ខត្តកំពង់ឆ្នាំង ៖ កុមារប្រុសស្រី ៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទុះគ្រាប់កាំភ្លើងត្បាល់ ៦០ម.ម ១គ្រាប់ កាលពីវេលាម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី៣០ មករា ២០១៤ នៅចំណុចត្រពាំងត្រដោក ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខណៈដែលកុមារទាំង ៣នាក់ ទៅឃ្វាលគោ ហើយបានរើសយកគ្រាប់ពុំទាន់ផ្ទុះនោះ មកដំលេង។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា កុមាររងគ្រោះទាំង ៣នាក់ ១. ឈ្មោះ បឿន ចាន់ដេន ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិពាមទន្លា ឃុំកំពង់ហៅ ស្រុកកំពង់លែង ២. ឈ្មោះ នុត ធីតា ភេទស្រី អាយុ ១២ឆ្នាំ និង ៣. ឈ្មោះ នុត វណ្ណា ភេទប្រុស អាយុ ៨ឆ្នាំ គេទាំង ២នាក់ ជាបងប្អូនបង្កើត រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។
មុនពេលកើតហេតុ កុមារទាំង ៣នាក់ បានទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ ហើយក៏រើសបានគ្រាប់កាំភ្លើងត្បាល់ ៦០ម.ម ១គ្រាប់ យកទៅដំលេងបណ្តាលឲ្យផ្ទុះស្លាប់ ២នាក់ នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលដឹកដល់មណ្ឌលសុខភាពស្រុកកំពង់លែង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានរុករកឃើញគ្រាប់បេ៤០ ចំនួន ២គ្រាប់ និងគ្រាប់ត្បាល់ ៨០ម.ម ១គ្រាប់ទៀត ដែលស្ថិតនៅកន្លែងកើតហេតុ ហើយបានរាយការណ៍ទៅមជ្ឈមណ្ឌលស៊ីម៉ាក់ ឲ្យមកទទួលយក។
សពកុមាររងគ្រោះទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានរៀងៗខ្លួន។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំណុចកើតហេតុជាកន្លែងសមរភូមិប្រយុទ្ធយ៉ាងខ្លាំងក្លាក្នុងជំនាន់សង្គ្រាម ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១។ ទោះយ៉ាងណា ការអប់រំអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហាក់នៅមានកម្រិត ហេតុនេះហើយ ឃាតករលាក់មុខនៅតែឆក់យកជីវិតប្រជាពលរដ្ឋនៅទីជនបទជារឿយៗ៕
ចែករំលែកព័តមាននេះ