ប្រភពពីបរទេសនាពេលថ្មីៗនេះបានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលមានស្ត្រីម្នាក់ឈ្មោះ Xiang Renxian អាយុ៦០ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Chongqing នៃប្រទេសចិន បានកាត់សក់របស់ខ្លួន ដោយចំណាយរយៈពេល១១ឆ្នាំបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដើម្បីយកមកចាក់ជាអាវ និងមួកសម្រាប់ទុកជូនដល់ស្វាមីរបស់គាត់ ។ អ្នកស្រី Xiang ត្រូវបានគេទទួលស្គាល់ថា គឺជាភរិយាម្នាក់ដែលមានទឹកចិត្តស្រឡាញ់ស្វាមីខ្លាំងបំផុត រហូតហ៊ានលះបង់សក់ និងមានភាពអំណត់អត់ធ្មត់ក្នុងការចាក់អាវ និងមួកពីសរសៃសក់។
អ្វីដែលគេចាត់ទុកថា នេះជាព័ត៌មានមួយ អាចទាក់ទាញចំណាប់អារម្មណ៍ និងមានការកោតសរសើរបំផុត ដោយសារតែហេតុផល២យ៉ាង គឺទី១ គាត់អាចយកសក់របស់គាត់ទៅចាក់ធ្វើជាអាវ-មួកបាន ទី២ ការចាក់នោះត្រូវចំណាយពេល១១ឆ្នាំ ទម្រាំតែបានអាវ និងមួកមួយតែប៉ុណ្ណោះ ។
អ្នកស្រី Xiang បាននិយាយរៀបរាប់ឱ្យដឹងថា «គាត់បានចាប់ផ្តើមកាត់សក់ខ្លួនឯង ដើម្បីចាក់អាវ និងមួកតាំងពីឆ្នាំ២០០៣ មកម៉្លេះ ហើយបើរាប់មកដល់ពេលនេះ គឺ១១ឆ្នាំគត់ ។ ការដែលចំណាយពេលយូរយ៉ាងនេះ មិនមែនមកពី គាត់ចាក់យឺតនោះទេ ក៏ប៉ុន្តែដោយសារតែការរង់ចាំសក់របស់គាត់ដុះវែងបន្តិច ទើបអាចកាត់សក់យកមកចាក់បំពេញបន្ថែមទៀត ។ ម្យ៉ាងគាត់ត្រូវរក្សាទុកអាវ-មួកដែលច្នៃពីសរសៃសក់ដែលចាក់មិន ទាន់រួចរាល់នោះឱ្យបានល្អបំផុត ពោលគឺនៅពេលដែលគាត់មានសក់បន្ថែម គាត់នឹងចាក់បន្តទៀត» ។
អ្នកស្រី Xiang បាននិយាយបន្ថែមទៀតថា «គាត់ជាមនុស្សម្នាក់ស្រឡាញ់សក់ កាលនៅពីមុនគាត់មានសក់វែងណាស់ ។ លុះគាត់រៀបការរស់នៅជាមួយស្វាមីយូរទៅ នឹកឃើញថា ខ្លួនគាត់មិនដែលមានវត្ថុមានតម្លៃអ្វីសម្រាប់ជូនឱ្យស្វាមីឡើយ ។ ហេតុនេះហើយ ទើបគាត់សុខចិត្តកាត់សក់គាត់ ដើម្បីចាក់អាវជូនដល់ស្វាមី តែពេលចាក់នោះសក់គាត់ខ្វះខាតមិនអាចចាក់អាវនោះបានសម្រេច ។ ក្រោយមកគាត់ចេះតែរង់ចាំពីមួយឆ្នាំទៅមួយឆ្នាំ រហូតចាក់អាវមួយបានជោគជ័យ ហើយដោយសារតែនៅសល់ គាត់ស្តាយពេក ទើបចាក់មួកមួយទៀត» ។
អ្នកស្រី Xiang និយាយទាំងទឹកមុខរីករាយថា ទោះបីជាត្រូវលះបង់សក់ និងចំណាយពេលយ៉ាងយូរក្តី ក៏គាត់នៅតែមានអារម្មណ៍សប្បាយចិត្តណាស់ ដោយសារតែគាត់មានកាដូមួយសម្រាប់ជូនស្វាមីក្នុងឱកាសបុណ្យចូល ឆ្នាំនេះ ។ ជាពិសេស បានធ្វើឱ្យស្វាមីគាត់មានអារម្មណ៍រំភើប និងមានភាពភ្ញាក់ផ្អើលខ្លាំងបំផុត នេះជាអនុស្សាវរីយ៍ដ៏មានន័យមិនអាចបំភ្លេចបាននៅក្នុងដំណាក់កាលចុង ក្រោយដែលពួកគាត់បានឈានចូលដល់វ័យជរា ៕
ចែករំលែកព័តមាននេះ