រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់អង្គុយយំសោកបោកខ្លួននៅមុខកន្លែងធ្វើការរបស់ប្រពន្ធ ខណៈពេលដែលគាត់ត្រឡប់មកពីរត់រ៉ឺម៉កម៉ូតូកង់បីវិញឃើញប្រពន្ធកំពុងតែរួមរ័កជាមួយប្រុសផ្សេង ធ្វើអោយគាត់ជាប្តីតូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំបានត្រឹមតែយំស្រែកបោកខ្លួន ហើយយកស្បែកជើងវាយក្បាលខ្លួនឯង និងជេរខ្លួនឯងថាជាអាវែក បង្កការភ្ញាក់ផ្អើលពេញដងផ្លូវកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅខាងត្បូងគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ នៅខាងមុខហាងម៉ាស្សាយីហោ «ម៉ាស្សាកោសជប់ លេខ៥៩» ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បុរសជាប្តីឈ្មោះ អុល ពេជ្រ អាយុ២៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកប្រពន្ធឈ្មោះស្រីលីន អាយុ២៤ឆ្នាំ មុខរបរជានារី ម៉ាស្សាកោសជប់នៅទីតាំងខាងលើ ។ ប្តីប្រពន្ធទាំងពីរនាក់មានកូនប្រុសចំនួន២នាក់ក្នុងបន្ទុកគ្រួសារ ក្នុងនោះកូនប្រុសបងអាយុ៤ឆ្នាំ និងកូនប្អូនអាយុ៤ខែ ។

តាមសម្តីបុរសជាប្តីបានយំរៀបរាប់ប្រាប់ឲ្យដឹងថា គាត់និងប្រពន្ធមិនបានរៀបការពេញច្បាប់ទេ តែមានបងប្អូននិងឪពុកម្ដាយទាំងសង្ខាងដឹងឮ ហើយមានកូនដល់ទៅ២នាក់ ។ ប្រពន្ធរបស់គាត់ធ្លាប់បម្រើការជានារីម៉ាស្សាកោសជប់ ដោយគាត់មិនបានប្រកាន់អ្វីទាំងអស់ ថែមទាំងអាណិតរហូតដល់ស្រលាញ់គ្នា ហើយចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតមានកូនដល់ទៅ២នាក់ជាចំណងដៃទៀតផង ។

បុរសជាប្តីបានយំរៀបរាប់បន្តថា ដោយសារជីវភាពខ្វះខាត ទើបបប្រពន្ធរបស់គាត់សុំមកធ្វើការជានារីម៉ាស្សាកោសជប់វិញដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងស្នាក់នៅកន្លែងធ្វើការ ចំណែកគាត់រត់រ៉ឺម៉កម៉ូតូកង់បីរកចំណូលបន្ថែមដើម្បីជួយផ្គត់ផ្គង់គ្រួសារផងដែរ។

បុរសជាប្តីបានយំរៀបរាប់បន្តថា នៅមុនពេលកើតហេតុ បន្ទាប់ពីត្រឡប់មករត់រ៉ឺម៉កម៉ូតូកង់បីវិញ គាត់បានចូលមកទីតាំងម៉ាស្សាខាងលើដែលជាកន្លែងប្រពន្ធធ្វើការ ដើម្បីយកលុយអោយប្រពន្ធទុក ខណៈមកដល់មិនឃើញប្រពន្ធនៅខាងក្រោម គាត់ក៏ឡើងទៅបន្ទប់ជាន់ទី២ លុះពេលគាត់បើកទ្វារចូលទៅ ស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័ក្សជាមួយភ្ញៀវយ៉ាងត្រេកត្រអាល គាត់ក៏ស្រែកថា «ពុទ្ធោ! ហេតុអីអូនហ៊ានធ្វើបែបនេះប្រពន្ធសម្លាញ់» ។ បន្ទាប់ពីឃើញបែបនេះ គាត់ក៏ចុះមកក្រោមទាំងក្តុកក្តួលក្នុងចិត្ត ថែមទាំងបានយកសោ.មកចាក់ទ្វារពីក្រៅដើម្បីឃាត់បុរសជាភ្ញៀវទុកសួរនាំហេតុផលអោយច្បាស់ពីប្រពន្ធ ។

បុរសជាប្តីបានយំរៀបរាប់បន្តទៀតថា ភ្លាមៗនោះ ស្ត្រីជាប្រពន្ធបានចុះមកតាម និងអោយប្តីចាក់សោដើម្បីបើកទ្វារអោយបុរសជាភ្ញៀវចេញក្រៅ ហើយគាត់ក៏មិនបានរករឿងបុរសជាភ្ញៀវនោះដែរ និងបានបើកទ្វារអោយបុរសនោះចេញទៅបាត់ទៅ។ ពេលបុរសជាភ្ញៀវនោះចេញទៅបាត់ ប្រពន្ធគាត់ក៏បិទទ្វារវិញដាក់គន្លឹះទ្វារចូលទៅសម្ងំខាងក្នុងបន្ទប់បាត់ មិននិយាយស្តីអ្វីជាមួយគាត់ឡើយ ជាហេតុធ្វើអោយគាត់តូចចិត្តនឹងខ្លួនឯង ហើយស្រែកយំសោកបោកខ្លួននៅមុខកន្លែងកើតហេតុតែម្នាក់ឯង ថែមទាំងយកស្បែកជើងវាយក្បាលខ្លួនឯង និងជេរខ្លួនឯងថាជាអាវែក បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះឈប់រថយន្តនិងម៉ូតូ ចោមរោមដោយក្តីងឿងឆ្ងល់ និងអាណិតគាត់ជាពន់ពេក។

ក្រោយកើតហេតុ គេក៏ឃើញមានវត្តមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុផងដែរ តែដោយនិយាយមិនស្តាប់គ្នា ពេលនោះធ្វើឱ្យទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបាននាំគ្នាចេញទៅបាត់អស់ ទុកអោយបុរសជាប្តីនោះអង្គុយយំតែម្នាក់ឯង នៅមុខកន្លែងប្រពន្ធធ្វើការរហូតដល់ភ្លឺ ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ