ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​​កីឡាប្រដាល់​​កម្ពុជា​ចេញ​​បម្រាម​​ចំពោះ​ការ​​ប្រើ​ស្នៀត​​កែង និង​​ជង្គង់​ហួស​​ពី​​ដែន​​កំណត់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ទៀត​សម្រាប់​កីឡាករ​ទាំង​អស់​នៅ​ពេល​ឡើង​សង្វៀន​ប្រកួត​ មិន​ឱ្យ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ហួស​ពី​ដែន​កំណត់​ឡើយ​ ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​នៅ​ពេល​ប្រកួត​ បុ៉ន្តែ​មិន​មែន​មាន​ន័យ​ថា​​ ហាម​មិន​ឱ្យ​ប្រើ​ស្នៀត​ទាំង​នោះ​ឡើយ ។​

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ទៀត​សម្រាប់​កីឡាករ​ទាំង​អស់​នៅ​ពេល​ឡើង​សង្វៀន​ប្រកួត​ មិន​ឱ្យ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ហួស​ពី​ដែន​កំណត់​ឡើយ​ ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​នៅ​ពេល​ប្រកួត​ បុ៉ន្តែ​មិន​មែន​មាន​ន័យ​ថា​​ ហាម​មិន​ឱ្យ​ប្រើ​ស្នៀត​ទាំង​នោះ​ឡើយ ។​ ការដាក់​បម្រាម​ដល់​កីឡាករ​មិន​ឱ្យ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ហួស​ពី​ដែន​កំណត់​នោះ គឺ​បាន​ន័​យថា​ ការប្រើ​ស្នៀត​កែង​ត្រូវ​បាន​ហាម​ដាច់​ខាត​មិន​ឱ្យ​វាយ​ពុះ​ពី​លើ​ក្បាល​ និងវាយ​ពី​ខាង​ក្រោយ​ ក្រៅ​ពី​កន្លែង​សំខាន់​ទាំង​ពីរ​នេះ​ គឺ​អាច​វាយ​បាន​ទាំង​អស់​ ។​

មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដាក់​បម្រាម​នេះ​ គឺ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អន់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ​ថា​ ការ​វាយ​កែង​សំដៅ​ទៅ​លើ​កន្លែង​ទាំងពីរ​នេះ​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំងណាស់​អាច​ឈាន​ទៅ​ដល់​បាត់​បង់​អាយុ​ជីវិត​ទៀត​ផង​ ដែល​កន្លង​មក​យើង​មិន​សូវដែល​បាន​គិត​គូរដល់​ចំណុច​នេះ​ឡើយ ។​ ចំពោះ​ការ​ប្រើ​ស្នៀត​ជង្គង់​ ក៏​ត្រូវ​បាន​ហាម​ដាច់​ខាត​ដូចគ្នា​ ចំពោះ​ការ​វាយ​ចូល​ចំ​ប្រឡោះ​ភ្លៅ​ បើ​ទោះ​ជា​កន្លែង​មួយ​​នេះ​មាន​ពាក់​ប្រដាប់​ការ​ពារ​មែន តែ​វា​មិ​នប្រាកដ​ថា​អាចចៀស​ផុត​ពី​គ្រោះ​ថ្នាក់​បាន​មួយ​រយ​ភាគរយ​នោះ​ទេ ។​ ការ​ប្រើ​ស្នៀត​ជង្គង់​គឺ​អនុញ្ញាត​ឱ្យវាយ​បាន​ចាប់​ពី​គល់​ចង្កេះ​ឡើងទៅ​លើ​ ហើយ​បើ​ចុះ​មក​ក្រោម​គឺ​ហាម​​មិន​ឱ្យ​វាយ​ឡើយ ។​ ថ្មីៗ​នេះ​លោក​ឧត្តម​សេនីយ៍​ឯក តែម​ ម៉ឺន​ ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ធ្លាប់​បាន​មានប្រសាសន៍​រួច​មក​ហើយ​ថា​ ពេល​ប្រកួត​ហាម​មិន​ឱ្យ​កីឡាករ​ប្រើ​ស្នៀត​ជង្គង់​វាយ​នៅ​ផ្នែក​ខាង​ក្រោម​ចង្កេះ​ឡើយ​ អ្នកដែល​ប្រព្រឹត្ត​ខុសទៅ​នឹង​ច្បាប់​ប្រកួត​នេះ​បើ​ទោះ​ជា​មាន​ចេតនា ឬ មិន​មាន​ចេតនា​ក្តី គឺ​អាច​ទទួល​ទោស​ដូចគ្នា ។​ ការ​កែប្រែ​ច្បាប់​ថ្មី​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​សព្វ​ថ្ងៃ​កំពុងតែ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​មហា​ជន​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ច្បាប់​ប្រកួត​កាន់តែ​មាន​ការ​កែប្រែ​ល្អ​ប្រសើរ​ជាង​មុន ។

គេ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា កន្លង​មក​នេះ​ការ​ប្រកួតនៅ​លើ​សង្វៀន​គឺ​មិន​សូវ​មាន​ការ​អនុវត្ត​ច្បាប់​ទម្លាប់​ឱ្យបាន​ត្រឹម​ត្រូវ​នោះ​ឡើយ​ គឺ​ចេះ​តែ​វាយ​តាម​អំពើ​ចិត្ត​ ធ្វើ​យ៉ាងណា​ឱ្យតែ​បាន​ឈ្នះ គឺ​មិ​នខ្វល់​ឡើយ ។​ ទម្លាប់​មិន​ល្អនេះ​វា​អាច​ជះ​ឥទ្ធិ​ពល​យ៉ាង​អាក្រក់​ចំពោះ​វិស័យ​កីឡា​ប្រដាល់​ ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មិន​មាន​ការរីក​ចម្រើន​លូត​លាស់​ទៅបាន​ឡើយ ។​ បុ៉ន្តែ​ពេល​នេះ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ព្យា​យាម​រិះ​រក​ចំណុច​ល្អៗ​ កែប្រែ​លក្ខ​ន្តិកៈ​នៃ​ការ​ប្រកួត​ឱ្យ​​កាន់តែ​មាន​ភាព​ល្អប្រសើរ​ឡើងជាបណ្តើរៗ​ហើយ​ ដោយ​ព្យា​យាម​ប្រែ​ក្លាយ​វិស័យ​កីឡា​ប្រដាល់​ឱ្យ​ក្លាយ​ជា​កីឡា​ដែល​ប្រកួត​ដើម្បី​មិត្ត​ភាព​ សុខភាពតែ​បុ៉ណ្ណោះ​ ៕​