រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដាច់ក្បាលចេញពីខ្លួនដូចគេកាប់គួរឱ្យរន្ធត់ ហើយក្បាលបានខ្ទាតទៅឆ្ងាយរមៀលដល់មុខផ្ទះល្វែងមួយ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុនិយាយថា បន្ទាប់ពីយុវជននេះនិងមិត្តភក្ដិម្នាក់ស្រវឹងស្រាហើយជិះម៉ូតូ១គ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះ និងបានបើកជែងរថយន្តមួយគ្រឿងនៅខាងមុខក៏ជ្រុលទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវទាំងកំរោល ។
ដោយឡែកមិត្តភក្ដិរបស់គេដែលជិះពីក្រោយ គ្រាន់តែរងរបួសប៉ុណ្ណោះ ។ ឧប្បត្តិហេតុគ្រោះថ្នាក់គួរឱ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ មករា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្សារពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ នេះជាការកត់សម្គាល់លើកទី១ហើយ ដែលអ្នកជិះម៉ូតូបុករះរនាំងដែកចែកទ្រូងផ្លូវជួបគ្រោះថ្នាក់គួរឱ្យរន្ធត់បែបនេះ ។ យុវជនរងគ្រោះដែលដាច់ក្បាលនោះឈ្មោះយ៉េន រ៉ាំបូ អាយុ២៣ឆ្នាំ ជាភ្នាក់ងារសន្ដិសុខរបស់ក្រុមហ៊ុនឯកជនមួយ មានស្រុកកំណើតនៅភូមិសង្កែបង្វែរ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ ចំណែកឯមិត្តភក្ដិម្នាក់ដែលរួមដំណើរជាមួយឈ្មោះហ៊ាន ចាន់រស្មី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិជាមួយគ្នា ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1D-0175 ធ្វើដំណើរចេញពីកន្លែងផឹកសីុនៅក្នុងភោជនីយដ្ឋានជួបជុំមិត្ត ដែលមានទីតាំងស្ថិតនៅម្ដុំព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។
ពេលធ្វើដំណើរនោះជនរងគ្រោះដែលដាច់ក្បាលជាអ្នកបើកម៉ូតូ ដោយបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលទៅដល់ចំណុចខាងលើបានបើកវ៉ារថយន្ត១គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ។ ខណៈនោះក៏រេចង្កូតជ្រុលទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូផ្លោងរះជាមួយរនាំងដែកដាច់ក្បាលខ្ទាតរមៀលចេញពីដងខ្លួនចម្ងាយប្រមាណជាង២០ម៉ែត្រ ទៅអែបមាត់ទ្វារផ្ទះល្វែងមួយគួរឱ្យសង្វេគបំផុត ។ យុវជនឈ្មោះហ៊ាន ចាន់រស្មី បានឱ្យប៉ូលិសដឹងថា នៅមុនពេលកើតហេតុពួកគេបាននាំគ្នាទៅផឹកសីុនៅភោជនីយដ្ឋានជួបជុំមិត្ត ម្ដុំព្រែកលៀប ដោយផឹកស្រាបៀរអស់ចំនួន៤ថូ និងស្រវឹងរៀងៗខ្លួន ។ បន្ទាប់មកទើបនាំគ្នាជិះម៉ូតូចេញពីទីនោះ ដោយអ្នកដែលស្លាប់ជាអ្នកបើកម៉ូតូចំណែកឯរូបគេអង្គុយពីក្រោយ ហើយខណៈនោះការបើកបរគឺមានល្បឿនលឿនរហូត ។ មន្ត្រីប៉ូលិសចរាចរណ៍និយាយថា មុនដំបូងគេនឹកស្មានថា អ្នកដែលស្លាប់នោះត្រូវជនអន្ធពាលជិះម៉ូតូតាមកាប់រហូតដល់ដាច់ក្បាល ព្រោះតែមានទំនាស់ជាមួយអ្នកដទៃនៅកន្លែងផឹកសីុដោយសារនៅក្នុងពេលកើតហេតុមិនមាននរណាម្នាក់បានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកឡើយ ។ លុះក្រោយពីចុះទៅដល់កន្លែងកើេតហេតុពិនិត្យមើលជាក់ស្ដែង និងសាកសួរទៅអ្នករងរបួសស្រាលទើបដឹងថា ជនរងគ្រោះដាច់ក្បាលស្លាប់ដោយសារស្រវឹងស្រាជិះម៉ូតូបុករះរនាំងដែកពុះចែកទ្រូងផ្លូវ មិនមាននរណាដេញកាប់ទេ ។
ក្រោយពេលកើតហេតុ ប៉ូលិសទៅរើសយកក្បាលមកផ្គុំជាមួយដងខ្លួនវិញ ហើយសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ នេះជាមេរៀនជាក់ស្ដែងមួយថ្មីទៀតបង្ហាញនូវពាក្យស្លោកដែលមានការដាស់តឿនថា «បើស្រវឹងកុំបើកបរ»ពិតជាមានតម្លៃសម្រាប់ជីវិតមនុស្សគ្រប់គ្នាដូចជាករណីខាងលើ ។ ដូច្នេះហើយបើស្រឡាញ់ជីវិតរបស់ខ្លួន គប្បីការពារខ្លួនដោយខ្លួនឯងទើបអាចរួចពីមច្ចុរាជនៅតាមដងផ្លូវ ៕
ចែករំលែកព័តមាននេះ