រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី០៧ កុម្ភៈ ២០១៤ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកិច្ចប្រជុំសម្របសម្រួលមួយអំពីបញ្ហាដឹកជញ្ជូន (logistic Issues) ដែលមានការចូលរួមពីសំណាក់បណ្តាអគ្គនាយក និងសមាជិកសំខាន់ៗ របស់សមាគមដឹកជញ្ជូនទំនិញកម្ពុជា (CAMTA) សមាគមភ្នាក់ងារបញ្ជូនទំនិញ (CAMFFA) សម្ព័ន្ធអ្នកផលិតស្រូវ និងនាំចេញអង្ករកម្ពុជា (ARPEC) សម្ព័ន្ធអ្នកនាំចេញអង្ករកម្ពុជា (FCRE) និងអ្នកតំណាងដ៏ខ្ពង់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តរាជធានីភ្នំពេញ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ភ្នាក់ងារកម្ពុជានាវាចរ (KAMSAB) និងក្រុមហ៊ុនអយស្ម័យយាន្តថូល-រ៉ូយ៉ាល់ (Toll Royal Railway)។
ដើម្បីសម្រេចបាននូវគោលបំណង នៃការនាំចេញអង្ករឲ្យបាន ១លានតោន ត្រឹមឆ្នាំ២០១៥ អ្នកនាំចេញអង្ករទាំងអស់បានស្នើថា សមត្ថភាពដឹកជញ្ជូនតាមមធ្យោបាយ ដូចជា ផ្លូវថ្នល់ ផ្លូវរថភ្លើង សមុទ្រ និងទន្លេ គឺត្រូវតែបង្កើនឡើង និងការចំណាយលើការដឹកជញ្ជូនគួរតែត្រូវបានកាត់បន្ថយ។ បញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ និងលទ្ធភាពសម្រាប់ការធ្វើឲ្យប្រសើរ នៃការអនុវត្តនាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់រកឃើញក្នុងកិច្ចពិភាក្សានេះផងដែរ។
លទ្ធភាពចល័ត នៃរថយន្តធំៗ កុងតឺន័រក្នុងការឆ្លងកាត់ផ្លូវសំខាន់ៗ ឬផ្លូវជាតិធំៗ (Highways) នៅក្នុងទីក្រុងត្រូវតែពិនិត្យឡើងវិញ និងត្រូវពិភាក្សាបន្ថែមទៀតឲ្យបានច្រើន ដើម្បីធ្វើឲ្យមានតុល្យភាពលើផលប៉ះពាល់ ដែលទាក់ទងនឹងចរាចរណ៍លើផ្លូវថ្នល់។ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យសមាគមដឹកជញ្ជូនទំនិញកម្ពុជា (CAMTA) និងសមាគមដែលពាក់ព័ន្ធ និងសេវាកម្មដឹកជញ្ជូនមួយចំនួនទៀត បង្កើតក្រមសីលធម៌វិជ្ជាជីវៈមួយ ដែលតម្រូវឲ្យសមាជិករបស់ខ្លួនអនុវត្តតាម ដើម្បីធានាថា ការកំណត់ពីទម្ងន់ត្រូវបានគោរពអនុវត្តតាម ដើម្បីកាត់បន្ថយការខូចខាតផ្លូវទាំងនេះ៕
ចែករំលែកព័តមាននេះ