រាជធានីភ្នំពេញ ៖ អគ្គិភ័យដ៏រន្ធត់មួយលេបត្របាក់ដេប៉ូលក់ឈើ និងលំនៅឋានមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ កុម្ភៈ នៅចំណុចផ្ទះលេខ៦៧ ក្រុមទី៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លំនៅឋានដែលត្រូវអគ្គិភ័យឆេះនេះ សាងសង់ពីឈើខាងលើ និងថ្មពីក្រោម មានទំហំ៦ម៉ែត្រ X ៧ម៉ែត្រ ប្រក់ស័ង្កសី រួមនឹងដេប៉ូលក់ឈើ១ខ្នងផងដែរសង់ជាប់គ្នា ដែលម្ចាស់ត្រូវបានគេស្គាល់ប្តីឈ្មោះ ណម វណ្ណា អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុវណ្ណ អាយុ៣៥ឆ្នាំ ។
ម្ចាស់ផ្ទះនេះបានជួលទីតាំងទៅឱ្យឈ្មោះ ទ្បេង និងឈ្មោះ យ៉ុង ដាក់លក់ឈើនៅខាងមុខ ដែលក្លាយជាដេប៉ូលក់ឈើ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើមិនបាននៅផ្ទះទេ ដោយបុរសជាប្តីធ្វើដំណើរទៅខេត្តក្រចេះ ចំណែកប្រពន្ធ ទៅលេងផ្ទះអ្នកជិតខាង និងទុកកូនប្រុសតូចម្នាក់ឱ្យនៅផ្ទះម្នាក់ឯង ។ ខណៈនោះ ស្រាប់តែមានភ្លើងឆេះផ្ទះ និងដេប៉ូលក់ឈើនោះ យ៉ាងសន្ធោសន្ធៅដែលការឆាបឆេះនោះ បង្កទ្បើងដោយសារម្ចាស់ដេប៉ូលក់ឈើបង្កាត់ភ្លើងដាក់ដាំបាយទុកចោល ហើយខ្លួនឯងទៅផឹកស៊ីនៅផ្ទះអ្នកដទៃ ។ ភ្លើងចង្ក្រានបានឆេះរាលដាលដល់កម្ទេចឈើនៅក្បែរក៏ក្លាយជាអគ្គិភ័យដ៏សន្ធោសន្ធៅទ្បើង ។ ចំណែកម្ចាស់ដេប៉ូលក់ឈើបានគេចខ្លួនបាត់ទៅហើយដែរ ។ ប្រភពដដែលបានបន្តថា ខណៈនោះភ្លើងបានឆេះយ៉ាងឆាប់រហ័សបំផុត អ្នកជិតខាងមិនអាចជួយពន្លត់ទាន់ទ្បើយ ដែលហេតុការណ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ពេលនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះមាន រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៤គ្រឿង រថយន្តរបស់អង្គភាព៧១១កងពលតូចលេខ៧០ ចំនួន២គ្រឿង និងរថយន្តរបស់កងរាជអាវុធហត្ថ១គ្រឿង ។ ថ្វីដ្បិតតែមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានធ្វើឱ្យភ្លើងរលត់ទាំងស្រុងភ្លាមៗទ្បើយ គឺបានឆេះផ្ទះនិងដេប៉ូលក់ឈើនោះ រហូតអស់ក្លាយទៅជាផេះផង់ ទើបរលត់ ប៉ុន្តែយ៉ាងណាក៏ដោយ មិនបានឆេះរាលដាលដល់លំនៅឋានផ្សេងៗដែលស្ថិតនៅជាប់គ្នានោះទ្បើយ ព្រោះបានរថយន្តពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ទាន់ពេល ។ ម៉្យាងទៀត នៅពេលនោះម្ចាស់ផ្ទះមានការភិតភ័យនិងតក់ស្លុតយ៉ាងខ្លាំង ហើយបានយំសោកបោកខ្លួន ព្រោះបាត់កូនប្រុសតូចរបស់ខ្លួន នឹកស្មានថាត្រូវស្លាប់នៅក្នុងភ្លើងបាត់ទៅហើយ ។ ខណៈនោះដែរ ទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាជួយរុករក ប៉ុន្តែក្រោយមកទើបប្រទះឃើញក្មេងប្រុសនោះ ស្ថិតនៅផ្ទះអ្នកជិតខាង និងមានសុវត្ថិភាពទៀតផង ។ ទាក់ទិនទៅនឹងគ្រោះអគ្គិភ័យនេះ លោក នេត វន្ថា ប្រធានការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅដើមឆ្នាំ២០១៤នេះ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន១លើក និងបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ហើយនៅពេលមានហេតុការណ៍កើតទ្បើង ខាងរថយន្តពន្លត់អគ្គិភ័យការិយាល័យរបស់លោក ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានចេញអន្តរាគមន៍ជាបន្តបន្ទាប់ ។
ជាក់ស្តែងដូចជា នៅពេលនេះជាដើម ក៏មានការចូលរួមពីរថយន្តមកពីអង្គភាពផ្សេងៗដែរ ដូចជាអង្គភាព៧១១ កងពលតូចលេខ៧០ និងកងរាជអាវុធហត្ថ ។ ទន្ទឹមនឹងនេះ លោកក៏សូមដាស់តឿនដល់បងប្អូនទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យក្នុងរដូវប្រាំងនេះ ៕
ចែករំលែកព័តមាននេះ