ខេត្តស្ទឹងត្រែង ៖ បើតាមមិត្តរួមអង្គភាពជាមួយបានឱ្យកោះសន្តិភាពដឹងថា អ្វីដែលគួរឱ្យសោកបំផុត
នោះ គឺជនរងគ្រោះទាំង២នាក់ដែលស្លាប់ ក៏គាត់ចេះហែលទឹកបានដែរ ប៉ុន្តែដោយកម្លាំងទឹកហូរកួចខ្លាំង ក្លាពេក ក៏មិនអាចសង្គ្រោះជីវិតខ្លួនឯងបាន ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ គឺមានគេទៅថតវីដេអូនៅកន្លែងទឹកកំពុងហូរកួចខ្លាំងនោះ ដោយមិនមានរឿងអ្វីកើតឡើងឡើយ ។ ពេលនោះ គ្រប់គ្នាក៏បាន ឃើញជនរងគ្រោះ២នាក់ជិះម៉ូតូឌុបគ្នាមកឆ្លងកាត់ផ្លូវដែលកំពុងមានហូរ ហើយមានគេបានស្រែកប្រាប់ដែរថា «កុំទៅអី ព្រោះទឹកហូរខ្លាំងណាស់» ។ សូមបញ្ជាក់ថា៖ ក្រោយប្រទះសពយុវជនយោធាទាំង២ រដ្ឋបាលខេត្តរួមកម្លាំងយោធាប្រកាស…

ប្រភពបន្តថា មិនដឹងថាជនរងគ្រោះទាំង២នាក់គាត់ឮដែរឬក៏យ៉ាងណានោះទេ ឃើញគាត់នៅតែបើកម៉ូតូទៅមុខឆ្លងកាត់ផ្លូវនោះទៀត ។ លុះគាត់ជិះបានដល់ពាក់កណ្តាលផ្លូវ (កន្លែងទឹកកំពុងហូរកួចនោះ)ក៏ស្រាប់តែបាក់ផ្លូវតែម្តង ។ អ្វីដែលរន្ធត់នោះ ភ្លាមៗឃើញពួកគាត់មិនលិចទេ អណ្តែតដោយខំព្យាយាមតោងមែកឈើដែរ ប៉ុន្តែកម្លាំងទឹកហួរបុកខ្លាំង ជនរងគ្រោះក៏ទប់លែងបានតែម្តង ។

គួរបញ្ជាក់ថា ក្រោយពីកម្លាំងប្រទះឃើញសាកសពយុវជនយោធារងគ្រោះទាំង២នាក់នោះហើយ បានធ្វើការស្រង់យកមកឡើងគោកទាំង២នាក់ ហើយគិតនៅត្រឹមម៉ោងជិត១២ថ្ងៃត្រង់ទី២៦ កក្កដា ដដែលនេះ បានលើកមឈូសចំនួន២លើកដាក់រថយន្ត ដើម្បីដឹកបញ្ជូនទៅកាន់ស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ដោយក្តីសង្វេគនិងរន្ធត់ជាពន់ពេក ទាំងក្រុមគ្រួសារនិងបងប្អូនអ្នកភូមិដែលបានចោមរោមមើលនោះ ។

សេចក្តីរាយការណ៍បន្តថា សពយុវជនទាំង២នាក់ ម្នាក់ឈ្មោះសុខ សុវណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានរកឃើញនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ត្រង់ចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មាន១០០ម៉ែត្រប៉ុណ្ណោះ ត្រូវបញ្ជូនធ្វើបុណ្យស្រុកកំណើតភូមិលេខ៣ ខណ្ឌលេខ១ ស្រុកមិត្តភាព ខេត្ត ព្រះសីហនុ ។ ដោយឡែក ម្នាក់ទៀតទៀតឈ្មោះភីនី ដាលី អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃដដែល (ចម្ងាយពីគ្នាជាង១០០ម៉ែត្រ) បញ្ជូនធ្វើបុណ្យនៅស្រុកកំណើតភូមិពោធិ៍ ឃុំភ្នំក្នុង ស្រុកអង្គរជ័យ ខេត្តកំពត ។ (សម្រួលដោយ៖ ស្រីណា)







អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ