ខេត្តព្រះវិហារ ៖ ឈើប្រណីតនិងឈើជ្រាយ ឬឈើអារប្រភេទលេខ២ខុសច្បាប់ជាច្រើនរយម៉ែត្រគូប នៅតាមជើងភ្នំដងរែក ក្បែរបន្ទាយកងពលតូចអន្តរាគមន៍លេខ៧ ត្រូវសមត្ថកិច្ចចម្រុះ ដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកអុិត ភូម្រា សហការជាមួយលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នោះ បើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៥ កុម្ភៈ កន្លងទៅ ។
តាមសមត្ថកិច្ចជាក្រុមការងារចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ កុម្ភៈ នោះ ថា ការចុះចាប់បទល្មើសព្រៃឈើនាពេលនេះ គឺបង្ក្រាបបានឈើប្រណីត និងឈើជ្រាយជាច្រើនរយម៉ែត្រគូប ដែលឈ្មួញរកស៊ីនៅតាមជើងភ្នំដងរែក យកមកស្តុកទុកនៅក្បែរបន្ទាយកងពលតូចអន្តរាគមន៍លេខ៧ ដោយមានដាក់ម៉ាសុីនរ៉ៃសម្រាប់អារច្រៀកឈើគ្រប់ប្រភេទ ដើម្បីនាំចេញទៅលក់ ព្រោះជាសកម្មភាពខុសច្បាប់ ។ ជុំវិញការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ស្ត្រីជាឈ្មួញម្នាក់បានអះអាងថា ខ្លួនជាម្ចាស់ឈើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ឈើដែលខ្លួនដឹកជញ្ជូនចេញពីតំបន់នេះកន្លងទៅ គឺបានសុំលិខិតអនុញ្ញាតដឹកជញ្ជូនចេញពីក្រុមហ៊ុនមួយឈ្មោះក្រុមហ៊ុនដួងស្រួច ដែលមានទីតាំងក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ទើបអាចដឹកជញ្ជូនទៅកាន់ខេត្តតាកែវបាន ។ រីឯតម្លៃនៃការសុំលិខិតដឹកជញ្ជូនពីក្រុមហ៊ុនដួងស្រួច ស្ត្រីម្ចាស់ឈើពុំបានប្រាប់ឱ្យដឹងទេ ។
ស្ត្រីម្ចាស់ឈើដដែលបន្តថា ជាប្រចាំខ្លួនបានជួលរថយន្តយីឌុបសម្រាប់ដឹកជញ្ជូនឈើពីឈ្មោះ ឡូញ ដែលមានស្រុកកំណើត នៅខេត្តកំពង់ចាម ដឹកជញ្ជូនក្នុងមួយជើង មានតម្លៃ៩៥០ដុល្លារ ។ ក្នុងការចុះបង្ក្រាបបទល្មើសឈើប្រណីតនិងឈើជ្រាយខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះទិន្នន័យឈើដែលសមត្ថកិច្ចរឹបអូសបាននៅមិនទាន់ដឹងនៅឡើយទេ ដោយសមត្ថកិច្ចកំពុងប្រមូល និងដឹកចេញពីកន្លែងអនុវត្តដីកា ក្នុងនោះសមត្ថកិច្ចបានឃាត់រថយន្តធុនយក្ស១គ្រឿង ដែលដឹកឈើចេញពីចំណុចខាងលើប្រហែល៣០ម៉ែត្រគូបនៅលើរថយន្តផងដែរ ។ គួរបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសព្រៃឈើពេលនេះ គឺក្នុងគោលបំណងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ ។ ម៉្យាងទៀតទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដែលឡើងភ្នំដងរែក កាប់ឈើប្រណីតក្នុងដីថៃ ដឹកជញ្ជូនមកលក់ឱ្យឈ្មួញក្នុងដីខ្មែរ ដែលបណ្តាលឱ្យកងទ័ពថៃបាញ់សម្លាប់តាមចិត្តឥតមេត្តា រហូតអ្នកខ្លះយកសពមិនបានផងរលួយចោលក្នុងព្រៃ នៅលើខ្នងភ្នំដងរែកនេះ ។
មានការកត់សម្គាល់ថា ការកាប់ព្រៃឈើដឹកជញ្ជូនផល-អនុផលព្រៃឈើយ៉ាងអនាធិបតេយ្យតាមជើងភ្នំដងរែក និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរឡើងភ្នំដងរែកកាប់ឈើប្រណីតគ្រប់ប្រភេទក្នុងទឹកដីថៃ ចាប់តាំងពីក្រោយពេលបោះឆ្នោតថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមក រហូតដល់ពេលនេះ គេសង្កេតឃើញសកម្មភាពឈ្មួញជាច្រើននាក់ ហាក់បីដូចជាហ៊ានប្រព្រឹត្តគ្មានញញើតដៃ បានចូលលុកលុយ ក៏ដូចជាបញ្ជូនកម្មករខ្មែរឡើងខ្នងភ្នំដងរែក ក្បែរចំណុចច្រកអានសេះ ខាងកើតប្រាសាទព្រះវិហារ ដើម្បីកាប់ឈើគ្រញូងក្នុងទឹកដីថៃយ៉ាងអនាធិប តេយ្យ ។ ការដឹកជញ្ជូនឈើប្រណីត និងឈើជ្រាយឆ្ពោះទៅកាន់ខេត្តតាកែវ ដោយជ្រកក្រោមស្លាកក្រុមហ៊ុនឈ្មោះដួងស្រួចនោះ តាមប្រភពឱ្យដឹងថា នៅមានបន្តដឹកចេញទៅលក់នៅប្រទេសវៀតណាមផងដែរ ។ នេះជាចម្លើយសារភាពរបស់ស្ត្រីជាម្ចាស់ឈើ ៕
ចែករំលែកព័តមាននេះ