ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវស្លាប់ភ្លាមៗ និង១០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បុកគ្នារវាងរថយន្ត និងរថយន្ត ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២ កុម្ភៈ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៤៧ និងលេខ១៤៨ ស្ថិតក្នុងភូមិគិរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចចម្រុះពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់នេះគឺកើតឡើងរវាងរថយន្តកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6788 បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាសាយអន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2L-4591 ខ្ទាតធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យមនុស្សជិះក្នុងរថយន្តតូយ៉ូតាចំនួន៧នាក់ ក្នុងនោះបានកៀបស្លាប់៣នាក់ (ស្រី២ ប្រុស១) និង៤នាក់ទៀត រងរបួសធ្ងន់ (ស្រី២ ប្រុស២) ។ ចំណែករថយន្តម៉ាកហាយប្រ៊ីដ មានមនុស្សជិះគ្នា៦នាក់ ប្រុស៤ ស្រី២ របួសធ្ងន់៣នាក់ ។
ប្រភពដដែលបន្តថា ឧបទ្ទវហេតុរថយន្តបុកគ្នានេះ គេពុំទាន់ដឹងថា រថយន្តម៉ាកហាយប្រ៊ីដ នោះមានបញ្ហាអ្វីទេ ទើបបានជាជ្រុលទៅបុករថយន្តតូយ៉ូតាពេញទំហឹងដូច្នេះ ។ ទោះជាយ៉ាងណា ក្នុងជំហានដំបូង សមត្ថកិច្ចចម្រុះពុំទាន់អាចកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ គ្រាន់តែបានពិនិត្យស្នាមកង់រថយន្តឃើញថា រថយន្តហាយប្រ៊ីដជ្រុលចូលមកក្នុងចំណែកផ្លូវអាទិភាពរបស់រថយន្តតូយ៉ូតាប៉ុណ្ណោះ ។ រថយន្តទាំងពីរគ្រឿងខ្ទេចមុខរៀងខ្លួន សមត្ថកិច្ចស្ទូចយកទៅរក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ដោយទុកនៅសាលាស្រុកកំពង់សិលា ។ តាមសេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ថា មនុស្សចំនួន១០នាក់ ដែលរងរបួសក្នុងឧបទ្ទវហេតុរថយន្តបុកគ្នានោះ បានស្លាប់ម្នាក់បន្ថែមទៀត ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។ ដូច្នេះសរុបអ្នកស្លាប់ក្នុងករណីគ្រោះថ្នាក់រថយន្តបុកគ្នានេះមានចំនួន៤នាក់ហើយ ។ អ្នកស្លាប់ចុងក្រោយនេះមិនទាន់បានស្គាល់ឈ្មោះទេ ហើយក៏មិនទាន់ដឹងប្រាកដថា ជិះរថយន្តមួយណាដែរ ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា អ្នកបើករថយន្តតូយ៉ូតាសាយអន ឈ្មោះ សុខ ខេង ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយត្រូវជាម្តាយរបស់អ្នកដែលជិះក្នុងរថយន្តនេះ ។
ចំណែកអ្នកបើកបររថយន្តកាមរីហាយប្រ៊ីដ ឈ្មោះ ជន សក្កដា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងខេត្តកណ្តាល រងរបួសធ្ងន់ ។ រីឯអ្នកស្លាប់២នាក់ទៀត មិនទាន់ស្គាល់ឈ្មោះទេ ។ តាមការកត់សម្គាល់ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣០ មករា ថ្វីបើទីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ បុ៉ន្តែចរាចរណ៍បែរជាបានកើនឡើងខ្លាំងនៅតាមដងផ្លូវជាតិនានាឆ្ពោះទៅកាន់បណ្តាខេត្ត ។ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុក គ្រាន់តែរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី៣០ និង៣១ មករា មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ចំនួន១៦នាក់ និងរបួសជាង១០០នាក់នៅលើដងផ្លូវ ។ នេះបើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ។ តាមរបាយការណ៍បឋម គឺគ្រាន់តែថ្ងៃទី៣១ មករា ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សដល់ទៅ១៥នាក់ និងរបួស៩២នាក់នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍បឋមរបស់អគ្គស្នងការនគរបាលជាតិ ដែលបានចុះផ្សាយតាមគេហទំព័ររបស់ខ្លួន ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ទីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ខ្លាំង ខណៈដែលមនុស្សម្នាចាកចេញទៅកម្សាន្តនៅតាមបណ្តាខេត្តកាន់តែច្រើន ។ ទីក្រុងស្ងាត់ចរាចរណ៍តាមផ្លូវជាតិកើនឡើង គឺជាកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើន ។ ស្ថានភាពបែបនេះតែងកើតឡើងដដែលៗនៅរាល់ពេលមានពិធីបុណ្យធំៗ ។
នៅកម្ពុជាមានមនុស្សស្លាប់ជាមធ្យមប្រមាណជា៥នាក់ និងរបួស១៥នាក់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ តួលេខអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ។ សោកនាដកម្មនៅលើដងផ្លូវបានសម្លាប់មនុស្សច្រើនបំផុតនៅក្នុងសម័យដែលប្រទេសជាតិកំពុងអភិវឌ្ឍន៍ ពិសេសផ្លូវជាតិនានាត្រូវបានសាងសង់យ៉ាងល្អនោះ ។ ជាទូទៅ មានការកត់សម្គាល់ថា អាកប្បកិរិយាមិនគោរពច្បាប់ចរាចរណ៍ បើកបរដោយជាតិស្រវឹង និងការប្រើល្បឿនហួសប្រមាណ រួមទាំងកត្តាយានយន្តដែលមិនបានត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ សុទ្ធសឹងជាមូលហេតុចម្បងៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាជាង៣០០លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងជិត៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។
នេះបើយោងតាមរបាយការណ៍សិក្សារបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០១២ ។ ចំនួនអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវគេរំពឹងថា នឹងកើនឡើងទៀតក្នុងអំឡុងពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិននេះ ៕
ចែករំលែកព័តមាននេះ