រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតប្រដាល់កំពូលអ្នកប្រយុទ្ធគុនខ្មែរវគ្គ២ នៅលើរេញស្ថានីយទូរទស្សន៍ CTN យប់ថ្ងៃអាទិត្យ ទី៩ កុម្ភៈ ស្អែកនេះមានទាំងអស់៥គូ និង៣ប្រភេទទម្ងន់ ហើយអ្នកចាញ់សប្តាហ៍នេះអាចប្រឈមនឹងការជ្រុះចេញពីវគ្គជម្រុះនេះមិនខានឡើយ ។ ប្រភេទទម្ងន់៥៧គីឡូក្រាមដែលមានចំនួន២គូនោះ គឺ ធែល សុភ័ក្រ មកពីក្លិបគជសារកីឡា ជួបជាមួយ សុឹម ប៊ុនស្រ៊ន់ មកពីក្លិបខេត្តកំពង់ចាម និង ឈុំ បញ្ញា មកពីក្លិបខេមរិន្ទមានឫទ្ធិ ជួបជាមួយ រឿង ដេត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ។
រវាង ធែល សុភ័ក្រ និង សុឹម ប៊ុនស្រ៊ន់ គឺប្រកួតបាន៣លើកម្នាក់រួចមកហើយ ក្នុងនោះចាញ់២ ឈ្នះ១ ដូចគ្នា លើកនេះអ្នកចាញ់នឹងប្រឈមការជ្រុះចេញពីវគ្គជម្រុះមិនខាន ចាំមើលគូនេះអ្នកណាមានសំណាងជាង ។ មួយគូទៀត ឈុំ បញ្ញា និង រឿង ដេត គឺមិនដូចគ្នាទេ ។ ឈុំ បញ្ញា ប្រកួតបាន៣លើកចាញ់ទាំង៣លើក ចំណែកឯ រឿង ដេត ប្រកួតបាន៤លើក ឈ្នះ២ ចាញ់២ ដូច្នេះ ឈុំ បញ្ញា ប្រកួតលើកនេះគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចបុ៉ណ្ណោះ ចំណែក រឿង ដេត ទាល់តែឈ្នះលើកនេះទៀតទើបមានផ្លូវអ៊ុតខ្លះ តែបើភ្លាត់ឱ្យចាញ់វិញ ឱកាសជ្រុះចេញពីវគ្គនេះមានដូចគ្នា គ្រាន់តែមួយតិចមួយច្រើនបុ៉ណ្ណោះ ។ ទោះបីយ៉ាងណា គេមានជំនឿលើ រឿង ដេត ច្រើនជាងសម្រាប់ការប្រកួតលើកនេះ ។ ប្រភេទទម្ងន់៦០គីឡូក្រាមដែលមានចំនួន២គូដែរនោះ ព្រីង ដារិន មកពីខេត្តបាត់ដំបង ជួបជាមួយ ឈាន ហំ មកពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និង ថៃ ប៊ុនតត មកពីក្លិបនាគរាជគុនខ្មែរ ជួបជាមួយ អៀង អាន មកពីក្លិបរស្មីកុមារកំព្រា ។ ព្រីង ដារិន និង ឈាន ហំ ប្រកួតបាន៣លើកម្នាក់រួចមកហើយ បុ៉ន្តែលទ្ធផលមិនដូចគ្នាទេ ។ ព្រីង ដារិន ប្រកួត៣លើក ឈ្នះ១ ចាញ់២ ចំណែកឯ ឈាន ហំ វិញចាញ់ទាំង៣លើកតែម្តង។ រវាងគូនេះមានវាសនាមិនសូវល្អដូចគ្នា ទោះបី ព្រីង ដារិន ឈ្នះម្តងមែន តែបើើលើកនេះចាញ់ទៀតគឺកាន់តែយ៉ាប់មែនទែនហើយ ឯ ឈាន ហំ ចាញ់ឬឈ្នះគឺមិនសំខាន់ឡើយ ព្រោះការបរាជ័យទាំង៣លើករបស់គេ គឺល្មមគ្រប់គ្រាន់ហាលខោបានហើយ ។
ថៃ ប៊ុនតត និង អៀង អាន មានលទ្ធផលមិនដូចគ្នាទេ ដោយ ថៃ ប៊ុនតតប្រកួតបាន៤លើក ឈ្នះ២ ចាញ់២ រីឯ អៀង អាន ចាញ់ទាំង៤លើកតែម្តង ដូច្នេះ ថៃ បុ៊នតត នៅមានផ្លូវអ៊ុតខ្លះ ឯ អៀង អាន វិញគឺចប់ហើយ ។ ប្រភេទទម្ងន់៦៥គីឡូក្រាមដែលមានតែ១គូនោះ គឺ ង៉ែត ប៊ុនធឿន មកពីក្លិបខេត្តកំពង់ធំ ជួបជាមួយ មាស មើុ មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងគោក ។ ង៉ែត ប៊ុនធឿន ក៏ពិបាកសង្ឃឹមគេចផុតពីការជ្រុះចេញពីវគ្គនេះដែរដោយសារ៣ប្រកួតកន្លងមកស្គាល់ឈ្នះតែម្តងគត់ ចំណែកឯ មាស មើុ វិញមានយីអ៊ុនខ្ពស់ជាងគេដោយសារ៣ប្រកួតកន្លងមកនេះគេអត់ទាន់ស្គាល់ចាញ់ម្តងណាឡើយ ៕
ចែករំលែកព័តមាននេះ