រាជធានីភ្នំពេញ ៖ គំនរពុម្ពជ័រសម្រាប់ផលិតគ្រឿងរថយន្តស្ថិតនៅខាងក្រោយសិប្បកម្មផលិត និងកែច្នៃសម្ភារធ្វើអំពីសំទ្បីកែវ(ជាតិស្មាច់) មួយកន្លែងក្នុងភូមិស្ពានខ្ពស់ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបង្កជាផ្សែងខ្មៅងងឹតខ្មួលខ្មាញ់ហុយទ្រលោមទៅលើអាកាសអស់រយៈពេលប្រមាណជិត១ម៉ោង ទើបមានរថយន្តពន្លត់អគិ្គភ័យទៅជួយបាញ់ទឹកពន្លត់ទប់ស្កាត់ ។
អគ្គិភ័យនេះបានកើតទ្បើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ កុម្ភៈ ធ្វើឱ្យអ្នករស់នៅជិតខាងភ័យស្លន់ស្លោនាំគ្នាជញ្ជូនអីវ៉ាន់ចេញពីក្នុងផ្ទះរៀងៗខ្លួន និងខ្លះបាញ់ទឹកដាក់លើដំបូលផ្ទះរបស់ខ្លួន ក្នុងបំណងជួយរារាំងមិនឱ្យភ្លើងឆេះរាលដាលដល់ ។ ទោះបីជាយ៉ាងណា គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង បានបោះពួយទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបរលត់ជាស្ថាពរ ដោយមិនបណ្តាលឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរនោះទ្បើយ ។ ម្ចាស់សិប្បកម្មដែលកើតមានអគ្គិភ័យនោះឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នៅទ្បើយទេ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ការកើតមានអគ្គិភ័យនេះ ពុំបណ្តាលឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះទ្បើយ ដោយសារតែរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ហើយភ្លើងបានរលត់នៅវេលាម៉ោង១០និង៥០នាទីព្រឹក គឺឆេះអស់រយៈពេលប្រមាណជិត១ម៉ោង និងមានផ្សែងខ្មៅពេញអាកាស ព្រោះសុទ្ធតែជាគ្រឿងជ័រកៅស៊ូ ។ អគ្គិភ័យនេះបណ្តាលឱ្យគ្រឿងជ័ររបស់សិប្បកម្មកែច្នៃខាងលើ ដែលដាក់គរនៅផ្នែកខាងក្រោយត្រូវភ្លើងឆេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ តាមម្ចាស់សិប្បកម្មឈ្មោះ ចាន់ ថា បានឱ្យដឹងថា ការកើតមានអគ្គិភ័យនេះ គាត់សង្ស័យថា មានក្មេងលួចដុត ព្រោះមិនដែល សុខៗត្រូវភ្លើងឆេះនោះទេ ។
គាត់និយាយថា មុនមានភ្លើងឆេះ គាត់និងប្រពន្ធមិនបាននៅទេ គឺជាប់រវល់មើលការខុសត្រូវនៅទីតាំងសិប្បកម្មមួយទៀតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។
ម្ចាស់សិប្បកម្មរូបនេះ បាននិយាយទៀតថា គ្រឿងជ័រ ដែលជាពុម្ពចាក់គ្រឿងរថយន្ត ហើយត្រូវភ្លើងឆេះនោះ រងការខូចខាតគិតជាប្រាក់អស់ប្រមាណ៦ពាន់ដុល្លារ ។ នៅព្រឹកនោះម្ចាស់សិប្បកម្មក៏ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ហៅទៅសាកសួរផងដែរ ៕
ចែករំលែកព័តមាននេះ