ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែន​ ​សាវ៉ាត​ សន្លប់​​លើក​ទី​​2​ ក្រោម​​ដៃ​ រឿង​​ សោ​ភ័ណ្ឌ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​សង​សឹក​រវាង​កីឡា​ករ​វ៉ែន​ សាវ៉ាត​ មក​ពី​ក្លិប​កង​កេង​ខេត្ត​បាត់​ដំបង​ ជា​មួយ​កីឡាករ​រឿង សោភ័ណ្ឌ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៩ ខែ​កុម្ភៈ​ មិន​ត្រឹម​តែ​មិន​បាន​ចំណេញ​បុ៉ណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ខាត​ដើម​ជាង​មុន​ដោយ​សារ​លទ្ធ​ផល​ចុង​ក្រោយ​បង្ហាញ​ថា​ វ៉ែន​ សាវ៉ាត​ នៅ​តែ​សន្លប់​ដូច​ដើម​ធ្វើ​ឱ្យ​គេ​ធ្លាក់​ក្រេ​ឌីត​ជាង​មុន​​ទៅ​ទៀត ។​

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​សង​សឹក​រវាង​កីឡា​ករ​វ៉ែន​ សាវ៉ាត​ មក​ពី​ក្លិប​កង​កេង​ខេត្ត​បាត់​ដំបង​ ជា​មួយ​កីឡាករ​រឿង សោភ័ណ្ឌ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៩ ខែ​កុម្ភៈ​ មិន​ត្រឹម​តែ​មិន​បាន​ចំណេញ​បុ៉ណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ខាត​ដើម​ជាង​មុន​ដោយ​សារ​លទ្ធ​ផល​ចុង​ក្រោយ​បង្ហាញ​ថា​ វ៉ែន​ សាវ៉ាត​ នៅ​តែ​សន្លប់​ដូច​ដើម​ធ្វើ​ឱ្យ​គេ​ធ្លាក់​ក្រេ​ឌីត​ជាង​មុន​​ទៅ​ទៀត ។​

មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ដែល​ វ៉ែន​ សាវ៉ាត​ ប្រកាស​សង​សឹក​ បុ៉ន្តែ​បែរ​ជា​ត្រូវ រឿង សោភ័ណ្ឌ​ វាយ​ឱ្យ​សន្លប់​ធំក្នុង​ទឹក​ទី​១ ដោយ​សារ​ស្នៀត​កែង​សា​ជា​ថ្មី​ ដោយ​នឹក​ស្មាន​មិន​ដល់។​ មុន​ប៉ះគ្នា​លើ​រេញ កីឡាករ​បង្គោល​ខៀវ​រូប​នេះ​រំពឹង​ថា​នឹង​អាច​ទប់​ជាប់​កណ្តាប់​ដៃ​ និង​កែង​ដ៏​មុត​ស្រួច​របស់​កីឡាករ​បង្គោល​ក្រហម រឿង​ សោភ័ណ្ឌ​ ដោយ​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា​ នឹង​អាច​ឆ្លង​ផុត​ទឹក​ទី​៥ ។​ បើ​ទោះ​ជា​ក្នុង​ពេល​អះ​អាង​ វ៉ែន​ សាវ៉ាត​ បញ្ជាក់​ថា​ សង្ឃឹម​ឈ្នះ​មាន​ត្រឹម​តែ​ជាង​៥០​% ​បុ៉ន្តែ​ក្តី​សង្ឃឹម​ថា​អាច​ទប់​ដល់​ទឹក​ចុង​ក្រោយ​ គឺ​មាន​កម្រិត​ជឿ​ជាក់​ខ្លាំង ។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ បើ វ៉ែន​ សាវ៉ាត​ ទប់​ដល់​ចុង​ទឹក​ទី​៥​ នោះ​មាន​ន័យ​ថា​ ស្នៀត​និង​ការវាយ​លុករបស់គេ​ល្អ​ប្រសើរ​ជាង​មុន​ហើយ ព្រោះ​កម្រិត​នៃ​ការ​ឡើង​កូដ​របស់​គេ​នៅ​មិន​ទាន់​ស្មើ​នឹង រឿង​ សោភ័ណ្ឌ​ ទេ ដូច្នេះ​បើ​ទោះ​ជា​មិន​ទាន់​បាន​ឈ្នះ​លើក​ទី​២​នេះ​ ក៏​អាច​មាន​ន័យ​ថា​ បន្ថយ​ឥទ្ធិ​ពល​របស់​គូ​ប្រកួត​បន្តិច​ផង​ដែរ ។​ បុ៉ន្តែ​មិ​នខុស​ពី​ការ​គ្រោង​ទុក​មែន​  គ្រាន់តែ​ចាប់​ផ្តើម​ភ្លាម ក៏​សន្លប់​នៅ​ពាក់​កណ្តាល​ទឹក​ទី​១​ តែ​ម្តង ខណៈ​ដែល​ការ​ប្រកួត​លើក​ទី​១​ គឺ​រហូត​ដល់​ចុង​ទឹក​ទី​៣​ ឯ​ណោះ​ទើប​ រឿង​ សោភ័ណ្ឌ​ មាន​ឱកាស​វាយ​កែង​ឱ្យ​ វ៉ែន​ សាវ៉ាត​ សន្លប់​ស្តូក​នៅ​លើ​រេញ ។​

លទ្ធផល​ច្រំ​ដែល​តែ​ខាត​ជាង​មុន​នេះ​មាន​ន័យ​ថា​ បង្គោល​​ខៀវ វ៉ែន​ សាវ៉ាត​ មិន​មែន​ដឹង​ខ្យល់​វាយ​ចេញ​របស់ រឿង សោភ័ណ្ឌ​ ដូច​អ្វី​ដែល​គេ​​បាន​ប្រកាស​នោះ​ទេ​ បុ៉ន្តែ​គឺ រឿង សោភ័ណ្ឌ​ ទៅ​វិញ​ទេ​ដែល​ដឹង​ខ្យល់​របស់​គូ​ប្រកួត​ច្បាស់ ទើប​គ្រាន់​តែ​ស្វាគមន៍​គ្នា​ភ្លាម​ វ៉ែន​ សាវ៉ាត​ ទទួល​មួយ​កែង​ឆ្វេង​របស់ រឿង សោភ័ណ្ឌ​ ពេញបន្ទុក​តែ​ម្តង​ ដោយ​ក្រៅ​ពី​សន្លប់​ក៏​ធ្វើ​ឱ្យ​គេ​បែក​ក្បាល​ផ្នែកខាង​ស្តាំ​ហូរ​ឈាម​ដូច​បាក់​ទំនប់​ និង​វង្វេង​វង្វាន់​ដួល​ផ្កាប់​មុខ​ទៀត​ផង​ ។​ ទោះ​យ៉ាង​ណា វ៉ែន​ សាវ៉ាត​ ក៏បាន​វាយ​បោក​ រឿង សោភ័ណ្ឌ​ ឱ្យ​ដួល​ពីរ​បី​លើក​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​ជក់​ចិត្ត​ដិត​អារម្មណ៍​ដូចគ្នា ។​ ផ្អែក​តាម​ស្ថាន​ភាព​ក្រោយ​ពី ត្រូវ​មួយ​កែង​ពេញ​ទំហឹង និង​ដួល​ផ្កាប់​មុខ​ចេញ​ក្បាល​ទៅ​ក្រៅ​ខ្សែ​រេញ​ វ៉ែន​ សាវ៉ាត​ នៅ​មិន​ទាន់​ដួល​ទាំង​ស្រុង​ទេ គឺ​នៅ​អាច​ងើប​បម្រុង​មក​តតាំង​សា​ជា​ថ្មី​ បុ៉ន្តែដោយសារ​សភាព​បែក​ក្បាល​មាន​កម្រិត​ខ្លាំង​ជាង និង​ទំនង​ជា​មាន​សភាព​វិល​មុខ​ភ្លាមៗទើប​ធ្វើឱ្យ​គេ​​ដួល​នៅ​កណ្តាល​រេញ​តែ​ម្តង ។​

បើ​ទោះ​ជា​គូ​នេះ​វាយ​គ្នា​បាន​តែ​មួយ​ភ្លែត​ ក៏​ដឹង​ចាញ់​ឈ្នះ បុ៉ន្តែ​គេ​កត់​សម្គាល់​ថា អ្នក​ទស្សនា​បាន​លើក​មេ​ដៃ​ និង​កោត​សរសើរ​ថា គូ​នេះ​ជក់​ចិត្ត​ល្អមើល​​ខ្លាំង​ជាង​គេ ។​ អ្វីដែល​អ្នក​គាំទ្រ​ផ្តល់​តម្លៃ​នោះ គឺ​ទាំង​អ្នក​សន្លប់ និង​អ្នក​ឈ្នះ​ មុន​នឹង​ចាញ់​ឈ្នះ​ បាន​ប្រើ​អស់​កណ្តាប់​ដៃ​ក្នុង​ការ​វាយ​ចេញ​ដោយ​មិន​ខ្លាច​គ្រោះ​ថ្នាក់​ ដែល​មាន​ន័យ​ថា​ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​អស់​ចិត្ត ។​ អុីចឹង​ហើយ​ទើប​កីឡាករ​វ៉ែន​ សាវ៉ាត​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ក្រោយ​ប៉ះ​គ្នា​ជា​មួយ រឿង សោភ័ណ្ឌ​ តែ​មួយ​ប៉ប្រិច​ភ្នែក​ដោ​យសារ​តែ​គេ​វាយ​ស៊ូ​ ហើយ​ហ៊ាន​ស្ទុះ​វាយ​បក​ រឿង សោភ័ណ្ឌ​ បើ​ទោះ​ជា​ការស្ទុះ​ចេញ​ទាំងពីរ​លើក​គឺ​ត្រូវ​សន្លប់​ក្រោម​រន្ទះ​កែង​របស់​គូ​ប្រកួត​ទាំងពីរ​លើក​ក្តី ។​ នៅ​ក្នុង​ការប្រកួត​នោះ​ដែរ​ កីឡាករ​អាន​ សុផល​ មក​ពី​ក្លិប​​មិត្ត​ប៉ូលិស​ ដែល​ឡើងប្រកួត​សង​សឹក​ជាមួយ​កីឡា​ករ​ថឹក​ សុខឿន​ មក​ពី​ក្លិប​កង​ទ័ព​ឆត្រ​យោង​៩១១​ ក៏​មិន​បាន​សម្រេច​គោល​បំណង​ដូចគ្នា ។​ ថឹក សុខឿន​ បាន​វាយ​កែង​ត្រូវ​មុខ អាន​ សុផល ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួលបែក​ច្រមុះ​ឈាម​ភ្លាមៗ​រហូតឈាន​ដល់​ការ​បញ្ឈប់​លែង​ឱ្យ​ប្រកួត​ត្រឹម​ពាក់​កណ្តាល​ទី ។​ កីឡាករ​ពេជ្រ​ សំរិទ្ធ​ មក​ពី​ក្លិប​អារុណ​រះ​កីឡា​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ស្វាយ រដ្ឋា​ មក​ពី​​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​វាយ​គ្នា​៦​ទឹក​ពេញ​នោះ ។ គូ​នេះ​ប្រកួត​គ្នាបែប​ប្រដាល់​សាកល ខណៈ​ដែល​មួយ​គូ​ទៀត​គឺ​កីឡា​ករ​ជើង​ថ្មី​ ពេជ្រ​ ខ្មៅ មកពី​ក្លិប​អេភូ​ថង​កីឡា ប្រកួត​ចាញ់​កីឡាករ​ឯម​ ម៉ូលី​ មក​ពី​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ ដោយ​ពិន្ទុ ។​

ចំណែក​នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ កីឡាករ​អ៊ុំ ចំរើន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ ដែល​គេ​ដឹង​ថា​ជា​សិស្ស​ថ្នាក់​ទី​១២ កំពុង​ជាប់​​ប្រឡង​ឆមាស​ និង​ជា​ជាង​កាត់​ស្បែក​ជើង​ដែរ​នោះ​ បាន​ដួល​សន្លប់​ក្នុង​ទឹក​ទី​២​ ក្រោម​ដៃ​កីឡាករ​ឯម​ វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​យ៉ាង​អាម៉ាស់ ។​ ការ​បរា​ជ័យ​របស់ អ៊ុំ ចំរើន​ ត្រូវគេ​ដឹង​ថា​ ព្រោះតែ​ហេតុ​ផល​ដែល​គេ​គ្មាន​ពេល​ហ្វឹក​ហាត់​ ហើយ​បន្ត​ទទូច​ឡើង​រេញ​ដើម្បី​កុំ​ឱ្យ​ភ្លេច​ស្នៀត ​និង​បាត់​ឈ្មោះ​លឿន​ពេក​ និង​កីឡាករ​ស្រិល​ ទ្រី មក​ពី​ក្លិប​គជ​សារ​កីឡា​ ចាញ់​កីឡាករ​ឈាន រស្មី​ មក​ពី​ក្លិប​រាជ​សីហ៍​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​រតន​គិរី​ ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​សង​សឹក ៕​