រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង ១គូ ស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ប៉ុន្តែ ពួកគេបានអះអាងប្រាប់សមត្ថកិច្ចប៉ូលិស និងអាណាព្យាបាលថា ពួកគេមិនទាន់បានប្រព្រឹត្តអ្វីខុសគន្លងប្រពៃណីនៅឡើយទេ គ្រាន់តែស្រលាញ់គ្នាចិត្ត និងចិត្ត និងសិទ្ធស្នាលគ្នាតែខាងក្រៅប៉ុណ្ណោះ។ លុះដល់ថ្ងៃចុងក្រោយ ខាងស្រីបានទៅដេកនៅផ្ទះជួលជាមួយសង្សារ ១យប់ ឪពុកម្ដាយនាងតាមទាន់ ហើយបានចាប់បំបែកចេញពីគ្នា បន្ទាប់មកស្អែកឡើងឪពុកម្ដាយខាងស្រីបានធ្វើការចាប់ខ្លួនខាងប្រុស ដោយចោទថា យុវជនខាងលើចាប់ពង្រត់កូនស្រីរបស់ខ្លួនចេញពីផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ កុម្ភៈ ២០១៤ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គូស្នេហ៍ខាងលើយុវជនឈ្មោះ សុខ ជឹម អាយុ ២០ឆ្នាំ មុខរបរអ្នកថែសួននៅសាលារាជធានីភ្នំពេញ ចំណែកខាងស្រីឈ្មោះ ឯម ស្រីណែត អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង មានមុខរបរកម្មការិនីរោងចក្រកាត់ដេរ។
ស្រ្តីជាម្ដាយនាងក្រមុំម្នាក់នោះ បានឲ្យដឹងថា គាត់បានសង្កេតឃើញកូនស្រីមានចរិកប្លែករយៈពេលប្រហែល ១ខែកន្លះមកហើយ និងបានបាត់នាងចេញពីផ្ទះជួលនៅពេលយប់ចំនួន ៤ដង រួចមកហើយ លុះលើកចុងក្រោយនេះ គាត់បានតាមដាន និងសង្កេតមើល ហើយនៅវេលាយប់ថ្ងៃទី០២ កុម្ភៈ គាត់បានឃើញកូនស្រីចូលទៅដេកនៅផ្ទះរបស់យុវជនឈ្មោះ សុខ ជឹម ទើបគាត់ដឹងថា កូនមានស្នេហា ដូច្នេះហើយទើបនាងចេះតែចេញបាត់ពីផ្ទះជាបន្តបន្ទាប់។
ពេលនោះ គាត់បានបំបែកកូនចេញមិនឲ្យពួកគេនៅជាមួយគ្នា ហើយរហូតដល់រសៀលថ្ងៃទី០៣ កុម្ភៈ ទើបគាត់ចាប់ខ្លួនយុវជននោះ ប្រគល់ឲ្យប៉ូលិសជួយចាត់ការតែម្ដង។ ដោយឡែក តួអង្គប្រុស និងតួអង្គស្រី បាននិយាយដូចគ្នាថា ពួកគេមិនបានធ្វើអ្វីឲ្យខុសឆ្គងប្រពៃណីនោះទេ ទោះបីជាបែបណា ពួកគេមិនអាចបោះបង់គ្នាបានឡើយ ត្រូវតែយកគ្នាជាប្ដីប្រពន្ធឲ្យបានដាច់ខាត។
ទាក់ទិននឹងរៀងរ៉ាវខាងលើ ត្រូវបានប៉ូលិសនិយាយថា ឪពុកម្ដាយខាងស្រីចង់បំបែកកូនចេញពីគ្នា ហើយបានប្ដឹងប៉ូលិសថា កូនស្រីខ្លួនទើបតែអាយុ ១៤ឆ្នាំ និងបានចោទប្រកាន់យុវជននោះ ចាប់ពង្រត់កូនស្រីខ្លួន ហើយដោយសារតែមិនអស់ចិត្ត ប៉ូលិសបានសុំពិនិត្យមើលសៀវភៅគ្រួសារ ទើបដឹងថា កូនស្រីគាត់មានអាយុ ១៨ឆ្នាំ មិនមែនទើបតែអាយុ ១៤ឆ្នាំ នោះទេ។
ហើយនៅពេលម្តាយសួរកូនស្រីថា កូនឯងទៅតាមម៉ែ ឬទៅតាមសង្សារ? ត្រូវនាងឆ្លើយវិញថា ខ្ញុំទៅតាមសង្សាររបស់ខ្ញុំ ដោយមានការអាណិតកូន ឪពុកម្ដាយខាងស្រីបានសុខចិត្តឯកភាពតាមកូន និងបានដកពាក្យបណ្ដឹងវិញភ្លាមៗ ផងដែរ៕
ចែករំលែកព័តមាននេះ