ខេត្តបាត់ដំបង ៖ សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគុម្ពោតព្រៃកណ្តាលវាលស្រែ ដោយមានគ្របចំបើងពីលើ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហូ ហួច អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ។
តាមក្រុមគ្រួសារបានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃខាងលើ ស្ត្រីរងគ្រោះបានដឹកគោទៅចងនៅវាលស្រែ លុះដល់ម៉ោង១១បាត់មិនឃើញត្រឡប់មកផ្ទះវិញ ។ ដោយមានការសង្ស័យ ក្រុមគ្រួសារបាននាំគ្នាដើររកស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់ផ្កាប់មុខ មានគ្របចំបើងពីលើ នៅក្នុងគុម្ពោតព្រៃ និងធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។
អធិការស្រុកបាណន់ លោក ប៊ុត សំបូរ បានឱ្យដឹងថា ករណីខាងលើ សង្ស័យឃាតកម្ម ដោយគំនុំ ។ មកដល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ