ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្នេហា​ត្រីកោណ បុគ្គលិក​ហាង​ថតរូប​វាយ​សម្លា.ប់​គ្នា ផ្អើល​ទួល​ស្វាយព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ក្រោយមក​ក៏​បាន​ស្លាប់​ពេល ក្រុម​គ្រួសារ​ព្យាយាម​ដឹក​យក​ទៅ​សង្គ្រោះ​ឯ​ប្រទេស​វៀតណាម បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​បុរស​ជា​ជន​ដៃដល់ និង​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់​បាន​យក​ដែក​បំពង់​ទីប​វាយ​សំពងទៅលើ​ក្បាល​ជនរងគ្រោះ​​ឥត​ប្រណី ហើយ​ទាំង​ជន​រង​គ្រោះ និង​ជន​ដៃដល់​ក៏​ធ្លាប់​មាន​ទំនាស់​រឿង​ស្នេហា​ត្រីកោណ​ផង​ដែរ ដោយ​បុរស​ជា​ជន​ដៃដល់​គិត​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ក្រោយមក​ក៏​បាន​ស្លាប់​ពេល ក្រុម​គ្រួសារ​ព្យាយាម​ដឹក​យក​ទៅ​សង្គ្រោះ​ឯ​ប្រទេស​វៀតណាម បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​បុរស​ជា​ជន​ដៃដល់ និង​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់​បាន​យក​ដែក​បំពង់​ទីប​វាយ​សំពងទៅលើ​ក្បាល​ជនរងគ្រោះ​​ឥត​ប្រណី ហើយ​ទាំង​ជន​រង​គ្រោះ និង​ជន​ដៃដល់​ក៏​ធ្លាប់​មាន​ទំនាស់​រឿង​ស្នេហា​ត្រីកោណ​ផង​ដែរ ដោយ​បុរស​ជា​ជន​ដៃដល់​គិត​ថា «​ជន​រង​គ្រោះ​លប​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​» នោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ថតរូប​យីហោ ល្អ​ពេញចិត្ត ផ្ទះ​លេខ​១៤៣ ផ្លូវ​លេខ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផុ​ន សាលី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញចិត្ត ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ចំណែកឯ​ជន​ដៃដល់​ឈ្មោះ​ថា ឈុ​ន​ឌី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​របស់​ហាង​ថតរូប​ល្អ​ពេញចិត្ត​ដូច​គ្នា និង​ស្នាក់​នៅផ្ទះ​កើតហេតុ​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​ចុច​ទូរស័ព្ទ​លេង​សុខ​ៗ ក៏​ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​ដើរមក​ពីក្រោយ​ដោយ​ក្នុង​ដៃ​មាន​កាន់​ដែក​បំពង់​ទីប​មួយ​ដើម​ផង​ដែរ​នោះ ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​ឥត​ប្រណី បណ្តាល​អោយ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ដួល​ដេក​ទៅ​លើ​ឥដ្ឋការ៉ូ ហើយ​ជន​ដៃដល់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ក្រុម​បុគ្គលិក​របស់​ហាង​ថតរូប​ល្អ​ពេញចិត្ត​ខាងលើ​ក៏​បាន​នាំ​គ្នា​យក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដែរ តែ​ខាង​គ្លីនិក​មិន​ទទួល​នោះ​ទេ ព្រោះ​របួស​របស់​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក​។ បន្ទាប់​មក​ក៏​នាំ​គ្នា​បញ្ជូន​ជន​រង​គ្រោះ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ដោយសារ​ស្នាម​របួស​មាន​សភាព​ធ្ងន់​ពេក​នោះ ទើប​ក្រុម​គ្រួសារ​ក៏​បាន​ព្យាយាម​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណាម​ជា​បន្ត​ទៀត តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​បុរស​រង​គ្រោះ និង​បុរស​ជា ជន​ដៃដល់​ធ្លាប់​មាន​ទី​នា​ស់​ស្នេហា​ត្រីកោណ​ជាមួយ​គ្នា​កាលពី​ពេល​កន្លង​មក ដោយ​បុរស​ជា​ជនសង្ស័យ​គិត​ថា «​បុរស​ជា​ជន​រង​គ្រោះ​លប​លួច​មាន​ស្នេហា​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​» ទើប​ឈាន​ទៅ​ដល់​ការ​វាយ​សម្លាប់​បុរស​ម្នាក់​បែប​នេះ ។

បច្ចុប្បន្ន សព​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ឯ​ខេត្តតាកែវ​ផង​ដែរ​។

តាម​ប្រភព​ពី​សមត្ថ​​កិច្ច​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុគ្គលិក​របស់​ហាង​ថតរូប​យីហោ «​ល្អ​ពេញចិត្ត​» វាយ​សម្លាប់​គ្នា​នេះ​ដែរ គឺ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា មក​ម្ល៉េះ​។ រហូត​ទាល់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ឧសភា ទើប​ម្ចាស់ផ្ទះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នេះ​ដែរ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​បុរស​ជា​ជន​ដៃដល់​បាន​ឡើយ ហើយ​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ