ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំណាស់តើ! រំលោ.ភបំពានមិនខ្លាច​បាប តែឮថាមានផ្កាយ៣នៅក្រោយខ្នង​ផង (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ជនខិលខូច​មួយ​ក្រុម​បាន​អះអាង​ថា​ពួក​ខ្លួន​មាន​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​បី​ម្នាក់​នៅ​ពីក្រោយ​ខ្នង​បាន​នាំ​គ្នា​ដឹក​បង្គោល​ថ្ម​ទៅ​ដាំ​រំលោភ​យក​ដី​ស្រះ​ព្រះ​ទន្លេ​ទំហំ​ជាង​៣​ហិ​កតា ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​វត្ត​គោក​បញ្ជាន់ ព្រមទាំង​ផឹកស៊ី​យាម​ការពារ​បង្គោល​នោះ និង​គំរាមកំហែង​ដល់​អ្នក​ភូមិ​មិន​ឲ្យ​ទៅ​ដក​បង្គោល​ដែល​ពួក​ខ្លួន​ដាំ​នោះ​ចេញ​ឡើយ​។ ករណី​រំលោភ​បំពាន​យក​ដី​វត្ត​ខាងលើ​នេះ ជា​ហេតុ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ជនខិលខូច​មួយ​ក្រុម​បាន​អះអាង​ថា​ពួក​ខ្លួន​មាន​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​បី​ម្នាក់​នៅ​ពីក្រោយ​ខ្នង​បាន​នាំ​គ្នា​ដឹក​បង្គោល​ថ្ម​ទៅ​ដាំ​រំលោភ​យក​ដី​ស្រះ​ព្រះ​ទន្លេ​ទំហំ​ជាង​៣​ហិ​កតា ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​វត្ត​គោក​បញ្ជាន់ ព្រមទាំង​ផឹកស៊ី​យាម​ការពារ​បង្គោល​នោះ និង​គំរាមកំហែង​ដល់​អ្នក​ភូមិ​មិន​ឲ្យ​ទៅ​ដក​បង្គោល​ដែល​ពួក​ខ្លួន​ដាំ​នោះ​ចេញ​ឡើយ​។

ករណី​រំលោភ​បំពាន​យក​ដី​វត្ត​ខាងលើ​នេះ ជា​ហេតុ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ​។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​ចុះ​ទៅ​ដក​បង្គោល​នោះ​ចេញ ព្រមទាំង​នាំ​ខ្លួន​មនុស្ស​២​នាក់​ទៅ​សាកសួរ​ដើម្បី​ចង់​ដឹង​ថា​តើ​ផ្កាយ​បី​ណាមួយ​ដែល​នៅ​ពីក្រោយ​ខ្នង​ថែម​ទៀត​ផង ដោយ​សង្ស័យ​ថា​ជា​បក្ខពួក​ក្រុម​អ្នក​រំលោភ​យក​ដី​វត្ត​នេះ​។

ស្រះ​ព្រះ​ទន្លេ​ដែល​ជា​កម្មសិទ្ធិ​របស់​វត្ត​គោក​បញ្ជាន់​ហើយ​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​យក​ទាំង​កម្រោល​ពី​សំណាក់​ជនខិលខូច​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ដក​បង្គោល​ចេញ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រោយ​ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​បោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​ទៅ​នេះ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ដី​ស្រះ​ព្រះ​ទន្លេ​មាន​ទំហំ​៣៦,៦៥៦​ម៉ែត្រការ៉េ ដែល​ជា​កម្មសិទ្ធិ​របស់​វត្ត​គោក​បញ្ជាន់​នេះ​តាំងពី​យូរលង់​ណាស់​មក​ហើយ រហូត​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ចេញពី​កណ្ដាប់ដៃ​ប៉ុ​ល​ពត ហើយ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​វត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស​នោះ ដី​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វត្ត​ដដែល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៥ ដី​ស្រះ​ព្រះ​ទន្លេ​នេះ​ក៏​ត្រូវ​បាន​លោក ឆាយ ឬ​ទ្ធិ​សែន អតីត​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ចុះបញ្ជី (​ចេញ​ប្លង់​រឹង​) ជា​សម្បត្តិ​របស់​វត្ត​គោក​បញ្ជាន់​នេះ​ផង​ដែរ ដែល​មិន​អាច​មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​យក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ឡើយ គឺ​មាន​តែ​ព្រះសង្ឃ​ប៉ុណ្ណោះ​មាន​សិទ្ធិ​គ្រប់គ្រង​ថែរក្សា​ជា​សម្បត្តិ​សាធារណៈ តែ​ព្រះសង្ឃ​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​លក់ដូរ​ផ្ទេរសិទ្ធិ​អ្វី​ទាំងអស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ស្រាប់តែ​មាន​បុរស​១០​នាក់​ប្រដាប់​ដោយ​វិទ្យុទាក់ទង​គ្រប់​ដៃ ដោយ​ខ្លះ​ជិះ​ម៉ូតូ និង​ខ្លះ​ទៀត​ជិះ​រថយន្ត​ដឹក​បង្គោល​ថ្ម​ទៅ​ដាំ​ព័ទ្ធ​យក​ដី​ស្រះ​ទាំង​ជា​៣​ហិ​កតា​នេះ ទាំង​កម្រោល ព្រមទាំង​គំរាម​ពួក​គាត់​ថា​«​នេះ​គឺជា​ដី​លោក​ផ្កាយ​បី​អ្នក​ទាំងអស់​គ្នា​កុំមក​ចង់​ដក​បង្គោល​ប្រយ័ត្ន​មានរឿង​» ខណៈនោះ​ទើប​មានការ​ភ្ញាក់ផ្អើល​ហើយ​ទាំង​ពួក​គាត់​រួម​ជាមួយ​ព្រះ​ចៅអធិការ​វត្ត​បាន​រាយការណ៍​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ភ្លាម​ៗ ។ រហូត​មក​ដល់​ពេល​នេះ​ទើប​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ដក​បង្គោល​នោះ​ចេញ​ព្រមទាំង​ឃាត់​បុរស​២​នាក់​ទៅ​សាកសួរ​ដោយ​សង្ស័យ​ថា​ជា​ដៃជើង​របស់​លោក​ផ្កាយ​បី​ម្នាក់​ដែល​រំលោភ​យក​ដី​វត្ត​នេះ​។

ម្យ៉ាងទៀត​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ក្រុម​ជនខិលខូច​មិន​ខ្លាច​ចុះ​នរក​ទាំងនោះ​បាន​នាំ​គ្នា​ទៅ​បោះ​បង្គោល​​រំលោភ​យក​ដី​វត្ត​ខាងលើ​បែប​នេះ ដែល​កាលពី​អំឡុង​២០១៦​កន្លង​ទៅ​នេះ ក៏​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​ទៅ​លួច​បង្គោល​យកបែប​នេះ​ដែរ ហើយ​ពួក​គាត់​ក៏​មានការ​សង្ស័យ​ថា​ជា​ក្រុម​ដដែល​នេះ​ផង​ដែរ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​អ្នក​ភូមិ​ខាងលើ​រួម​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ខាង​បាន​នាំ​គ្នា​រារាំង និង​ប្តឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ