ខេត្តស្វាយរៀង ៖ លោកយាយម្នាក់អាយុ ៧៦ឆ្នាំ ត្រូវភ្លើងចំបើងឆេះរហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្ដាលវាលស្រែ ដែលបណ្ដាលមកពីជន
មិនស្គាល់មុខលួចដុត ហើយលោកយាយឃើញភ្លើងឆេះចំបើងក៏ចូលទៅពន្លត់ តែជាអកុសលត្រូវភ្លើងឆេះព័ទ្ធជុំវិញមិនអាចចេញរួចក៏ត្រូវស្លាប់ក្នុងអណ្ដាតភ្លើងតែម្ដង ។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ មករា នៅក្នុងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ។
បើតាមមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំញរ ឱ្យដឹងថា មុនពេលកើតហេតុ លោកយាយ អ៊ុក ស៊ន់ និងចៅស្រីឈ្មោះ គង់ រក្សា អាយុ ៥ឆ្នាំ ទៅឃ្វាលក្របីនៅវាលស្រែចម្ងាយពីភូមិប្រមាណ៤០០ម៉ែត្រ លុះពេលទៅដល់វាលស្រែឃើញភ្លើងឆេះពំនូកចំបើងសន្ធោសន្ធៅក៏រត់ចូលទៅពន្លត់ ព្រោះខ្លាចឆេះរាលដាលដល់ចំបើងស្រែគេជិតខាង ដោយសារពំនូកចំបើងនៅរាយក្នុងស្រែមិនទាន់បានប្រមូលទៅផ្ទះ ។ ពេលលោកយាយព្យាយាមចូលទៅពន្លត់នោះ ស្រាប់តែភ្លើងឆេះជុំវិញតែម្ដង បណ្ដាលឱ្យឆេះលោកយាយ និងស្រែកឱ្យគេជួយតែគ្មានអ្នកណានៅក្បែរ ។ ចំណែកចៅស្រីពេលឃើញភ្លើងឆេះយាយមិនរត់ចូលតាមទេ ហើយបានរត់ទៅផ្ទះប្រាប់បងស្រីឈ្មោះ គង់ គន្ធា អាយុ ២១ឆ្នាំ ថាយាយត្រូវភ្លើងឆេះក៏ស្រែកឆោឡោផ្អើលអ្នកភូមិរត់ទៅជួយ តែពេលទៅដល់អ្វីៗហួសពេល គឺលោកយាយ អ៊ុក ស៊ន់ ត្រូវភ្លើងឆេះរួញខ្មៅស្លាប់ក្នុងភ្លើងចំបើងទៅហើយ ។
អ្នកភូមិបានត្រឹមតែសែងសពលោកយាយមកផ្ទះធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ។ មន្ដ្រីសមត្ថកិច្ចឱ្យដឹងថា ក្រោយពេលច្រូតកាត់រួចចំបើងនៅទុកក្នុងស្រែនៅឡើយ ហើយសង្ស័យមានមនុស្សលួចដុតទើបបណ្ដាលឱ្យឆេះដូច្នេះ ។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះហើយ ៕
ចែករំលែកព័តមាននេះ