រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារតែកើតជំងឺសរសៃប្រសាទ បានអះអាងគួរឱ្យហួសចិត្តថា រូបគេជាអ្នកទេសចរពេញពិភពលោក និងបានឱ្យឪពុកដឹកតាមម៉ូតូមកលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់ តែយា៉ងណាក៏ដោយការលោតទឹកនេះត្រូវបានសមត្ថកិច្ចជួយស្រង់ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៨ មករា នៅលើស្ពានព្រះមុនីវង្សចាស់ ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់នេះដើរឡើងលើស្ពានព្រះមុនីវង្សចាស់បានបន្តិច ស្រាប់តែលោតចូលទៅក្នុងទឹកទន្លេបាសាក់ តែសំណាងល្អពេលដែលលោតទៅនោះគឺនៅជិតគល់ស្ពានទឹករាក់ ហើយត្រូវសមត្ថកិច្ចឃើញក៏នាំគ្នាចុះទៅជួយស្រង់យកទៅដាក់នៅមាត់ច្រាំង និងសន្លប់មួយសន្ទុះទើបដឹងខ្លួនឡើងវិញ។ បន្ទាប់ពីដឹងខ្លួនវិញ បុរសនេះប្រាប់ថា រូបគេឈ្មោះ សារី ម៉ុងទី អាយុ៣០ឆ្នាំ ឪពុកឈ្មោះ សុខ សារី ម្តាយឈ្មោះ កែវ ឈឿន មានទីលំនៅផ្ទះលេខ៩៣ ផ្លូវលេខ៥២០ ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ គេនិយាយថា មូលហេតុដែលមកលោតទឹកសម្លាប់ខ្លួននេះ ដោយសារតែខឹងឪពុកម្តាយមិនព្រមយករូបគេទៅព្យាបាលជំងឺសរសៃប្រសាទ ទើបសម្រេចចិត្តសុំឱ្យឪពុកដឹកមកលោតទឹក ។
ពេលដែលឪពុកដឹកតាមម៉ូតូមកដល់ស្តុបក្បាលថ្នល់ ផ្លូវស្ទះចរាចរណ៍ពេក រូបគេបានចុះពីលើម៉ូតូដើរសំដៅទៅលើស្ពាន រួចលោតចូលទៅក្នុងទឹកទន្លេបាសាក់តែម្តង ។ក្រោយពេលមន្ត្រីនគរបាលស្រង់យកទៅដាក់នៅមាត់ច្រាំងធ្វើការសួរនាំរួច បុរសរូបនេះក៏បានដើរចេញទៅបាត់មិនដឹងថាទៅណាមកណាទេ ៕
ចែករំលែកព័តមាននេះ