ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៤ បានអញ្ជើញចូលរួមក្នុងវេទិការសាធារណៈ ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅវត្តសិយារាមស្រះរង្ស៊ី ហៅវត្តស្រះរាំង ភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី។
លោកវរសេនីយ៍ត្រី រស់ សំបូរ បានមានមតិឲ្យដឹងថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យធ្វើការផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈ ស្ថីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ទប់ស្កាត់ក្រុមបងតូច បងធំ និងក្មេងទំនើង ការជួញដូរគ្រឿងញៀន អំពើចោរលួចប្លន់ មិនឲ្យកើតក្នុងភូមិ-ឃុំរបស់យើង។
លោកបានបន្តផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកបូមបញ្ជូលស្រូវប្រាំង គឺមានការទាស់ពាក្យសម្ដីគ្នា ដូច្នេះ ក្រោយពេលដែលមន្ត្រីជំនាញបានសុំបើកទ្វារទឹកពីស្រុកបវិល ចូលតាមប្រឡាយ និងបូមទឹកចូលស្រែហើយ មិនត្រូវមានការទាស់ទែងគ្នាទៀតឡើយ គឺត្រូវជួយគ្នាក្នុងគ្រាមានអាសន្នទើបជាប្រជាពលរដ្ឋល្អ។
ជាមួយគ្នានោះ លោក រដ្ឋ ដាស៊ីណង់ អភិបាលរងស្រុកមង្កលបូរី បានមានមតិចូលរួម និងកោតសរសើរចំពោះកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលបានជួយផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈនេះឡើង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសហការគ្នាបានល្អ ជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗ មិនឲ្យកើតមានឡើង៕
ចែករំលែកព័តមាននេះ