រាជធានីភ្នំពេញ ៖ ជារឿងដែលកម្រកើតមាន និងមិននឹកស្មានដល់ ដែលបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ភ័យស្លន់ស្លោ ស្រែកឱ្យអ្នកធ្វើដំណើរតាមដងផ្លូវជួយធ្វើជាសាក្សីឱ្យគាត់ផង ខណៈគាត់កំពុងបើកម៉ូតូកង់បីអត់ដឹងថា មានក្មេងប្រុសអាយុប្រហែល២ខួបម្នាក់ ឡើងមកអង្គុយតាំងពីពេលណាមកទេ ហើយគាត់ក៏ចេះតែបើកដូចធម្មតារកម៉ូយ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦និង២០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា នៅតាមផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

បុរសអ្នករត់ម៉ូតូកង់បីរូបនេះដែលសុំមិនបញ្ចេញឈ្មោះនិយាយថា រូបគាត់បានបើកម៉ូតូកង់បីធ្វើដំណើរតាមផ្លូវលេខ៣BT នៅភូមិចម្រើនផលពីខាងកើតទៅខាងលិច ហើយដោយសារតាមផ្លូវស្ទះចរាចរណ៍គាត់បើកយឺតៗរហូតមកដល់ផ្លូវលេខ២៧១ ក៏បត់ឆ្វេងមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចអែបកៀនឈប់ក្រែងមានគេរកម៉ូតូកង់បីជិះ ។ ខណៈឈប់នោះ គាត់បានអង្គុយរាប់លុយដែលរកបាន ហើយក្រឡេកមើលកៅអីក្រោយ ស្រាប់តែឃើញមានក្មេងប្រុសតូចម្នាក់អង្គុយនៅលើកង់បីរបស់គាត់ ធ្វើឱ្យគាត់ភ័យយ៉ាងខ្លាំងខ្លាចអាណាព្យាបាលក្មេងចោទប្រកាន់គាត់ថាលួចចាប់កូនគេមក ។
ភ្លាមៗ គាត់ក៏ស្រែកហៅអ្នកនៅជិតនោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះឲ្យជួយធ្វើជាសាក្សីឱ្យគាត់ផង និងឱ្យជួយមកមើលក្មេងប្រុសនោះផង ក្រែងស្គាល់អាណាព្យាបាលនឹងបានជូនត្រឡប់ទៅផ្ទះវិញ តែគ្មានអ្នកណាស្គាល់ឡើយ ទើបបង្កជាភ្ញាក់ផ្អើលនៅពេញមុខមន្ទីរពេទ្យ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដែរ ។

ក្រោយការភ្ញាក់ផ្អើលប្រមាណកន្លះម៉ោង ស្រាប់តែឃើញឪពុកក្មេងជិះម៉ូតូមកដល់ ធ្វើឲ្យគាត់អរផងភ័យផង សួរនាំដំណើររឿងទាក់ទងនឹងកូនប្រុសតូចនេះ លុះដឹងរឿងហើយក៏ប្រគល់កូនឱ្យវិញ និងបានសុំទោសឪពុកក្មេងនោះ ព្រោះគាត់ពិតជាមិនដឹងមែន ។ ចំណែកឪពុកក្មេងប្រុសមិនបានចោទប្រកាន់អ្វីទេ និងបានអរគុណហើយសុំទោសម្ចាស់ម៉ូតូកង់បីឥណ្ឌា ដែលខ្លួនគាត់ធ្វេសប្រហែសមួយភ្លែត ធ្វើឱ្យមានរឿងនេះកើតឡើង ។
តាមឪពុកក្មេងប្រុសនេះនិយាយថា គាត់ស្នាក់នៅភូមិចម្រើនផល ផ្លូវលេខBT សង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ ទល់មុខផ្ទះសំណាក់«រ៉ាណាវី» ហើយកូនប្រុសរបស់គាត់ឆ្នាំនេះ មានអាយុ២ខួបកន្លះ ។ កូនគាត់នេះរពឹសណាស់ ព្រមទាំងចូលចិត្តជិះម៉ូតូកង់បីឥណ្ឌាបំផុត ឱ្យតែមានគេឈប់នៅមុខផ្ទះដឹងតែកូនគាត់ឡើងទៅលេងលើម៉ូតូកង់បីនោះហើយ ហៅមិនចង់ចុះមកវិញទេ ។

មុនកើតហេតុ រូបគាត់និងកូនប្រុសនៅក្នុងផ្ទះជាមួយគ្នា និងបានបិទទ្វារផ្ទះដែរ តែមិនបានដាក់គន្លឹះទេ ស្រាប់តែកូនប្រុសគាត់បើកទ្វាររត់ចេញមកក្រៅ ។ ទំនងជាកូនគាត់ឃើញម៉ូតូកង់បីឥណ្ឌានោះបើកយឺតៗនៅមុខផ្ទះ ក៏ទាញទ្វារចេញរត់ឡើងកង់បីគេតែម្តងទៅ ព្រោះកន្លងមកកូនប្រុសគាត់នេះ ក៏ធ្លាប់ឡើងជិះកង់បីគេដែរតែគាត់ដឹងទាន់ ក៏ចាប់ចុះមកវិញ ។
ប៉ុន្តែថ្ងៃនេះ គាត់ភ្លេចខ្លួនមួយភ្លែត ស្រាប់តែបាត់កូនប្រុស គាត់ភ័យស្លន់ស្លោជិះម៉ូតូតាមរកកូនប្រុស ជុំវិញមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លុះមកដល់មុខមន្ទីរពេទ្យឃើញមានគេភ្ញាក់ផ្អើលចោមរោមមើលម៉ូតូកង់បី ក៏ចូលទៅមើលស្រាប់តែឃើញកូនប្រុសគាត់នៅលើម៉ូតូកង់បីនោះ ធ្វើឲ្យគាត់ត្រេកអរយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមមិនបានឡើយ ។ (សម្រួលដោយ៖ ស្រីណា)


ចែករំលែកព័តមាននេះ