ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក្នុង​មហោស្រព​គីហ្សូណា​ជប៉ុន​-កម្ពុជា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៤​ មករា​ កន្លង​មក​នេះ​ លោក​គូម៉ាម៉ារូ​ យូជិ​ ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​សារ​ជា​ចំហ​មួយ​ឆ្ពោះ​ទៅ​ការ​រៀប​ចំ​មហោស្រព​គីហ្សូណា​ជប៉ុន​-កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​២៤​ កុម្ភៈ​ ២០១៤​ខាង​មុខ​ ។​ សារ​របស់​លោក​ត្រូវ​បាន​បក​ប្រែ​ជា​ផ្លូវ​ការ​ដែល​កោះ​សន្ដិភាព​ទទួល​បាន​ខ្លឹម​សារ

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៤​ មករា​ កន្លង​មក​នេះ​ លោក​គូម៉ាម៉ារូ​ យូជិ​ ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​សារ​ជា​ចំហ​មួយ​ឆ្ពោះ​ទៅ​ការ​រៀប​ចំ​មហោស្រព​គីហ្សូណា​ជប៉ុន​-កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​២៤​ កុម្ភៈ​ ២០១៤​ខាង​មុខ​ ។​ សារ​របស់​លោក​ត្រូវ​បាន​បក​ប្រែ​ជា​ផ្លូវ​ការ​ដែល​កោះ​សន្ដិភាព​ទទួល​បាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖​

ទូល​បង្គំ​ជា​ខ្ញុំ​ ខ្ញុំ​គូម៉ាម៉ារូ​ យូជិ ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​គោរព​ថ្វាយ​ព្រះពរ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ជូន​សម្ដេច​ ព្រះ អង្គម្ចាស់​ ព្រះអង្គម្ចាស់​ក្សត្រី​​ ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោកស្រី​​ និង​ប្រជាជន​កម្ពុជា​​​​​ នា​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៤​នេះ​ ។​ ខ្ញុំ​សូម​ក្រាប​បង្គំ​ថ្វាយ​និង​ជម្រាប​ផ្ញើ​ជូន​នូវ​សារ​លិខិត​ស្វាគមន៍​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ​ ។​

ឆ្នាំ​២០១៣​ គឺ​ជា​ឆ្នាំ​ដែល​សក្ដិសម​ក្នុង​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា​ ។​ បើ​យើង​រំលឹក​មើល​ទៅ​លើ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​មុន​នេះ​ ខ្ញុំ​គិត​ថា​ គឺ​ជា​ឆ្នាំ​ដែលសក្ដិសម​ទៅ​នឹង​តម្លៃ​នៃ​ខួប​អនុស្សាវរីយ៍​ ដោយ​សារ​តែ​មាន​ការ​ប្រារព្ធ​នូវ​ព្រឹត្ដិការណ៍​បម្លាស់​ប្ដូរ​ជា​ច្រើន​សណ្ឋាន​ ។​ ជា​លទ្ធផល​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ យើង​បាន​​ប្រារព្ធ​កម្មវិធី​សរុប​មាន​ចំនួន​ជាង​១២០​កម្មវិធី​ ។​ ក្នុង​នោះ​កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​ មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៧.០០០​នាក់​ ក្នុងមហោ​ស្រព​គីហ្សូណា​ជប៉ុន​-កម្ពុជា​ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​-ជប៉ុន​ ។​ ជាង​នេះ​ទៅ​ទៀត​ មាន​ការ​បង្ហាញ​ជូន​នូវ​ព្រឹត្ដិ​ការណ៍​ផ្សេងៗ​នៃ​វប្បធម៌​ ប្រពៃណី​ និង​​ទំនើប​របស់​ជប៉ុន​ កម្មវិធី​ប្រគំ​តន្ដ្រី​ និង​កម្មវិធី​បម្លាស់​ប្ដូរ​សិល្បៈ​ជា​ច្រើន​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នោះ​ផង​ដែរ​ ។​​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​អស់​ពី​ដួង​ចិត្ដ​ចំពោះ​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​បាន​អញ្ជើញ​ចូល​រួម​ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​មួយ​នេះ​ឱ្យ​មាន​លក្ខណៈ​អធិកអធម​ និង​ប្រកប​ដោយ​ផ្លែផ្កា​ ។​

នា​ខែ​កុម្ភៈ​ ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៤​ ឆ្នាំ​នេះ​ យើង​នឹង​មាន​រៀប​ចំ​មហោស្រព​គីហ្សូណា​ជប៉ុន​-កម្ពុជា​ លើក​ទី​៣​ ។​ នៅ​ក្នុង​លិខិត​មួយ​នេះ​ ខ្ញុំ​បាន​ភ្ជាប់​ជូន​នូវ​ប័ណ្ណ​ប្រកាស​របស់​កម្មវិធី​ផង​ដែរ​ ។​ ខ្ញុំពិត​ជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃ​លែង​ ប្រសិន​បើ​សម្ដេច​ ព្រះ​អង្គ​ម្ចាស់​ ព្រះអង្គ​ម្ចាស់​ក្សត្រី​ ឯក​ឧត្ដម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ អញ្ជើញ​ចូល​រួម​ជា​កិត្ដិយស​នៅ​ក្នុង​ឱកាស​ដ៏​រីករាយ​ និង​មាន​អត្ថន័យ​នេះ​ ។​

ជាង​នេះ​ទៅ​ទៀត​ អ្វី​ដែល​​ជា​ការ​កត់​សម្គាល់​ដ៏​ពិសេស​នៃ​ខួបអនុស្សាវរីយ៍​លើក​ទី​៦០នោះ​​ គឺ​ជា​បម្លាស់​ប្ដូរ​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​រវាង​នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​ ។​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​កន្លងទៅ​នេះ​ ឯក​ឧត្ដម​ ស៊ីនហ្សូ​ អាបេ​ នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មក​កាន់ប្រទេស​កម្ពុជា​ ដែលជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ជា​ថ្មី​ម្ដង​ទៀត​ ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​ ។​

បន្ទាប់​ពី​នោះផង​ដែរ​ សម្ដេច​តេជោ​ ហ៊ុន​​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កាន់ប្រទេស​ជប៉ុន​ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ ។​ នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ពេល​នោះ​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ពង្រីកទំនាក​់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​ការ​ដំឡើង​ឋានៈ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ «​ភាព​ជា​ដៃ​គូ​ថ្មីថ្មោង​»​ ទៅ​ជា​ «ភាព​ជាដៃ​គូ​យុទ្ធសាស្រ្ដ​»​ ដែល​ប្រទេស​ទាំង​ពីរ​នឹង​ចូល​រួម​សហប្រតិបត្ដិការ​យ៉ាង​ជិត​ស្និទ្ធ​ជាង​មុន​ ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​តំបន់​និងអន្ដរជាតិ​ ។​ ប្រទេស​ជប៉ុន​ នឹង​បន្ដ​គាំទ្រ​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កំណែ​ទម្រង់​នានា​ និង​ការ​រឹត​បន្ដឹង​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ជា​ដើម​ ។​

បើ​យើង​ក្រឡេក​មើល​​ទៅ​លើវិស័យ​សេដ្ឋកិច្ច​វិញ​ក៏​មាន​សកម្មភាព​គួរ​ឱ្យ​កត់សម្គាល់​ផងដែរ​ ។​ នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​មុន​ គណៈ​ប្រតិភូ​ដ៏​ធំមួយ​នៃ​សហព័ន្ធ​ពាណិជ្ជកម្ម​ជប៉ុន​ដែល​ហៅ​កាត់​ថា​ KEIDANREN បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ។​ ចំនួន​ក្រុមហ៊ុន​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ការ​កើន​ឡើង​ជា​បន្ដ​ប​ន្ទាប់​ ហើយ​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ចំនួន​១១៨​ បាន​ចុះ​បញ្ជី​សមាជិក​អចិន្ដ្រៃយ៍​នៃ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ JBAC ។​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ទាំង​ពីរ​នឹង​បន្ដ​សហ​ប្រតិបត្ដិការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​បរិយាកាស​វិនិយោគ​​ តាម​រយៈ​កិច្ច​ប្រជុំ​ស្ដី​ពី​វិស័យ​ឯកជន​ និង​សាធារណៈ​ជប៉ុន​-​កម្ពុជា​ ។​

​ចំពោះ​កិច្ច​សហប្រតិបត្ដិ​ការ​សេដ្ឋកិច្ចវិញ​ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំជាង​គេ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ ។​ ជំនួយ​​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ប្រទេស​ជប៉ុន​ មិន​ត្រឹម​តែ​មាន​ទំហំ​ថវ​ិកា​យ៉ាង​ច្រើន​នោះ​ទេ​ តែ​វា​ក៏​មាន​លក្ខណៈ​ទូលំ​ទូលាយ​ផង​ដែរ​ ។​

ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ប្រទេស​ជប៉ុន​ បាន​ជួយ​ឧបត្ថម្ភ​ប្រទេស​កម្ពុជា​ យ៉ាង​ច្រើន​តាម​រយៈ​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ ដូច​ជា​ស្ពាន​អ្នក​លឿង​ ការ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​១​ និង​លេខ​៥​​ ដែល​ជា​ផ្នែក​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​ខាង​​ត្បូង​ តាមរយៈ​ជំនួយ​បច្ចេក​ទេស​ រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​និង​អភិបាល​កិច្ច​ល្អ​ និង​តាម​រយៈ​គម្រោង​ជំនួយ​ខ្នាត​តូច​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ។​ ប្រទេស​ជប៉ុន​មាន​បំណង​បន្ដ​ផ្ដល់​ជំនួយ​របស់​ខ្លួន​សម្រាប់​ការ​អភិវឌ្ឍ​របស់ប្រទេស​ និង​ប្រជាជន​កម្ពុជា​ ដោយ​រួម​បញ្ចូល​ទាំង​កម្លាំង​របស់​វិស័យ​ឯក​ជន​ផង​ដែរ។​ ដោយ​ផ្អែក​ទៅ​លើ​សមិទ្ធផល​វិជ្ជមាន​នា​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​​ ឆ្នាំ​នេះ​ យើង​មាន​បំណង​បន្ដ​ពង្រីក​បម្លាស់​ប្ដូរ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ថែមទៀត​ ។​

នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ អាបេ​ បានប្រកាស​អំពី​គម្រោង​ដើម្បី​ជំរុញ​បម្លាស់​ប្ដូរ​យុវជន​ជប៉ុន​និងកម្ពុជា​ ក្នុង​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ «JENESY2.0»​ ។​ យុវជន​ជាង​៣.០០០នាក់​ នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធីនេះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ ។​ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹងប្រែង​ជំរុញ​នូវ​ទំនាក់​ទំនង​មិត្ដភាព​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោម​កិច្ច​សហប្រតិបត្ដិការ​ពី​សំណាក់​អតីត​និស្សិត​កម្ពុជា​ដែល​ទទួល​បាន​អាហារូបករណ៍​ជប៉ុន​ ដែល​មាន​ចំនួន​ជាង​៨០០​នាក់​ ក៏​ដូច​ជា​យុវជន​ដែល​ចូល​រួម​ក្នុង​កម្មវិធី​យុវជន​នា​វា​អាស៊ី​អាគ្នេយ៍​ និង​កម្មវិធី​បម្លាស់​ប្ដូរ​ផ្សេងៗ​ទៀត​ ។​ ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​ជឿជាក់​យ៉ាង​មុត​មាំ​ចំពោះ​ការ​ចូល​រួម​គាំទ្រ​ពី​សំណាក់​ សម្ដេច​ ព្រះអង្គ​ម្ចាស់​ ព្រះអង្គ​ម្ចាស់​ក្សត្រី​ ឯក​ឧត្ដម​ លោក​ជំទាវ​ លោក​ លោកស្រី​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ទាំង​នេះ​ ៕