រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មក្រសួងមហាផ្ទៃ, នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ និងកម្លាំងរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការចាប់ខ្លួនបុរសជាឃាតករម្នាក់ដែលយកដំបងដែកជ្រុងវាយសន្ធាប់ទៅលើក្បាលបុរសរងគ្រោះម្នាក់ជាបុគ្គលិកក្នុងហាងថតរូបយីហោ «ល្អពេញចិត្ត» ជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយជនសង្ស័យបានចោទប្រកាន់ថា បុរសរងគ្រោះលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រពន្ធរបស់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិការតាមចាប់ខ្លួនបុរសជាឃាតករម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះនៅចំណុចខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ និងបញ្ជូនខ្លួនមកកាន់អធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។
ឃាតករម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកហាងថតរូបយីហោ «ល្អពេញចិត្ត» ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកក្នុងហាងថតរូបជាមួយគ្នា និងស្នាក់នៅជាមួយគ្នា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងថតរូបយីហោ «ល្អពេញចិត្ត» ផ្ទះលេខ ១៤៣ ផ្លូវលេខ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដែលជាផ្ទះរបស់ថៅកែអោយបុគ្គលិកស្នាក់នៅនាពេលកន្លងមកនោះ។ ខណៈដែលបុរសរងគ្រោះកំពុងអង្គុយលេងចុចទូរស័ព្ទសុខៗ ស្រាប់តែបុរសជាជនដៃដល់បានដើរមកពីក្រោយដោយក្នុងដៃមានកាន់ដំបងដែកជ្រុងមួយផងនោះ ក៏បានធ្វើសកម្មភាពវាយសន្ធាប់ទៅលើក្បាលជនរងគ្រោះពីក្រោយ បណ្តាលអោយបែកហូរឈាមកក្លាក់និងដេកដួលសន្លប់បាត់ស្មារតីនៅក្នុងថ្លុកឈាមតែម្តង បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយពេលកើតហេតុភ្លាមៗ បុរសរងគ្រោះក៏ត្រូវបានគេដឹកយកទៅសង្គ្រោះនៅគ្លីនិកវិលាលសុខដែរ ដោយសាររបួសធ្ងន់ធ្ងរពេកខាងគ្លីនិកមិនហ៊ាន ទទួល ក៏បានបញ្ជូនជនរងគ្រោះបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងព្យាយាមបញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យឯប្រទេសវៀតណាម ក្រោយមកជនរងគ្រោះក៏បានស្លាប់ ទើបដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តតាកែវវិញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានគេដឹងថា មូលហេតុកើតឡើងដោយសារតែបុរសជាជនដៃដល់បានចោទប្រកាន់បុរសរងគ្រោះថាលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រពន្ធរបស់ខ្លួន ទើបឈានដល់កើតមានរឿងវាយសម្លាប់គ្នាបែបនេះតែម្តងទៅ ៕ (កែសម្រួលដោយ ៖ ធីតា)
គួររំលឹកថា សង្ស័យស្នេហាត្រីកោណ បុគ្គលិកហាងថតរូបវាយសម្លាប់គ្នា ផ្អើលទួលស្វាយព្រៃ
ចែករំលែកព័តមាននេះ