ខេត្តកែប ៖ ដោយមើលឃើញពីភាពលំបាករបស់កីឡាករ-កីឡាការិនីក្មេងៗនៅខេត្តកែប សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (TFC) បានព្យាយាមស្វះស្វែងរកដៃគូសហការឧបត្ថម្ភជាបន្តបន្ទាប់ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៦ កុម្ភៈ កន្លងមកនេះ សហព័ន្ធបានរៀបចំពិធីប្រគល់កង់ចំនួន២០គ្រឿងជូនដល់កីឡាករកីឡាការិនីក្មេងៗចំនួន២០នាក់ដែលកំពុងធ្វើការហ្វឹកហាត់ក្នុងសមាគមកីឡាវាយកូនបាល់ខេត្តកែប នាពេលបច្ចុប្បន្ននេះ ។
នៅក្នុងភូមិគ្រឹះ Villa Romorea ខេត្តកែប លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងឱ្យដឹងថា កាលដែលសហព័ន្ធសហការជាមួយអ្នកឧបត្ថម្ភទិញកង់ផ្តល់ជូនកុមារា-កុមារីក្នុងខេត្តកែបខាងលើនេះ ព្រោះយើងចង់ជួយសម្រួលដល់កុមារា-កុមារី ដែលរស់នៅឆ្ងាយពីទីលានហ្វឹកហាត់ ។ ដូច្នេះក្រោយពីពួកគេ (កីឡាករ-កីឡាការិនីក្មេងៗ) ទទួលបានកង់ហើយ យើងសង្ឃឹមថាពួកគេទាំងអស់នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ លោកបន្តថា កុមារា-កុមារីក្នុងខេត្តកែបនេះ ពួកគេសុទ្ធតែមានឱកាសត្រូវប្រកួតលើទីលានធំៗ និងទីលានស្តង់ដាអន្តរជាតិផ្សេងៗ ជាពិសេសគឺ ទីលានវាយកូនបាល់ក្នុង Villa Romorea ដែលសហព័ន្ធបានសាងសង់ ដើម្បីផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីក្មេងៗទាំងអស់ បានហ្វឹកហាត់ និងប្រកួតផងដែរ ។
លោកបញ្ជាក់ថា កង់ទាំង២០គ្រឿងដែលផ្តល់ជូនដល់កុមារា-កុមារីខាងលើ គឺបានមកពីអ្នកឧបត្ថម្ភចំនួន១៨នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន និងម្ចាស់សណ្ឋាគារក្នុងខេត្តកែបតែម្តង ។ ទន្ទឹមនឹងការរៀបចំកម្មវិធីប្រគល់កង់ខាងលើនេះ ក៏មានអាជីវករជាច្រើននាក់ទៀត បានទាក់ទងចូលរួមផ្តល់ជំនួយបន្ថែមទៀតដែរ ។ ដូច្នេះនៅក្នុងពេលឆាប់ៗខាងមុខនេះ សហព័ន្ធនឹងរៀបចំកង់ប្រហែល៤០គ្រឿងទៀត ប្រគល់ជូនដល់កីឡាករ-កីឡាការិនីបន្ត ។ សំខាន់ជាងនេះទៅទៀត ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីក្នុងខេត្តកែបទៅនឹងកីឡាករ-កីឡាការិនីតាមបណ្តាខេត្តមួយចំនួនទៀត សហព័ន្ធក៏បានរៀបចំឱ្យមានការប្រកួត២ខែម្តងនៅរាជធានីភ្នំពេញដើម្បីផ្តល់ឱកាសឱ្យពួកគេបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន ។
សូមបញ្ជាក់ថា កង់ទាំង២០គ្រឿង ត្រូវបានផ្តល់ជូនដល់សមាគមកីឡាវាយកូនបាល់ចំនួន២ ក្នុងនោះមានសមាគម Aspeca ចំនួន១០នាក់ និងសមាគម Tennis Academy of Kep ចំនួន១០នាក់ទៀត ។ នេះជាការខិតខំប្រឹងប្រែងជួយជ្រោមជ្រែងរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដែលបានយកចិត្តទុកដាក់ និងជ្រើសរើសថ្នាលបន្តវេនសម្រាប់យកទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ដូចជាព្រឹត្តិការណ៍ SEA Games លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះជាដើម ៕
ចែករំលែកព័តមាននេះ