ខេត្តបន្ទាយមានជ័យ ៖ នាងក្រមុំម្នាក់កើតជំងឺសរសៃប្រសាទបានលេបថ្នាំលើសកំណត់ បណ្តាលឲ្យប្រកាច់មិនដឹងខ្លួនបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ក្រោយមកបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៣ កុម្ភៈ ២០១៤ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
តាមការឲ្យដឹងពី លោកអនុសេនីយ៍ទោ ក្រៃ សឹង្ហ នាយប៉ុស្តិ៍រដ្ឋបាលបត់ត្រង់ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កឿង ស៊ីហុង អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា តាមការឲ្យដឹងពីសាច់ញាតិ នាងទើបមកពីធ្វើការនៅប្រទេសថៃ មកព្យាបាលនៅឯផ្ទះ មុនពេលកើតជំងឺសរសៃប្រសាទនាងត្រូវដែកធ្លាក់ត្រូវចំក្បាលកាលដែលនាងនៅធ្វើការសំណង់ឯប្រទេសថៃ ក្រោយពេលនាងជាសះស្បើយ ក៏កើតជំងឺនេះឡើង។
នៅព្រឹកថ្ងៃកើតហេតុ នាងបានទិញថ្នាំសរសៃប្រសាទចំនួន ២កូនដប លេបអស់ ១ដប ពេលនោះ ស្រាប់តែនាងដេកប្រកាច់លែងដឹងខ្លួន ត្រូវបានសាច់ញាតិដឹកទៅព្យាបាលនៅមន្ទីរពេទ្យ លុះវេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺថ្ងៃដដែល នាងបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ តាមការត្រួតពិនិត្យពីគ្រូពេទ្យនិយាយថា នេះគឺបណ្តាលមកពីនាងលេបថ្នាំនោះ លើសកំណត់។ សាកសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាពន់ពេក៕
ចែករំលែកព័តមាននេះ