ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរប្រមាណជិត១០០នាក់ បានរងរបួសធ្ងន់និងស្រាល សន្លប់គរលើគ្នា ដោយសាររថយន្តដឹកកម្មករបែងកង់ក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងលិចខ្លោងទ្វារវត្តខ្ជាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង 3A-0416 ចំណុះ៣តោន ដឹកកម្មករ កម្មការិនី៩៩នាក់ ចេញពីភូមិប្ញស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ទៅធ្វើការនៅរោងចក្រស៊ីកូ ផលិតសម្លៀកបំពាក់ហែលទឹកក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។ ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុ ដោយសាររថយន្តផ្ទុកលើសចំណុះ ជាហេតុបណ្តាលឱ្យផ្ទុះបែកកង់ខាងមុខប៉ែកខាងស្តាំ ក្រឡាប់ផ្ងារជើងទៅចិញ្ចើមថ្នល់ ចាក់កម្មករដែលជិះក្នុងនោះសន្លប់គរលើគ្នាតែម្តង ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ៕
ចែករំលែកព័តមាននេះ