ខេត្តបន្ទាយមានជ័យ ៖ មន្ដ្រីពន្ធនាគារខេត្ដម្នាក់ បានបាញ់ប្រធានការិយាល័យមធ្យោបាយនៃពន្ធនាគារខេត្ដបណ្ដាលឱ្យធ្លាយភ្លៅស្ដាំ ហើយត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដចាប់ខ្លួន កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៨ មករា នៅការិយាល័យខាងលើ ។ បើតាមព័ត៌មានឱ្យដឹងថា ប្រធានការិយាល័យរូបនោះឈ្មោះ ឆន ឈឺន ភេទប្រុស អាយុ ៥០ឆ្នាំ រីឯជនដៃដល់ឈ្មោះ មឿន រៀន ជាអនុប្រធានផ្នែកសន្ដិសុខនៃការិយាល័យប្រតិបត្ដិពន្ធនាគារខេត្ដ ។
មូលហេតុនៃការបាញ់នេះមិនទាន់មានប្រភពផ្លូវការទម្លាយឱ្យដឹងនៅឡើយទេ។ បើតាមព័ត៌មានលេចឮនានាឱ្យដឹងថា នៅពេលជនដៃដល់បាញ់ជនរងគ្រោះគឺគ្រប់គ្នាមិនបានដឹងច្បាស់លាស់ឡើយ តែបានដឹងខ្លះៗថា អ្នកទាំងពីរនាក់ស្ថិតនៅក្នុងការិយាល័យមធ្យោបាយនៃពន្ធនាគារខេត្ដ ។ ខណៈនោះ ស្រាប់តែឮស្នូរកាំភ្លើងផ្ទុះឡើង ហើយលោក ឆន ឈឺន ស្រែកហៅមេឱ្យជួយ ចំណែកឈ្មោះ មឿន រៀន ដែលជាអ្នកបាញ់ក៏មិនរត់ទៅណាដែរ ។ ចំពោះហេតុការណ៍នេះ លោកប្រធានពន្ធនាគារខេត្ដ បានប្ដឹងទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដឱ្យឃាត់ខ្លួនជនដៃដល់នៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃដដែល ។
តាមព័ត៌មានថា ជនដៃដល់បានប្រើកាំភ្លើងអាកាស្វាយបត់បាញ់១គ្រាប់ត្រូវលោក ឆន ឈឺន ធ្លាយភ្លៅខាងស្ដាំ ឯជនរងគ្រោះក៏មានកាំភ្លើងខ្លីនៅចង្កេះដែរ តែមិនបានបាញ់តបតឡើយសុខចិត្ដស្រែកហៅមេឱ្យជួយ ។ គេមិនទាន់ដឹងភ្លាមៗថា ការបាញ់នេះបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ