ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងធីន ​សេង​ហុង ​ទទូច​​ចង់​បាន​​​ជើង​​​​សិប្ប​​និម្មិត​​ស្តង់​ដា

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​កីឡា​ការិនី​​ពិការជើង​​ម្ចាស់​មេដាយ​​ប្រាក់​​រត់​​ចម្ងាយ​​១០០​ម៉ែត្រ ​និង​២០០​ម៉ែត្រ ​ក្នុង​ព្រឹត្តិ​ការណ៍​​​​​​អាស៊ាន​ប៉ារ៉​ា​​ហ្គេម ​ស្ទើរ​តែ​គ្រប់​រដូវ​​កាល​​ ធីន ​សេង​ហុង ​​បាន​បង្ហាញ​​​ការ​​ពុះ​​ពោរ​​ក្នុងការ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​សម្រាប់​ស្វា​គមន៍​​ព្រឹត្តិ​​ការណ៍​​រត់​ប្រណាំង​នៅ​អន្តរ​ជាតិ​​​​នា​ពេល​បន្ត​បន្ទាប់ ។ ​

​រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​កីឡា​ការិនី​​ពិការជើង​​ម្ចាស់​មេដាយ​​ប្រាក់​​រត់​​ចម្ងាយ​​១០០​ម៉ែត្រ ​និង​២០០​ម៉ែត្រ ​ក្នុង​ព្រឹត្តិ​ការណ៍​​​​​​អាស៊ាន​ប៉ារ៉​ា​​ហ្គេម ​ស្ទើរ​តែ​គ្រប់​រដូវ​​កាល​​ ធីន ​សេង​ហុង ​​បាន​បង្ហាញ​​​ការ​​ពុះ​​ពោរ​​ក្នុងការ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​សម្រាប់​ស្វា​គមន៍​​ព្រឹត្តិ​​ការណ៍​​រត់​ប្រណាំង​នៅ​អន្តរ​ជាតិ​​​​នា​ពេល​បន្ត​បន្ទាប់ ។ ​

ជាមួយ​នឹង​​ការ​ប្រឹង​ប្រែង​នាង​ហាក់​​​ទទូ​ច​ចង់​បាន​​ដាច់​ខាត​នូវ​ជើង​សិប្ប​​និម្មិត​​ប្រភេទ​ថ្មី​មួយ ដែល​នាងអះ​អាង​ថា ជាក្តី​សង្ឃឹម​​ និង​អាច​​ជួយ​ឱ្យ​នាង​មិន​​​ពិបាក​​ក្នុង​ការ​ប្រកួត​ប្រជែង ។ ​ធីន ​សេងហុង ​និយាយ​ថា ​តាម​រយៈ​​ការ​ប្រឹង​ប្រែង​កន្លងមក ​នាង​មិន​ហត់​​នោះទេ ​បើ​ទោះ​​ជា​ត្រូវ​រត់​ចម្ងាយ​​ហួស​ពី​៤០០​​ម៉ែត្រ ​ដែល​​​នាង​ធ្លាប់​​ដណ្តើម​បាន​​មេដាយ​​មាស​ក្នុង​​ព្រឹត្តិ​ការណ៍​អា​​ស៊ាន​ប៉ារ៉ា​​​​​ហ្គេម ​កាលពី​ឆ្នាំ​២០១១ ​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី ​។ ក្នុង​នោះ​សូម្បី​​តែ​ល្បឿន​​ដែល​នាង​សម្រេច​បាន​​ក៏​លឿន​​ជាងមុនគួរ​ឱ្យ​​​កត់​សម្គាល់​​ផង​ដែរ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ដណ្តើម​​បាន​មេដាយ​​មាស ​ក្នុង​រយៈ​​ចម្ងាយ​១០០​ម៉ែត្រ ​និង​២០០​ម៉ែត្រ ​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​​ផ្នែក​ជន​ពិការ​​​កន្លងមក ​ដោយសារ​តែ​នាង​មិន​មាន​ជើង​​សិប្ប​និម្មិត​ដែល​មាន​​ស្តង់​ដា​​ដូច​កីឡាការិនី​ប្រទេស​​រីក​ចម្រើន​គេ​ប្រើ ។ ​

កីឡាការិនី​​ដែល​មាន​សភាព​​ពិការ​ជើង​​ស្តាំ​ក្នុង​ប្រភេទ​​T44 រូប​នេះ ​​និយាយ​ថា ​​ជើង​​សិប្ប​​និម្មិត​​ដែល​នាង​ប្រើ​​សម្រាប់​រត់​ប្រណាំង​រាល់​លើក​មិន​មែន​ជា​ជើង​សិប្ប​​និម្មិត​​ដែល​កីឡាករ​​ និងកីឡាការិនី​​ពិការ​ជើង​នៅ​អន្តរ​ជាតិ​​ប្រើ​សម្រាប់​រត់​ប្រណាំង​នោះ​ទេ ​ប៉ុន្តែ​មក​ពី​នាង​មិន​មាន​លទ្ធភាព​ទិញ​ជើង​សិប្ប​និម្មិត​​ដែល​​មាន​ស្តង់​ដា​​បែប​នេះ​ដូចគេ ​ទើប​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​​ជើង​សិប្ប​និម្មិត​ ដែល​គេ​ប្រើ​សម្រាប់​​តែ​ហាត់​រត់​ក្នុង​ពេល​ហ្វឹក​ហ្វឺន ។ ​នេះ​សំណាង​ហើយ ដែ​ល​នាង​ទទួល​បាន​ជើង​សិប្ប​និម្មិត​​ដែល​ប្រើ​រាល់​ថ្ងៃ​ពី​​សប្បុរស​​ជន​ម្នាក់​​រស់​នៅ​ប្រទេស​​អូស្ត្រាលី ​​ក្នុង​ពេល​​ដែល​នាង​ត្រូវ​បាន​អង្គ​ការ​​​មួយ​ធានា​​​​ឱ្យ​ទៅ​​ហ្វឹក​ហាត់​​នៅ​ទី​នោះ ​កុំ​អី​ពិតជា​យ៉ាប់​​​ជាង​នេះ ។ ​​នាង​អះអាង​​ថា ​ស​ម្រាប់​​ល្បឿន​ក្នុង​ការ​រត់​​ប្រណាំង​​នាង​មិន​ជឿ​ថា​អ្វី​ដែល​នាង​បាន​ប្រឹង​ប្រែង​​មាន​ល្បឿន​ចាញ់​គេ​នោះ​ទេ ​​ប៉ុន្តែ​​មក​ពី​គេ​មាន​ជើង​​សិប្ប​និម្មិត​​ស្តង់​ដា ដែល​អាច​ជួយ​​ទប់​លំនឹង​​ និង​បង្កើន​ល្បឿន​​ឱ្យ​រលាស់​​បាន​លឿន ​ទើប​កម្រិត​នៃ​ល្បឿន​​របស់​នាង​​នៅតែ​ស្ទុះ​​មិន​ដល់​គេ ។ ​

ជាក់​ស្តែង​​ត្រឹម​រយៈ​​ចម្ងាយ​​១០០​​និង​២០០​ម៉ែត្រ​ ដែល​​នាង​រត់​​​វិញ ​គឺមិន​មាន​​ភាព​នឿយ​ហត់​ទាល​់តែ​សោះ ​។ ធីន​ សេង​ហុង ​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​​បញ្ជាក់​ថា ​ធៀប​នឹង​កម្រិត​​កើន​​ឡើង​ចំពោះ​ល្បឿន​ក្នុងការ​រត់​ ​កីឡា​ការិនី​​វៀត​ណាម​​ដែលជា​ម្ចាស់​​មេដាយ​​មាសនាំ​មុខ​នាង ​កើន​ល្បឿន​​ប្រហាក់​ប្រហែល​​នាង​ប៉ុណ្ណោះ ​​ប៉ុន្តែ​កត្តា​​ដែល​នាង​ចាញ់​ប្រៀប​​គឺ​ជើង​​សិប្ប​និម្មិត​ដែល​ប្រើ​សម្រាប់​រត់​នោះ​​ខុសគ្នា​តែ​ម្តង ​។ ក្នុងការ​​ដណ្តើម​បាន​មេដាយ​​ប្រាក់​​ចំនួន​២​ពី​ការ​រត់​​​​ប្រណាំង​​ កីឡាការិនី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់​ចាមរូបនេះ ​ប្រើ​​ថិរ​វេលា​​តែ​​១៦,៩០​វិនាទី​ ​សម្រាប់​វិញ្ញាសា​​១០០​ម៉ែត្រ ​និង​​​៣៦,៦៦​វិនាទី ​សម្រាប់​វិញ្ញាសា​​២០០​ម៉ែត្រ ​​ក្នុងការ​ដណ្តើម​យក​​មេដាយ​​ប្រាក់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ។ ​ធីន សេងហុង ​បញ្ជាក់​ថា ​បើ​នាង​ទទួល​បាន​ជើង​​សិប្ប​​និម្មិត​​ដែលមាន​ស្តង​់​ដា​​សម្រាប​់រត់​​នាងមិន​ជឿថា​​ខ្លួន​ឯង​​ដណ្តើម​មិន​បាន​​មេដាយ​​ពី​ការ​​ប្រកួតស៊ី​ហ្គេម​​សម្រាប់​ជន​ពិការ​នោះ​ទេ ​ខណៈ​​ដែល​ក្នុង​ចំណោម​កីឡាការិនី​​នៅ​តំបន់​អាស៊ាន​​ទាំងអស់​គឺមាន​តែ​កីឡា​ការិនី​វៀត​ណាម​​ម្នាក់​​គត់​ប៉ុណ្ណោះ ​ដែល​នាង​ប្រកួត​មិន​ឈ្នះ ​ដោយ​សារ​តែ​ល្បឿន​នៃការរ​ត់​ប្រណាំង​​របស់​គេ​​ក៏​បាន​មក​ពី​​សន្ទុះ​ជួយ​ពី​​ជើង​​សិប្ប​និម្មិត​​ដែល​មាន​ស្តង់​ដា​ដែរ ។

នាងមិន​​រំពឹង​​​ថា​​នឹង​ទទួល​បាន​ជើង​សិប្ប​និម្មិត​​ដូចការ​ចង់​បាន​​នោះទេ ​​ដោយ​សារ​តែ​​ជើង​នោះ​មាន​តម្លៃ​រហូត​ដល់​ជាង​២ម៉ឺន​ដុល្លារ​ ​និង​មាន​តម្លៃ​ខ្ពស​់​ជាង​នេះ ដែល​​ហួស​ពី​ក្តី​ស្រមៃ​របស់​ខ្លួន ។ ក្រុម​​អ្នក​ហ្វឹក​ហាត់​​ជាមួយ​​កីឡាការិនី​​ធីន សេង​ហុង ក៏​បញ្ជាក់​​ដូចគ្នា​ដែរ​ថា ​បើ​នាង​ពិត​ជា​មាន​សម្ភារ​គ្រប់​គ្រាន់​ ពិសេស​គឺ​ជើង​​សិប្ប​និម្មិត​​ពេញ​លក្ខណៈ​មាន​ន័យ​ថា ​​​ឱកាស​ដណ្តើម​​យក​មេដាយ​​មាស​គឺ​​មិន​លំបាក​​នោះឡើយ ​ក្នុង​ពេល​ដែល​នាង​ទទួល​​បាន​មេដាយ​​ប្រាក់​ស្ទើរ​​គ្រប់​​ព្រឹត្តិ​ការណ៍​​ប្រកួត​​​ស៊ី​ហ្គេម​​កន្លង​មក ​ដោយ​ចាញ់​​​តែ​​កីឡាការិនី​​ពិការ​របស់​​វៀត​ណាម​​ម្នាក់​ប៉ុណ្ណោះ ។ ​

ទោះ​បី​យ៉ាងណា​ កីឡាការិនី​​ដែល​​តស៊ូ​​រហូត​​រៀន​ចេះ​​ស្ទាត់​​ភាសា​អង់​គ្លេស​​រូបនេះ ប្រកាន់​​ជំហរ​​មិន​លា​ឈប់​​​ពីការ​រត់​ប្រណាំង​នោះទេ ​បើ​ទោះ​ជា​នាង​មិន​​ទទួល​បាន​ជើង​សិប្ប​និម្មិត​​ស្តង់​​ដា​បន្ទាប់​​ពីចេញ​​មុខ​អំពាវនាវ​​នេះក្តី ។ ​ក្នុង​ពេល​នេះ​នាង​កំពុង​​ប្រឹង​បង្កើន​សន្ទុះ​ហ្វឹក​ហាត់​​សម្រាប់​ស្វាគមន៍​ការ​ប្រកួត​លើ​ឆាក​​អន្តរ​ជាតិ​​លើក​ក្រោយ​ៗ​ទៀត​ផង ៕