ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​បាល់​ទាត់​​ Metfone Cambodian​ League ការពារ​​ជាតិ​ស្មើ​ភ្នំពេញ​​ក្រោន​ ចំណែក​​​បៀល​ប្រាយ​​ស្មើ​​ប៉ូលិស​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់ Metfone Cambodian League កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២ កុម្ភៈ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​មាន​២​ប្រកួត​ស្មើ​នឹង​៤​ក្រុម​នោះ​ក្រុម​ទាំង​អស់​រក​បាន​តែ​១​ពិន្ទុ​ដូច​គ្នា គឺគ្មាន​ក្រុម​ណា​យក​ឈ្នះ​ក្រុម​ណា​ឡើយ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់ Metfone Cambodian League កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២ កុម្ភៈ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​មាន​២​ប្រកួត​ស្មើ​នឹង​៤​ក្រុម​នោះ​ក្រុម​ទាំង​អស់​រក​បាន​តែ​១​ពិន្ទុ​ដូច​គ្នា គឺគ្មាន​ក្រុម​ណា​យក​ឈ្នះ​ក្រុម​ណា​ឡើយ ។​ ក្រុម​ភ្នំពេញ​ក្រោន​លេង​ស្មើ​១-១​ ជា​មួយ​ក្រុម​​ក្រសួង​ការ​ពារ​ជាតិ​ ចំណែក​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ ក៏​លេង​ស្មើ​១-១​ ជា​មួយ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ដែរ ។​

សម្រាប់​គូ​ទី​១​ នៅតង់​ទី១​ ក្រុម​ទាំង​ពីរ​មាន​ការ​លេង​សម្រុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ស្ទើរ​តែគ្មាន​សោះ​ឡើយ ។​ លុះ​ដល់​នាទី​ទី​៤៥ ជិត​ចប់​តង់​ទី​១​ ទៅ​ហើយ​ទើប​កីឡាករ​ធៀរី ចាន់​ថាប៊ីន ពាក់​អាវ​លេខ​៩ របស់​ក្រុម​ភ្នំ​ពេញ​ក្រោន​រកបាន​១​គ្រាប់​ឱ្យ​ក្រុម​របស់​ខ្លួន ។​ នៅ​តង់​ទី២​ ក្រុម​ក្រសួង​ការពារ​ជាតិ​បើក​ការ​លេង​សម្រុក​យ៉ាង​ខ្លាំង ខណៈ​ក្រុម​ភ្នំពេញ​ក្រោន​លេង​ក្នុង​លក្ខណៈ​ការ​ពារ​ច្រើន​ជាង ។​ ការ​លេង​សម្រុក​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​ ពិត​ជា​​ទទួលបាន​ផល​មែន​ ព្រោះ​នៅ​នាទី​ទី​៥២ កីឡា​ករ​អ៊ុព​ កាមុ៉ល​ ពាក់​អាវ​លេខ​១៨ របស់​ក្រុម​នេះ​មាន​ឱកាស​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ភ្នំពេញ​ក្រោន​បាន​១​គ្រាប់​សង​វិញ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​គេ​ស្រែក​ហ៊ោ​អប​អរ​យ៉ាង​កង​រំពង ។​ ទោះ​បី​យ៉ាងណា​ លទ្ធ​ផល​១​ស្មើ​នេះ​បាន​រក្សា​រហូតដល់​ចប់​​ការ​ប្រកួត​៩០​នាទី​តែ​ម្តង​ ដោយ​គ្មាន​ក្រុម​ណា​មាន​ឱកាស​ទាត់​បាល់​បញ្ចូល​ទី​គូ​ប្រកួតរបស់​ខ្លួន​ទៀត​ឡើយ ។​

ក្រុម​ក្រសួង​ការ​ពារ​ជាតិ​លេង​បាន​២​ប្រកួត​ ចាញ់​១ ស្មើ​១​ មាន​១​ពិន្ទុ​ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​លេង​បាន​២​ប្រកួត​ដូចគ្នា​ ឈ្នះ​១​ ស្មើ​១​ មាន​៤​ពិន្ទុ​ ។​ សម្រាប់​គូ​ទី​២​នៅ​តង់​ទី​១​ ទោះ​បី​ក្រុម​ទាំង​២​ (បៀល​ប្រាយ​យូណា​ធីត​ និង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​) លេង​សម្រុក​ដាក់​គ្នា​យ៉ាងណា​ក៏​ដោយ​ ក៏​គ្មាន​ក្រុម​ណា​អាច​បំបែក​លទ្ធ​ផល​ពង​មាន់​បានដែរ​ ដោយសារ​ក្រុម​ទាំង​២​លេង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់ ។​ លុះ​ចូល​ដល់​តង់​ទី​២​ នៅ​នាទី​ទី​៦៤​ កីឡាករ​ចាន់​ ឆាយ៉ា​ ពាក់​អាវ​លេខ​៧​ របស់​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​រក​បាន​១គ្រាប់​ឱ្យ​ក្រុម​របស់​ខ្លួន​ ធ្វើ​ឱ្យ​ស្ថាន​​ការណ៍​ប្រកួត​កាន់​តែ​តឹងតែង​ជាង​មុន ។ បន្ទាប់​ពី​គូ​ប្រកួត​រកបាន​គ្រាប់​បាល់​នាំ​មុខ​ក្រុម​របស់​ខ្លួន​ ធ្វើ​ឱ្យ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​បើក​ការ​លេង​សម្រុក​ខ្លាំងៗ​តែ​ម្តង​រហូត​រកបាន​១​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៧៧​ ដោយ​កីឡាករ​ទិត្យ​ ឌីណា ពាក់​អាវ​លេខ​១១ ។​ លទ្ធ​ផល​១​ស្មើ​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ដោយ​គ្មាន​ក្រុម​ណា​មាន​ឱកាស​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត​ទេ ។​

គិត​ត្រឹម​ថ្ងៃ​នេះ​ ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​លេង​បាន​២​ប្រកួត​ ឈ្នះ​១​ ស្មើ​១​ មាន​៤​ពិន្ទុ​ ចំណែក​ក្រុម​បៀលប្រាយ​យូណាយ​ធីត​លេង​បាន​២​ប្រកួត​ដូចគ្នា ស្មើ​ទាំង​២​ប្រកួត​មាន​២​ពិន្ទុ​ ៕​