រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងនាព្រឹកថ្ងៃទី៣ កុម្ហៈ ថា នៅរាជធានីភ្នំពេញ សម្រាប់រយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ មានបាតុកម្ម ឬការតវ៉ានានា ចំនួន៣៤៤លើក ។ ចំនួននេះកើនទ្បើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២កន្លងទៅ ។
មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងទៀតថា មូលហេតុដែលឆ្នាំ២០១៣ មានការតវ៉ាច្រើននោះ ដោយសារឆ្នាំនេះ ស្ថិតក្នុងព្រឹត្តិការណ៍នយោបាយ គឺការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រ ហើយកំណើនបាតុកម្មរឹតតែច្រើនទៀតនោះ គឺក្រោយថ្ងៃបោះឆ្នោតចាប់ពីថ្ងៃទី២៨ កក្កដា កន្លងទៅរហូតមកដល់ពេលនេះ ។ មន្ត្រីដដែលបញ្ជាក់ថា ក្នុងចំណោមបាតុកម្ម ឬការតវ៉ានានាដែលមានចំនួន៣៤៤លើក ក្នុងនោះមានការតវ៉ារបស់កម្មករតាមរោងចក្រចំនួន១៨១លើក អង្គការសង្គមស៊ីវិលនានា ចំនួន១៨លើក ការតវ៉ារបស់ប្រជាពលរដ្ឋចំនួន៧០លើក និងគណបក្សនយោបាយមានចំនួន៧៥លើក ហើយបើគិតរហូតមកដល់ពេលនេះ បាតុកម្ម ឬការតវ៉ានានា មានប្រមាណ៣៥០លើក ។
ប៉ុន្តែទោះជាយ៉ាងណា បាតុកម្ម ឬការតវ៉ានោះ ហាក់បានរលត់បន្តិចម្តងៗទៅវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ ដែលអាជ្ញាធរអះអាងថា ជាក្រុមអនាធិបតេយ្យ ជាមួយសមត្ថកិច្ចនៅលើកំណាត់ផ្លូវចោមចៅ ដែលសមត្ថកិច្ចមានវិធានការបង្ក្រាបយ៉ាងចាស់ដៃ និងការបង្ក្រាប ឬវិធានការបោសសម្អាតនៅទីលានប្រជាធិបតេយ្យក្នុងរយៈពេលរំលងមួយថ្ងៃក្រោយរហូតមកដល់ពេលនេះ ៕
ចែករំលែកព័តមាននេះ