ខេត្តកំពង់ឆ្នាំង ៖ មុខរបរដុតនំពងទា ក៏ជាមុខរបរមួយត្រូវប៉ាន់ណាស់ដែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ដោយសារតែមានអតិថិជនបានកុម៉ង់ទិញយ៉ាងច្រើន ធ្វើឱ្យអ្នកដុតនំពងទាក្នុងផ្សារលើទីរួមខេត្តកំពង់ឆ្នាំង មមាញឹកគ្មានបានសម្រាកឡើយ រយៈពេល៣-៤ថ្ងៃ ក្នុងបុណ្យចូលឆ្នាំនេះ ។
ស្ត្រីអ្នកដុតនំពងទា ដែលមិនព្រមប្រាប់អត្តសញ្ញាណ តែអ្នកផ្សារបានហៅគាត់ថា ម៉ាកអាស្នា អាយុប្រមាណជាង៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ មានកូនស្រីប្រុស២នាក់ កូនប្រុសបងបានបញ្ចប់ការសិក្សា និងធ្វើការងារបណ្តើរ យកប្រាក់ខែដើម្បីបន្តរៀនយកជំនាញបន្ថែម ចំណែកកូនស្រីប្អូន ទើបរៀបការហើយ មានប្តីជាជាងទងនិងជួយលក់ដូរគាត់ ។ ស្ត្រីបន្តថា គាត់បានផ្តើមប្រកបរបរដុតនំពងទានេះ តាំងពីឆ្នាំ១៩៩៥ គួបផ្សំនឹងការលក់ដូរបន្ថែមផង ធ្វើឱ្យគាត់បានធូធារមួយកម្រិត ដែលអាចធ្វើឱ្យគាត់ជាស្ត្រីមេម៉ាយជួយកូនប្រុសឱ្យបានបញ្ចប់ការសិក្សា និងកំពុងបន្តរៀនយកជំនាញបន្ថែមទៀត ។
ស្ត្រីមេម៉ាយដែលព្យាយាមតស៊ូចិញ្ចឹមកូន ដោយប្រកបរបរដុតនំពងទាឱ្យដឹងថា មុខរបរគាត់កាកកបខ្លាំងណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម សែនចិន សែនផ្នូរជាដើម ។ ចំណែកចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ ដោយសារតែអថិជនបានមកកុម៉ង់ទិញច្រើន ធ្វើឱ្យគាត់ជួលឈ្នួលបន្ថែម៣នាក់ទៀត រួមនឹងកូនរបស់គាត់ផង មានគ្នា៦នាក់ ដុតនំពងទាស្ទើរមិនទាន់ឱ្យម៉ូយ ៕
ចែករំលែកព័តមាននេះ