ខេត្តកែប ៖ ជនជាតិរុស្ស៊ីម្នាក់ ដែលបាត់ខ្លួនកាលពីថ្ងៃទី៣១ មករា បន្ទាប់ពីជួលទូកកៃយាក់ចែវលេងពីកោះមួយទៅកោះមួយតែម្នាក់ឯង សពបានផុសអណ្តែតហើយ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០២ កុម្ភៈ នៅក្បែរច្រាំងកោះស្វាយ ចម្ងាយជិត១គីឡូម៉ែត្រពីកោះទន្សាយ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិរុស្ស៊ីរូបនេះ ឈ្មោះ អីវូណូវ អ៊ីហ្គើ អាយុ៦៨ឆ្នាំ ជាភ្ញៀវទេសចរ ចូលមកស្នាក់នៅខេត្តកែប តាំងពីថ្ងៃទី១៦ មករា ហើយបានជួលទូកកៃយាក់ ឆ្លងទៅលេងកោះតូចៗនៅក្បែរកោះទន្សាយ៨លើក ទាំងលើកចុងក្រោយនេះ ។ ប្រភពបន្តថា នៅថ្ងៃទី៣១ មករា ជាថ្ងៃដែលជនបរទេសរូបនោះ ត្រូវចូលកោះទន្សាយកន្លែងសម្រាកវិញ ស្រាប់តែមិនឃើញមនុស្ស ឃើញតែទូកដែលគាត់ចែវនោះ អណ្តែតមកទើរក្បែរច្រាំង ទើបសមត្ថកិច្ចសន្និដ្ឋានថា មនុស្សអាចជួបគ្រោះថ្នាក់ក្នុងសមុទ្រ ហើយសមត្ថកិច្ចនៅតំបន់កោះទន្សាយ រួមជាមួយកម្លាំងស្នងការដ្ឋានខេត្ត បាននាំគ្នាស្វែងរកតាំងពីថ្ងៃដែលសង្ស័យថាបាត់មនុស្សតែរកមិនឃើញ ។ លុះមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី០២ កុម្ភៈ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនបរទេសខាងលើ អណ្តែតមកទើរក្បែរច្រាំងកោះស្វាយ និងរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យសព ។
ក្រោយពីធ្វើកោសល្យវិច័យ និងពិនិត្យជាក់ស្តែង សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់វាយក្រឡាប់ទូកធ្លាក់ទឹកខ្លួនឯង មិនមែនជាករណីបទល្មើសព្រហ្មទណ្ឌនោះទេ ព្រោះនៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីជាការកត់សម្គាល់ ហើយសម្ភារប្រើប្រាស់នៅជាប់នឹងខ្លួនក៏មិនមានបាត់បង់ដែរ ។
ចែករំលែកព័តមាននេះ