ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ដែលទើបមានអាយុ១៦ឆ្នាំ បានក្លាយជាជនចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ ហើយត្រូវនគរបាលស្រុកសណ្តាន់ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី១ កុម្ភៈ កន្លងមកនេះ ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តទទួលបន្ទុកព្រហ្មទណ្ឌ ឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីបានប្តឹងក្មេងប្រុសឈ្មោះ គង់ សុខឃាង អាយុ១៦ឆ្នាំ រស់នៅក្នុងឃុំឈើទាល ស្រុកសណ្តាន់ ថា បានប្រើល្បិចលួងលោមកូនស្រីគាត់អាយុ៥ឆ្នាំ យកទៅរំលោភសេពសន្ថវៈកាលពីរសៀល ថ្ងៃទី៣១ មករា នៅចំណុចព្រៃរនាម ជិតលូអូរស្វាយ ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។ លោកស្នងការរង បន្តទៀតថា ផ្អែកតាមបណ្តឹងនេះ និងយោងតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត លោកក៏បានឱ្យកម្លាំងនគរបាលស្រុកសណ្តាន់ សហការជាមួយនគរបាលប៉ុស្តិ៍ឈើទាល ស៊ើបអង្កេត និងចាប់ខ្លួនក្មេងប្រុសដែលជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភឈ្មោះ គង់ សុខឃាង អាយុ១៦ឆ្នាំ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត នាល្ងាចថ្ងៃទី១ កុម្ភៈ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសរូបនេះបានសារភាពថា រូបគេពិតជាប្រព្រឹត្តដូចការចោទប្រកាន់មែន ប៉ុន្តែមិនបានសុីជម្រៅទេ ។ បើយោងតាមសាក្សីបញ្ជាក់ថា ក្រោយពេលកើតហេតុ នៅលើប្រដាប់ភេទក្មេងស្រីពិតជាមានឈាម និងមានស្នាមជាំទៀតផង ។ បន្ទាប់ពីឃាត់ខ្លួនក្មេងប្រុសខាងលើ អង្គការកម្ពុជាជួយស្ត្រីមានវិបត្តិ ក៏បានយកក្មេងស្រីទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែលទ្ធផលយ៉ាងណានោះ ពុំបានដឹងទេ ៕
ចែករំលែកព័តមាននេះ