រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងជាផ្លូវការនៅថ្ងៃទី៤ កុម្ភៈ ថា មានករណីផ្តាសាយបក្សីចំនួន១ករណីថ្មីត្រូវបានអះអាងបញ្ជាក់ថា វិជ្ជមានវីរុសផ្តាយសាយបក្សីH5N1 ។ នេះជាករណីទី១ក្នុងឆ្នាំនេះ និងជាករណីទី៤៨ ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1 ក្នុងប្រទេសកម្ពុជា ។ ករណីនេះមកពីខេត្តកំពង់ធំ និងបច្ចុប្បន្នស្ថិតក្នុងស្ថានភាពហ្នឹងន ។
៣៦ករណី ក្នុងចំណោមករណីផ្តាយសាយបក្សីទាំង៤៨ ដែលកើតឡើង គឺកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង២៧ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង៤៨ជានារី ។ ជាបន្ថែមមានតែ១៥ករណី នៅមានជីវិតចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥មក ។ ករណីទី១ ក្នុងឆ្នាំនេះ កើតលើកុមារាម្នាក់អាយុ៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៤ថាមាន ជំងឺផ្តាសាយបក្សី H5N1 ។ កុមារានេះចាប់ផ្តើមឈើក្បាលនិងមានគ្រុនក្តៅ នៅថ្ងៃទី២៤ មករា ឆ្នាំ២០១៤ ហើយឪពុកម្តាយស្វែងរកការព្យាបាលនៅគ្លីនិកឯកជនមួយនៅថ្ងៃទី២៧ មករា ដោយមានគ្រុនក្តៅខ្លាំងនិងក្អក ។ ដោយសារស្ថានភាពសុខភាពរបស់កុមារាកាន់តែធ្ងន់ធ្ងរ កុមារានេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យវរ័ន្មទី៧ ខេត្តសៀមរាប និងបានដាក់ឱ្យសម្រាកពេទ្យនៅថ្ងៃទី៣០ មករា ឆ្នាំ២០១៤ ។
កុមារបានទទួលការព្យាបាលដោយឱសថ Tamiflu នៅថ្ងៃទី៣១ មករា ។ ការអង្កេតស្រាវជ្រាវដោយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងក្រុមការងារសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រកឃើញថា មានមាន់ងាប់ភ្លាមៗចំនួន២០០ក្បាល នៅពាក់កណ្តាលខែមករា ។ ឪពុកម្តាយនិងសាច់ញាតិកុមារា បានយកមាន់ងាប់ធ្វើម្ហូប ហើយខណៈពេលធ្វើម្ហូបកុមារនៅជិតនោះដែរ ។ ការអង្កេតស្រាវជ្រាវដោយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងក្រុមការងារសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការនិងសហការជាមួយគ្នា យ៉ាងជិតស្និទ្ធ នៅភូមិដើម្បីអង្កេត និងអនុវត្តវិធានការត្រួតពិនិត្យ ។ ការអង្កេតស្រាវជ្រាវដោយក្រុមឆ្លើយតបបន្ទាន់ ព្យាយាមបញ្ជាក់ថា ករណីប៉ះពាល់ជិតសិ្និទ្ធជាមួយអ្នកជំងឺ និងភាពដែលអាចមានទំនាក់ទំនងគ្នា ផ្នែកអេពីដេមីសាស្ត្រក្នុងចំណោមករណី និងចាប់ផ្តើមផ្តល់ឱសថបង្ការដែលចាំបាច់ ។ ក្រុមការងារសុខភាពសត្វបាននិងកំពុងអង្កេតករណីស្លាប់របស់មាន់ទានៅក្នុងភូមិ ។
យុទ្ធនាការអប់រំសុខភាពសាធារណៈទូទាំងប្រទេសតាមរយៈវិទ្យុ និងបានចាក់ផ្សាយចាប់តាំងពីចុងខែមករាមកអំពីសារបង្ការការឆ្លង ជាមួយគ្នានោះដែរ យុទ្ធនាការអប់រំសុខភាព កំពុងត្រូវបានដំណើរការអនុវត្ត នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយប្រើប្រាស់ ព័ត៌មានការអប់រំនិងសម្ភារប្រាស្រ័យទាក់ទង ដើម្បីជម្រាបជូនដល់សមាជិកក្រុមគ្រួសារ នូវរបៀបបង្ការការចម្លងជំងឺផ្តាសាយបក្សី ។ សារអប់រំរបស់រាជរដ្ឋាភិបាលរួមមាន លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ ។
ជំងឺផ្តាយសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស ។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាល នៅមន្ទីរពេទ្យ ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវាផ្លាស់ប្តូរវានឹងអាចរាលដាល ដូចនឹងជំងឺផ្តាសាយតាមរដូវកាលដែរ ។ ដូច្នេះការរកឃើញករណីទាន់ពេលវេលាមានសារសំខាន់បំផុត ៕
ចែករំលែកព័តមាននេះ