រាជធានីភ្នំពេញ ៖ រឿងក្ដីរវាងតារាសម្ដែង និងជាពិធីការិនីនាងឌួង ហ្សូរីដា ជាមួយដើមបណ្ដឹងអ្នកស្រីតាន់ ធារ៉ា ម្ចាស់ហាងខ្មែរឌីហ្សាញដែលបានអូសបន្លាយពេលជិត២ឆ្នាំមកនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៤ ដោយសម្រេចឱ្យពិធីការិនីរូបនេះចាញ់ក្ដី និងពិន័យជាប្រាក់៧លានរៀល ។
ការប្រកាសសាលក្រមកំបាំងមុខដែលធ្វើឡើងដោយលោកសិន វិសាល ជាចៅក្រម និងភាគីដើមបណ្ដឹងដោយគ្មានវត្ដមានរបស់ឌួង ហ្សូរីដា គឺមានតែមេធាវីរបស់នាងនោះ បានសម្រេចពិន័យពិធីការិនីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះជាប្រាក់ចំនួន២លានរៀល និងសងជំងឺចិត្ដទៅដើមបណ្ដឹងចំនួន៥លានរៀល។ ពាក់ព័ន្ធទៅនឹងការប្រកាសសាលក្រមបែបនេះរបស់សាលាដំបូងរាជធានីភ្នំពេញ គឺមិនទាន់មានប្រភពណាមួយអះអាងថា ឌួង ហ្សូរីដា នឹងប្ដឹងបន្ដទៀត ឬយ៉ាងណាឡើយ ខណៈដែលកោះសន្ដិភាពមិនអាចសុំការបកស្រាយណាមួយពីនាងបានឡើយ ដោយសារលេខទូរស័ព្ទដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន ។ មុនពេលប្រកាសសាលក្រមនេះធ្វើឡើងឌួង ហ្សូរីដា បានសរសេរសារមួយបង្ហោះលើគណនេយ្យហ្វេសប៊ុករបស់នាងបញ្ជាក់ថា នាងបានត្រៀមប្រាក់រួចជាស្រេចដើម្បីបង់បញ្ចប់រឿងក្នុងករណីតុលាការសម្រេចឱ្យនាងចាញ់ក្ដី ។
កញ្ញាឌួង ហ្សូរីដា បានសរសេរបញ្ជាក់បន្ថែមថា «វាមិនមែនជារឿងចាប់ចងទេ ចាញ់ឬឈ្នះវាមិនសំខាន់ ឬបារម្ភនោះឡើយ ព្រោះយ៉ាងច្រើនបង់លុយ៥.០០០ដុល្លារតាមគេទាមទារ វាតិចជាងការចំណាយសម្រាប់អ្នកបង្ករឿងនេះ ព្រោះកម្មកំពុងតែតាមហៅបុគ្គលដែលធ្លាប់ធ្វើនោះ បណ្ដើរៗហើយ» ។ ក្នុងសារដដែលនោះបានសរសេរបន្ថែមថា ក្រុមគ្រួសារនាងមិនចេះប្រើពាក្យអាក្រក់ជេរដៀលនរណាឡើយ ហើយនាងមិនផ្ដល់បទសម្ភាសន៍ណាមួយដល់អ្នកកាសែតប្រហែលជិត២ឆ្នាំហើយចំពោះរឿងនេះ ដោយប្រគល់ឱ្យមេធាវីរបស់នាងជាអ្នកដោះស្រាយ ។ តាមរយៈសារមួយនេះទំនងជាឌួង ហ្សូរីដា បានដឹងមុនទៅហើយថា នាងមិនអាចឈ្នះរឿងក្ដីមួយនោះឡើយ ហើយនាងក៏បានត្រៀមខ្លួនជាស្រេចក្នុងការទទួលសាលក្រម និងបានត្រៀមប្រាក់ដើម្បីបញ្ចប់រឿងក្ដីមួយនេះផងដែរ ។ រយៈពេលជិត២ឆ្នាំហើយ ដែលពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាងឌួង ហ្សូរីដា ត្រូវម្ចាស់ហាងខ្មែរឌីហ្សាញដាក់ពាក្យប្ដឹងពីបទបរិហារកេរ្ដិ៍ជាសាធារណៈទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីជាលើកដំបូងកាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ តាមពាក្យបណ្ដឹងដែលបានចោទប្រកាន់ឌួង ហ្សូរីដា ថាបានប្រព្រឹត្ដបទបរិហារកេរ្ដិ៍ជាសាធារណៈនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។ អ្នកស្រីតាន់ ធារ៉ា ម្ចាស់ហាងខ្មែរឌីហ្សាញ និងជាដើមបណ្ដឹងបានទារសំណងជាប្រាក់ចំនួន៥.០០០ដុល្លារអាមេរិក ដោយចោទថា នាងបានបរិហារកេរ្ដិ៍ ។ បណ្ដឹងទាមទារសំណងជាប្រាក់ចំនួន៥.០០០ដុល្លារពីដើមបណ្ដឹងនេះធ្វើឡើងបន្ទាប់ពីពិធីការិនី និងជាប្រធានក្រុម Cambodia Super Model កញ្ញាឌួង ហ្សូរីដា បានសរសេរសារលើហ្វេសប៊ុក ដោយបញ្ជាក់ពីការអាក់អន់ស្រពន់ចិត្ដរបស់ខ្លួន ក្រោយពីមេការក្នុងហាងរបស់នាងទៅធ្វើការនៅហាងផ្សេង ។ មូលហេតុនាំឱ្យនាងផ្ញើសារតាមបណ្ដាញសង្គមហ្វេសប៊ុកបែបនេះ ក៏ព្រោះតែមេជាងរបស់នាងឈ្មោះស្នា ធ្លាប់ធ្វើការក្នុងហាងរបស់នាងបានសុំឈប់សម្រាកមួយរយៈ ដោយយកលេសថាទៅស្រុកកំណើត ។
លុះត្រឡប់មកពីស្រុកវិញ មេជាងរបស់នាងបានសុំឈប់សម្រាកដោយនិយាយថា មានបងប្អូនជួយប្រាក់ដើម្បីបើកហាង នាងក៏យល់ព្រម ។ នៅពេលឈប់ពីការងារហើយ មេជាងរូបនោះតែងតែទៅលេងហាងនាងជាញឹកញាប់ដែរ ហើយក្រោយមកមានកូនជាង៣នាក់ថែមទៀតឈប់ជាបន្ដបន្ទាប់ ។ រឿងនេះហើយធ្វើឱ្យហ្សូរីដា គិតថា មេជាងរូបនោះអូសទាញកូនជាងរបស់ខ្លួនទៅជាមួយទើបធ្វើឱ្យនាងអន់ចិត្ដ ហើយសរសេរដើម្បីបន្ថយកំហឹង ។ ក្រោយមកទើបនាងដឹងថា មេជាងឈ្មោះស្នា បើកហាងជាមួយអ្នកស្រីតាន់ ធារ៉ា ទើបធ្វើឱ្យនាងខឹងរហូតសរសេរពាក្យពេចន៍មួយចំនួននៅលើទំព័រហ្វេសប៊ុកបញ្ជាក់ពីការអាក់អន់ចិត្ដ ។ ប៉ុន្ដែដើមបណ្ដឹងអ្នកស្រីតាន់ ធារ៉ា បានបដិសេធការចោទប្រកាន់របស់ឌួង ហ្សូរីដា ដោយអះអាងថា ខ្លួនមិនបានអូសទាញមេជាងឈ្មោះស្នា ពីហាងរបស់ឌួង ហ្សូរីដា ទេ គឺឈ្មោះស្នា មកបបួលម្ដាយរបស់ខ្លួនចូលហ៊ុនគ្នាបើកហាងកាត់ដេរខ្មែរឌីហ្សាញ ។
បន្ទាប់ពីការសម្រេចរបស់តុលាការនាពេលនេះ មានប្រភពក្រៅផ្លូវការមួយអះអាងថា ឌួង ហ្សូរីដា មិនខ្វល់ពីការចាញ់ក្ដីនេះទេ ហើយការពិន័យប្រាក់ប៉ុណ្ណឹងមិនមែនជាបញ្ហាចោទសម្រាប់រូបនាងឡើយ ៕
ចែករំលែកព័តមាននេះ