រាជធានីភ្នំពេញ៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានមហាជនភាគច្រើនមើលឃើញថាវិស័យមួយនេះកំពុងជួបបញ្ហាធ្ងន់ធ្ងរ ឬអាចនឹងបាត់បង់ភាពទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនបង្កើតរោងចក្រថ្មីនៅកម្ពុជា ព្រោះវិស័យសំខាន់មួយនេះប្រឈមមុខនឹងការបាត់បង់គម្រោងអនុគ្រោះពន្ធលើមុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ពីសហភាពអឺរ៉ុប ។
ជាក់ស្តែងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ថ្មីៗនេះក៏បានសុំព្យូរការពិភាក្សាស្តីពីប្រាក់ឈ្នួលអប្បមាសម្រាប់កម្មករ-កម្មការិនី ដោយបានបញ្ជាក់ហេតុផលថា «ភាពមិនច្បាស់លាស់ជុំវិញបញ្ហាដកគម្រោងអនុគ្រោះពន្ធលើមុខទំនិញលើកលែងតែគ្រឿងសព្វាវុធ មានន័យថាយើងមិនស្ថិតនៅក្នុងជំហរណាមួយដែលត្រូវធ្វើការចរចារសំខាន់ៗណាមួយ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មនេះទេ ។ យើងទន្ទឹងរង់ចាំចូលរួមការចរចារអនុសញ្ញារួមថ្នាក់វិស័យឡើងវិញ នៅពេលយើងមានភាពច្បាស់លាស់អំពីបញ្ហា EBA» ។ ក៏ប៉ុន្តែ ខណៈ EBA កំពុងស្ថិតជាចំណោទបញ្ហានៅឡើយ គេកត់សម្គាល់ឃើញថាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ឧស្សាហកម្មកាត់ដេរមួយនេះទទួលបានក្រុមហ៊ុន ឬរោងចក្រថ្មីប្រមាណជាង៣០រោងចក្របាននឹងកំពុងធ្វើប្រតិបត្តិការផលិតនឹងនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារខាងក្រៅ។
លោក លី តេកហេង ប្រធានប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍ឧស្សាហម្មគ្រឿងយន្ត
កម្ពុជាអន្តរជាតិកាលពីថ្ងៃទី ២៣ ខែកក្កដាថា នៅរយៈពេល៦ខែដើមឆ្នាំ២០១៩នេះឧស្សាហកម្មកាត់ដេរកម្ពុជាមានរោងចក្រថ្មីបើកប្រមាណ៣៤រោងចក្រ ហើយក្នុងនោះភាគច្រើនជារោងចក្រកាត់ដេរ។ លោកបានបន្តថា «ក្នុងឧស្សាហកម្មយើងបើមើលជារួមមានដំណើរការនៅល្អប្រសើរមិនមានជាអ្វីជាបញ្ហាប៉ុន្មាននោះទេ បើទោះបីនៅស្រុកយើងបញ្ហាប្រឈមតម្លៃភ្លើង,ការដឹកជញ្ជូនមានតម្លៃ និងការចំណាយខ្ពស់លើការផលិតបើប្រៀបធៀបនិងប្រទេសជិតខាងក៏ដោយ»។ លោកបានគូសបញ្ជាក់ថា «ជារួមវិស័យវាយនភ័ណ្ឌក្នុងប្រទេសយើងនៅតែមានភាពសកម្មភាពល្អប្រសើរ ហើយអ្នកវិនិយោគិននូវតែបន្តចូលមកវិនិយោគបន្តបន្ទាប់ក្នុងឆ្នាំ២០១៩នេះ។បើខ្ញុំប្រៀបធៀបកាល២ឆ្នាំមុន និងឆ្នាំនេះឧស្សាហកម្មកាត់ដេរយើងមានលក្ខណៈល្អប្រសើរជាង គឺមានរោងចក្រចំនួន៣៤រោងចក្រចូលមកបើកនៅកម្ពុជា»។ បើតាមប្រធានប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មកដល់បច្ចុប្បន្នសមាគមរោងមានសមាជិកជាង៦០០រោងចក្រ ហើយផ្តល់ការងារដល់ពលរដ្ឋកម្ពុជាធ្វើប្រមាណ៧០ម៉ឺននាក់។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់មានប្រសាសន៍ថា ផ្តើមចេញពីគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តចាប់ពីឆ្នាំ១៩៩៩ បានធ្វើឱ្យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាបន្តរីកចម្រើនគួរជាទីមោទនៈ។
លោកបណ្ឌិតបន្តថា ចាប់ផ្តើមពីរោងចក្រប្រមាណជាង៦០រោងចក្រ ជាមួយនឹងកម្មករនិយោជិកប្រមាណ ៨ម៉ឺននាក់ រហូតមកដល់ពេលនេះ រោងចក្រកើនឡើងដល់ប្រមាណ ១២.០០រោងចក្រ ជាមួយនិងកម្មករនិយោជិតប្រមាណជាង ៨៤ម៉ឺននាក់។ វិស័យកាត់ដេរ គឺជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ