រាជធានីភ្នំពេញ ៖ សេរីភាពសារព័ត៌មានគឺជាអំណាចទី៤បន្ទាប់អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ តែបច្ចុប្បន្នអំណាចទី៤ មិនដូចអ្វីដែលគេនិយាយនោះទេ ព្រោះថាមានអ្នកសារព័ត៌មានចំនួន១២នាក់ ត្រូវបានឃាតករសម្លាប់ទាក់ទងនឹងសេចក្តីរាយការណ៍ព័ត៌មាន ដែលទើសចិត្តអ្នកមានអំណាចមួយចំនួននិងមនុស្សមួយចំនួន ។
យោងតាមសេចក្តីថ្លែងការណ៍របស់ជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា មានអ្នកសារព័ត៌មានចំនួន១២នាក់ហើយត្រូវបានឃាតករសម្លាប់ ដែលពួកគេបានរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងអំពើមិនល្អរបស់ជនមួយចំនួន ។ ការចេញរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ បន្ទាប់ពីអ្នកយកព័ត៌មានរបស់កាសែតមិនសូវឮឈ្មោះ «មាគា៌កម្ពុជា» គឺលោកសួន ចាន់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវជនជាច្រើននាក់ព្រួតវាយកាលពីពេលថ្មីៗនេះ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ ។ ការវាយដំយ៉ាងព្រៃផ្សៃនោះត្រូវបានគេដឹងថា ដោយសារតែសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងបទល្មើសនេសាទក្នុងតំបន់ដែលខ្លួនធ្វើការ ។ សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងថា ឃាតកម្មលើអ្នកសារព័ត៌មានដែលរាយការណ៍ពីករណីបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង គឺជាការប្រមាថលើសេរីភាពបញ្ចេញមតិនៅកម្ពុជាបានឱ្យដឹងទៀតថា មរណភាពរបស់លោកសួន ចាន់ គឺជាការប្រមាថមួយផ្សេងទៀត លើសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសលើសេរីភាពអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលអ្នកសារព័ត៌មានជានិច្ចកាលត្រូវបានគេដៅមុខចំពោះការងាររបស់ពួកគេ និងខណៈពេលដែលវប្បធម៌និទណ្ឌភាពចំពោះបទល្មើសនានាហាក់មិនទាន់មានការកែប្រែប្រួល ។
សេចក្តីថ្លែងការណ៍បានលើកយកការវាយសម្លាប់នៅខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរមូលដ្ឋានជឿថា លោកសួន ចាន់ ត្រូវក្រុមអ្នកនេសាទមូលដ្ឋានសម្លាប់ ដោយសារតែការងាររាយការណ៍ពីបទល្មើសនេសាទនៅក្នុងតំបន់ ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោកសួន ចាន់ គឺជាអ្នកសារព័ត៌មានទី១២ ដែលត្រូវឃាតករវាយសម្លាប់ក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកសារព័ត៌មានដំបូងចាប់តាំងពីករណីលោក ហង្ស សេរីឧត្តម ត្រូវឃាតករធ្វើឃាត កាលពីខែកញ្ញា ឆ្នាំ២០១២ នៅខេត្តរតនគិរី ។ ការស្លាប់របស់អ្នកសារព័ត៌មានភាគច្រើនមិនត្រូវបានបិទបញ្ជីទេ ដោយសារតែជនដៃដល់នៅពុំទាន់បានចាប់ខ្លួន ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាល ធានាថា ការស៊ើបអង្កេតដោយពេញលេញ និងឯករាជ្យចំពោះការស្លាប់របស់លោក សួន ចាន់ ត្រូវបានធ្វើឡើង និងធានាថា ជនដៃដល់ត្រូវបាននាំយកមកកាត់ទោស ។ នេះពុំមែនត្រឹមតែធានាយុត្ដិធម៌សម្រាប់ក្រុមគ្រួសាររបស់លោក សួន ចាន់ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើកកម្ពស់នូវវប្បធម៌នៃការគោរព និងការការពារដល់អ្នកសារព័ត៌មាន និងការងាររបស់ពួកគេ ។
កញ្ញា ឆាយ ឈុនលី អ្នកសម្របសម្រួលគម្រោងការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ករណីសម្លាប់អ្នកសារព័ត៌មាននេះ គឺជាការក្រើនរំលឹកថា ស្ថានភាពនៃសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសសេរីភាពខាងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានសភាពធ្ងន់ធ្ងរ ។ អ្នកសារព័ត៌មាន ជានិច្ចកាលត្រូវបានយាយី ត្រូវបាននាំយកទៅកាត់ទោស ក្រោមបទចោទប្រកាន់ហេតុផលនយោបាយ និងត្រូវបានឃាតករសម្លាប់ដ៏គួរឱ្យសោកសង្រេងបំផុត ។ ប៉ុន្ដែចំពោះការស្លាប់របស់លោក សួន ចាន់ មិនត្រឹមតែបង្ហាញពីការមិនគោរពចំពោះសេរីភាពបញ្ចេញមតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញនូវវប្បធម៌និទណ្ឌភាព ដ៏រីករាលដាល ខណៈពេលដែលជនណាម្នាក់អាចសម្រេចចិត្ដប្រព្រឹត្ដអំពើមនុស្សឃាត ដោយដឹងជាមុនថា ខ្លួនប្រហែលជានឹងមិនត្រូវបាននាំយកទៅផ្ដន្ទាទោសទេ ។
កញ្ញាឆាយ ឈុនលី បន្ដថា ការស៊ើបអង្កេតដោយតម្លាភាពចំពោះឃាតកម្មលើរូបលោក សួន ចាន់ គឺពិតជាមានសារសំខាន់ណាស់ ព្រោះបើពុំមានការរកយុត្ដិធម៌សម្រាប់អ្នកដែលត្រូវសម្លាប់ ទេ ស្ថានភាពអ្នកសារព័ត៌មាននឹងកាន់តែបន្ដស្ថិតក្នុងស្ថានភាពមួយប្រឈមនឹងគ្រោះថ្នាក់ដដែល ៕
ចែករំលែកព័តមាននេះ