន្ទុ ជ័យ សីុនេត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ កីឡាករ ចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ឈ្នះពិន្ទុកីឡាករ ម៉ន រដ្ឋា មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ។ កីឡាករ ជ័យ អារុណ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្នះពិន្ទុកីឡាករ វី សេរីចាន់ឌីន មកពីក្លិបខ្លារខិនមានឫទ្ធិ ។ កីឡាករ ហាក់ បាន់ធី មកពីក្លិបរា៉ហាប់ស្វាយបា៉ក ផ្តួលកីឡាករ សូយ សែនខ្មៅ មកពីក្លិបពោធិ៍ជ័យកីឡាឱ្យសន្លប់ទឹកទី៤ និងកីឡាករ ម៉ឺន ទី មកពីក្លិបខ្លារខិនមានឫទ្ធិ ផ្តួលកីឡាករ តែម វៃ មកពីក្លិបពន្លឺវិបុលឱ្យសន្លប់ទឹកទី៤ដូចគ្នា ៕
ចែករំលែកព័តមាននេះ