ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ជន​ហិតកាវ​​​​​​ព្រួត​​គ្នា​​​វាយ​សម្លា.ប់​​​​យុវជន​ម្នាក់ ប្រមូល​​​​​សំរាម​ដុត​​​​សាក​សព​​​ខឹង​​ជំពាក់​​​5​ម៉ឺន​​រៀល​​មិន​​សង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ស្ទាវ​ហិត​កាវ​មួយ​ក្រុមបាន​ធ្វើ​សកម្ម​ភាព​វាយ​សម្លា.ប់​គ្នា​នឹង​ដំបង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​ស្លា.ប់​បាត់​បង់​ជីវិត​ម្នាក់​ បន្ទាប់​មក​ឃាតករ​បាន​ប្រមូល​សំរាម​ និង​កម្ទេច​កម្ទី​ក្បែរ​កន្លែង​កើត​ហេតុ​ដាក់គរ​នៅ​លើ​សព​រួចដុត​ចោល​នៅ​នឹង​កន្លែង​ ។

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ស្ទាវ​ហិត​កាវ​មួយ​ក្រុមបាន​ធ្វើ​សកម្ម​ភាព​វាយ​សម្លាប់​គ្នា​នឹង​ដំបង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​ បន្ទាប់​មក​ឃាតករ​បាន​ប្រមូល​សំរាម​ និង​កម្ទេច​កម្ទី​ក្បែរ​កន្លែង​កើត​ហេតុ​ដាក់គរ​នៅ​លើ​សព​រួចដុត​ចោល​នៅ​នឹង​កន្លែង​ ។ បុ៉ន្តែសព​មិន​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង​នោះ​ឡើយ​ គឺគ្រាន់​តែឆេះ​ខ្លោច​បុ៉ណ្ណោះ​ ហើយ​ត្រូវ​បាន​ប្រជា​​ពល​រដ្ឋ​ប្រទះ​ឃើញ​ ក៏បាន​​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ និង​ស្រាវ​ជ្រាវ​តាម​ជំនាញ​ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​ជា​ឃាតករ​បាន​២​នាក់​ភ្លាម​ៗ​ដែរ ។​

សពខាង​លើ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី១​ កុម្ភៈ​ នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ ហៅ​ផ្លូវវ៉េង​ស្រេង​ ក្នុង​ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ យុវជន​រង​គ្រោះ​ត្រូវបាន​គេស្គាល់​ឈ្មោះ​ង៉ោល​ អាយុ​១៨​ឆ្នាំ​ មិន​មាន​មុខ​របរ​ និង​ទីលំនៅ​ពិត​ប្រាកដ​នោះ​ទេ ស្នាក់​នៅ​ក្នុង​ដី​ឡូត៍​កើត​ហេតុ​ខាង​លើ​ ចំណែក​ឯ​ជន​ជា​ឃាតករ​មាន​គ្នា២​នាក់​ម្នាក់​​ឈ្មោះ​ ប៊ុន​ វ៉ែន អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ ចាន់ ចំរើន​ អាយុ​១៥​ឆ្នាំ​ ពួកគេជា​ជន​ស្ទាវ​ដូចគ្នា និង​ស្នាក់​នៅជា​មួយ​គ្នាដែរ​ ហើយ​បាន​ប្រើ​ដំបង​​ឈើ​ជ្រុង​វាយ​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត ។​ តាម​ប្រភព​ព័ត៌​មាន​ពីមន្ត្រី​​ប៉ូលិស​បាន​​ឱ្យ​ដឹង​ថា​ ​មុន​ពេល​​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ត្រូវគេដុត​ឆេះខ្លោច​ និង​មាន​ដង្កូវ​ចោះ​ ហើយ​មាន​សភាព​ស្អុយ​រលួយ​ ។ ពេល​នោះ​ក៏​បាន​រាយ​ការណ៍​ប្រាប់​ដល់​ប៉ូលិស​មូលដ្ឋាន​ឱ្យ​ចុះ​ពិនិត្យ​មើលជាក់​ស្តែង​ បន្ទាប់​មក​ប៉ូលិស​បុ៉ស្តិ៍​ចោម​ចៅ​បាន​ចុះ​ទៅ​មើល​ភ្លាមៗ​ ហើយ​បាន​ឃើញ​ដូច​ប្រជាពលរដ្ឋ​រាយ​ការណ៍​មែន​ ទើប​សុំ​ឱ្យ​កម្លាំង​ប៉ូលិស​ជំនាញ​ព្រហ្ម​ទណ្ឌ​​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះទៅ​ជួយ​ស្រាវ​ជ្រាវ​ និង​បាន​ផ្តល់​ព័ត៌​មាន​ដល់​ប៉ូលិសបច្ចេក​ទេស​នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​មន្ត្រី​ពេទ្យ​ និង​តុលាការ​ ចុះទៅ​ពិនិត្យ​កោសល្យ​វិច័យ​យ៉ាង​ត្រឹម​ត្រូវ​ ។ ​

ជា​លទ្ធ​ផល​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវបាន​គេវាយ​សម្លាប់​ ទើប​មាន​ការ​ស្រាវ​ជ្រាវ​ដឹង​មុខ​សញ្ញា​ជន​ជា​ឃាត​ករ​ទាំង​២​នាក់ខាង​លើ​ដល់​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ និងដក​ហូត​បាន​ដំបង​ឈើ​ជ្រុង​មួយ​កំណាត់​ពី​ជន​នោះ​ផង​ដែរ ។​ ក្រោយ​ពេល​ចាប់​ខ្លួន​ជន​ជាឃាតករ​ម្នាក់​ឈ្មោះ​ ប៊ុន​ វ៉ែន​ បាន​សារ​ភាព​ប្រាប់​បូ៉លិស​ថា​ ខ្លួន​ និង​បក្ស​ពួក​ពិត​ជាបាន​ធ្វើ​សកម្ម​ភាព​វាយ​សម្លាប់​ជន​រងគ្រោះ​ពិត​មែន​ ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ចំនួន​៥​ម៉ឺន​រៀល​ និង​ស្បែក​ជើង​មួយ​គូ​រយៈ​ពេល​មួយ​អាទិត្យ​ហើយ​មិន​ព្រម​សង​ ពេលគេទៅ​ទារ​ក៏​មិនបាន​ទៀត​ ទើប​រូប​គេ​មាន​ការ​ក្តៅ​ក្រហាយ​ ក៏​សម្លាប់​ចោល​តែ​ម្តង ។​ ជន​ដៃ​ដល់​បាន​រៀប​រាប់​ពី​សកម្ម​ភាព​របស់​ខ្លួន​ថា កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២៨​ មករា​ រូប​គេ​និង​បក្ស​ពួក​ឈ្មោះ ចាន់​ ចំរើន​ បាន​បបួលជន​រងគ្រោះ​ចេញ​ពី​ម្តុំ​រោង​ភាព​យន្ត​ក្នុង​ផ្សារ​កាណាស៊ីធី​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​ក្នុង​របង​ដី​ឡូត៍​ចំណុច​កើត​ហេតុ​នោះ​ ហើយ​ពេល​ទៅ​ដល់​រូប​គេ​និង​បក្ស​ពួក​អត់​មាន​កាវ​​ហិត​នោះ​ទេ ។​ ចំណែក​ឯ​ជន​រងគ្រោះ​មាន​កាវ​កាន់​ក្នុងដៃ​ហិត​​ពេល​នោះ​ខ្លួន​ច្រណែន​ និង​បាន​សុំ​​កាវ​ហិត​ដែរ ព្រម​ទាំង​កញ្ឆក់​យក​កាវ​ពី​ដៃ​ជន​រង​គ្រោះ​ បុ៉ន្តែ​ពេល​យក​មិន​ទាន់​បាន​ហិត​ផង​ ត្រូវ​ជន​រង​គ្រោះ​កញ្ឆក់​យក​ទៅ​វិញ​ ។ ម្យ៉ាង​ទៀត​រឿង​ជំពាក់​លុយ​ និង​ស្បែក​ជើង​អត់​ព្រម​សង​ទៀត​នោះ ទើប​ពួកគេ​មាន​ការ​ខឹង​សម្បា ក៏​យក​ដំបង​ឈើ​ជ្រុង​មួយ​កំណាត់​វាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ហិត​កាវ​ដោយ​មិន​ដឹង​ខ្លួន​ បណ្តាល​ឱ្យ​ជន​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​តែ​ម្តង។​

ជន​ជា​ឃាតករ​បាន​បន្ត​ថា​ បន្ទាប់​ពី​បាន​វាយ​សម្លាប់​ជន​រងគ្រោះ​ហើយ​​ ពួក​គេបាន​នាំគ្នា​យក​សំរាម​ទៅ​ដាក់​គរ​ពី​លើ​សព​ជន​រង​គ្រោះ​រួច​រាល់​ហើយទើប​ដុត​កម្ទេច​ចោល​ក្នុង​បំណង​បំបិទ​ភស្តុ​តាង​ រួច​ហើយ​ទើប​នាំ​គ្នា​គេច​ខ្លួន​ បុ៉ន្តែ​មិន​នឹក​ស្មាន​ថា ត្រូវ​បែក​ការណ៍​ដោយសារ​តែ​ដុត​សព​ឆេះ​មិន​អស់​បែប​នេះ​ឡើយ​ ។ ពេល​នេះ​ប៉ូលិស​បាន​នាំ​ជន​នោះ​ទៅ​សាក​សួរ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​​ពោធិ៍សែន​ជ័យ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ៕​