រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមខ្សែក្រវាត់ជើងឯកក្រុមហ៊ុនស្រាបៀរលីអូ និងជើងឯក១០លានរៀលរបស់ក្រុមហ៊ុនស្រាផែនដី នៅបណ្តាញស្ថានីយទូរទស្សន៍ CTN ថ្ងៃសៅរ៍ ទី១ កុម្ភៈ កន្លងមកនេះបានផ្អាកដោយដាក់ជំនួសគូកិត្តិយសវិញ ។ ជាលទ្ធផលសម្រាប់គូកិត្តិយសរបស់ក្រុមហ៊ុនស្រាបៀរលីអូ កីឡាករនន់ ជំនិត មកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានយកឈ្នះពិន្ទុកីឡាករនួន ភីរក្ស មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃទាំងវេទនា ចំណែកកីឡាករសេរី រតនា មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ក៏បានយកឈ្នះពិន្ទុកីឡាករមាស ឆូយ មកពីក្លិបយុវជនកម្ពុជាមានជ័យទាំងមិនសូវស្រួលខ្លួនប៉ុន្មាន ។
នន់ ជំនិត និង នួន ភីរក្ស ធ្លាប់ជួបគ្នាជាច្រើនលើករួចមកហើយ និងទទួលលទ្ធផលមិនដាច់ស្រេចសោះ មានចាញ់មានឈ្នះទៅវិញទៅមកដូចគ្នា ។ ទាំងសងខាងមុននឹងរកឃើញឈ្នះ-ចាញ់ គឺមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ។ សម្រាប់ នួន ភីរក្ស ដែលបានបាត់មុខយូរ កម្លាំងរបស់គេរាងចុះខ្សោយជាងមុន ឯចលនានៃការវាយចេញក៏មិនសូវរហ័សរហួនដែរ ទើបលើកនេះគេត្រូវចាញ់ពិន្ទុ នន់ ជំនិត ។
ទោះបីយ៉ាងណា នៅទឹកទី១ដល់ទឹកទី៣ នួន ភីរក្ស បានធ្វើឱ្យ នន់ ជំនិត លស់ព្រលឹងម្តងៗដែរតាមរយៈការបញ្ចេញស្នៀតកណ្តាប់ដៃ និងស្នៀតកែងវាយប្រហារផ្ទួនៗក្នុងបំណងផ្តួលឱ្យសន្លប់តែម្តង ។ ស្ថិតក្នុងស្ថានការណ៍បែបនេះ នន់ ជំនិត មិនសូវហ៊ានចូលកៀកឡើយ គឺគេបានត្រឹមតែដកថយ និងវាយឆ្មក់ពីចម្ងាយម្តងៗប៉ុណ្ណោះ ប៉ុន្តែរាល់ការវាយនិងទាត់របស់គេ គឺទទួលបានលទ្ធផលល្អ ដោយត្រូវចំគោលដៅភាគច្រើន ខណៈពេលដែល នួន ភីរក្ស នៅតែបន្តរុលចូលកៀកដើម្បីវាយកែង និងម៉ាត់សងវិញ ។ ស្នៀតកែងរបស់ នួន ភីរក្ស ពេលវាយចេញម្តងៗមានភាពសាហាវខ្លាំងណាស់ បើទោះជាមិនបានចំគោលដៅក៏ដោយ ក៏ធ្វើឱ្យទស្សនិកជនញាក់សាច់ជំនួស នន់ ជំនិត ដែរព្រោះបើហ៊ានប្រហែសបណ្តោយឱ្យគេវាយត្រូវវិញ ច្បាស់ជាវីវរមិនខាន ។
ការវាយរបៀបកំរោលចូលរបស់ នួន ភីរក្ស មិនត្រឹមតែមិនទទួលបានផលល្អនោះទេ ថែមទាំងធ្វើឱ្យគេស្រុតចុះកម្លាំងយ៉ាងច្រើន ដែលផ្តល់ឱកាសឱ្យ នន់ ជំនិត វាយបុកឱ្យដកថយអែបខ្សែរេញជាញឹកញាប់ ជាពិសេសនៅក្នុងទឹកទី៤ នួន ភីរក្ស ត្រូវ នន់ ជំនិត ទាត់ល្វែងខាងក្រោមបណ្តាលឱ្យដួលម្តងជា២ដងទៀតផង ។ ប៉ុន្តែ នួន ភីរក្ស ដែលធ្លាប់ជាជើងខ្លាំងម្នាក់ដែរនោះ គេមិនងាយចុះចាញ់ដោយងាយឡើយ គេបានតស៊ូប្រកួតរហូតទាល់តែចប់ទឹកទី៥ ទើប នន់ ជំនិត បានត្រឹមតែឈ្នះពិន្ទុទាំងវេទនាជាទីបំផុត ។
ចំណែក សេរី រតនា និង មាស ឆូយ កន្លងមកមិនធ្លាប់ប៉ះគ្នាម្តងណាឡើយ ។ សេរី រតនា ហាក់មានជំនឿចិត្តច្រើនក្នុងការយកឈ្នះគូប្រកួតដោយគ្រាន់តែចាប់ផ្តើមភ្លាម គេដើរចូលវាយប្រាវៗតែម្តង មិនចាំបាច់ស្ទាបស្ទង់យូរឡើយ ។ ការវាយរបៀបនេះធ្វើឱ្យ មាស ឆូយ ក្តៅស្លឹកត្រចៀក ក៏បានវាយសងវិញភ្លាមៗមិនឱ្យគូប្រកួតបានចិត្តឡើយ ពោលគឺបើ សេរី រតនា វាយគេមួយដៃ គេទាត់វិញមួយជើងសងទៅសងមកធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ។ ជាក់ស្តែង នៅទឹកទី៣ នៅពេល សេរី រតនា ទាត់ត្រូវជើងឆ្វេងបណ្តាលឱ្យដួលទាំងជំហរ ត្រូវអាជ្ញាកណ្តាលរាប់៨ម្តង មាស ឆូយ មិនខុសពីខ្លាត្រូវរបួសឡើយ គឺគេបានដើរចូលទាត់ និងវាយទៅលើមុខ សេរី រតនា មិនសំចៃកម្លាំងឡើយ ធ្វើឱ្យអ្នកមើលស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញសាលប្រដាល់ ។ បុ៉ន្តែការចូលវាយទាំងកំហឹងរបស់ មាស ឆូយ គ្រាន់តែល្អមើលប៉ុណ្ណោះ មិនទទួលបានផលឡើយ ផ្ទុយទៅវិញ បែរជាហុចឱកាសឱ្យគូប្រកួតវាយត្រូវចំគោលដៅច្រើនទៅវិញ ទើបចប់ការប្រកួតគេត្រូវចាញ់ពិន្ទុ សេរី រតនា ទាំងមិនអស់ចិត្ត ៕
ចែករំលែកព័តមាននេះ