ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយឱបកូនប្រុស(ឡាយ វណ្ណៈ)…មុន​បញ្ជូន​ទៅគុកវិញ រង់​ចាំលទ្ធផល​បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ភ្លោះ(​អត្តឃាត​ឬ​ឃាតកម្ម​) ទាក់ទិន​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នក​មេម៉ាយ​កូន​៣​រូបស្រស់​ អ្នកស្រី ចេ​វ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ភ្លោះ(​អត្តឃាត​ឬ​ឃាតកម្ម​) ទាក់ទិន​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នក​មេម៉ាយ​កូន​៣​រូបស្រស់​ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​តុលាការ​បញ្ចប់​ការ​សាកសួរ​ដេញដោល និង​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ជា​ផ្លូវ
ការ​ហើយ ​នា​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា នៅឡើយ​តែ​ការ​សម្រេច​ចុង​ក្រោយ​ពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ ជម្រះថា​ តើ​ត្រូវ​ផ្តន្ទាទោស​ ឬ​លើកលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ លើ​សំណុំរឿង​ភ្លោះ​មួយ​នេះ​ដែល​សាលក្រម​នេះ​ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ខែសីហា​ខាង​មុខ ។ ខណៈពេលនោះ បានឃើញម្តាយ​របស់​លោកឡាយ វណ្ណៈ  ឱប​កូន​មុនពេលស​មត្ថកិច្ច​ត្រូវបញ្ជូន​ទៅ​កាន់ពន្ធនាគារវិញ​ ។

ចំពោះ​លទ្ធផល​នៃ​ការ​សន្និដ្ឋាន ​ដែល​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​លើ​សំណុំរឿង​មួយ​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្តាប់​អង្គ​សវនា​ការ​ជា​ច្រើន​លើក និង​ការ​សាកសួរ​ដេញដោល​តាម​ទម្រង់​ច្បាប់ ការស​ន្និ​ដ្នា​ន​ចុង​ក្រោយ​របស់​តំណាង​អយ្យ ការ បាន​សំណូមពរ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​លើ​រឿង​ក្តី​នេះ និង​បាន​ស្នើ​សុំ​ទៅ​លោក​ចៅក្រម​ចាត់ការ​តាម​គតិ​យុ​ត្ត ។ ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំង​៤​នាក់ បាន​សំណូមពរ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផង​ដែរ សុំ​ឲ្យ​មានការ​លើកលែង​កូនក្តី​របស់​លោក ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ណាមួយ​នោះ ក្នុង​សំណុំរឿង​មិន​ច្បាស់លាស់ អត្តឃាត ឬ​ឃាតកម្ម​នេះ ។

ជនជាប់ចោទ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​លើកដៃ​ប្រណម​ទ​ទួ​ច​អង្វរករ​សំណូមពរ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​ពិតជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ទេ ។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺ​ពិតជា​ការ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​មែន ។

ទោះជា​យ៉ាងណា​ក្តី វាំងនន​នៃ​សំណុំរឿង​ក្តី ដ៏​ស្មុគស្មាញ​(​អត្តឃាត​ឬ​ឃាតកម្ម​) លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នឹង​ឃើញ​ស​ខ្មៅ​នៅ​ខែ​ក្រោយ​នេះ ។ សំណុំរឿង​មួយ​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​ជា​ច្រើន​លើក​មក​ហើយ និង​ទើបតែ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ។

គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៩ បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម​លើ​ស្រី​កំណាន់​មេម៉ាយ​កូន​បី​រូប​ស្រស់ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ អង្គ​សវនាការ​បាន​ផ្ដោត​លើ​ការ​បង្ហាញ​ភ័ស្តុតាង​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដាក់បន្ទុក​លើ​លោក ឡាយ វណ្ណៈ ឲ្យ​ជាប់ពិរុទ្ធ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត ។

សាក្សី​សំខាន់​ដែល​អង្គ​សវនាការ​បាន​សាកសួរ​នា​ព្រឹក​ថ្ងៃ​នោះ ពាក់ព័ន្ធ​អង្គហេតុ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​គឺ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ បូ​ណា អនុប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ដែល​ជា​អ្នក​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ កាល​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​៣០ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោល​គឺ​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ ។

តាម​ការ​បញ្ជាក់​របស់​លោក ទិ​ត្យ បូ​ណា បង្ហាញ​ថា នៅ​ពេល​ទៅ​ដល់​ខេត្តតាកែវ គណៈ​ករណី​បាន​ប្រមែ ប្រមូល​ឯកសារ​ទាំងឡាយ​ដែល​សមត្ថកិច្ច​ខេត្តតាកែវ​បាន​ធ្វើ​រួច​ហើយ​មក​ពិនិត្យ​មើល​ឡើង​វិញ​ទាំងអស់ រួម​ទាំង​ការ​សាកសួរ​សាក្សី​មួយ​ចំនួន និង​ចុះ​ទៅ​ពិនិត្យ​នៅផ្ទះ​កើតហេតុ​នា​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ។ ក្នុង​ការ ​ពិនិត្យ​​នៅផ្ទះ​កើតហេតុ គណៈ​ករណី​បាន​រក​ឃើញ​ថា ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ខេត្ត​មានការ​ខ្វះចន្លោះ ធ្វេសប្រហែស និង​ឆាប់​ធ្វើ​សេចក្ដីសន្និដ្ឋាន​លឿន​ពេក ដោយ​ស្ថានភាព​នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​រុះរើ​ខុស​ពភាព​ដើម ។

ចំណែក​ភាព​មិន​ប្រក្រតី​មាន​ដូច​ជា​ ៖
ទី​១-​នៅ​លើ​ធ្នឹម​បង្អួច​ពុំ​មាន​ធូលី​ឬ​ស្នាមជើង​ជន​រង​គ្រោះ​ឡើង​ជាន់​ដែល​បញ្ជាក់​ថា​ជន​រង​គ្រោះ​ឡើង​ទៅ​ចងក​ដោយ​ខ្លួនឯង​ទេ ទី​២-​រនូត​វាំងនន​ដែល​បាញ់​វី​ស​២​គ្រាប់​ជាប់​ជញ្ជាំង​ដែល​ចង​ព្យួរ​សព​ជន​រង​គ្រោះ មិន​អាច​ទ្រ​ទម្ងន់​សព​ជន​រង​គ្រោះ​បាន​ទេ ទី​៣-​បើសិន​ជន​រង​គ្រោះ​ចងក​ដោយ​ខ្លួនឯង យក​ខ្សែ​វាំងនន​មក​ទាក់​ក​ហើយ​លោត​ទម្លាក់​ខ្លួន​ពិតជា​មាន​ស្នាម​របួស​រលាក​ត្រង់​ក​ទាំង​សងខាង ប៉ុន្តែ​នេះ​ពុំ​មាន​ស្នាម​ដាច់​រលាត់​ទេ ទី​៤-​គ្រែ​ពូក ខ្នើយ កម្រាល​ពួក មាន​ភាព​រញ៉េរញ៉ៃ ទី​៥-​មាន​ទូរស័ព្ទ​២​គ្រឿង​នៅ​លើ​ពូក និង​មួយ​គ្រឿង​ទៀត​ធ្លាក់​នៅ​លើ​កម្រាល​ឥដ្ឋ នេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅ​កន្លែង​កើតហេតុ ។

សរុប​មក គណៈ​ករណី​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មាន​លទ្ធភាព​តិចតួច​បំផុត​ដែល​ជន​រង​គ្រោះ​ធ្វើ​អត្ត ឃាត និង​អាច​ជា​ករណី​ឃាតកម្ម​គិត​ទុក​មុន​ច្រើន​ជាង ។ គ្រប់ការ​លើក​ឡើង​របស់​នគរបាល​ក្រសួង​មហា​ផ្ទៃ ជនជាប់ចោទ​លោក ឡាយ វណ្ណៈ បាន​បដិសេធ​ថា សុទ្ធតែ​ជា​រឿង​មិន​ពិត​និង​មួលបង្កាច់ ។ ក្នុង​សវនា​ការ​នេះ​ដែរ លោក ចេ​វ សា​រ៉េ​ន ដែល​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​គឺ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឡើង​បំភ្លឺ​ជូន​អង្គ​សវនាការ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​កូន​គាត់ បាន​ពិនិត្យ​មើល​សព​កូនស្រី​សព្វកន្លែង ប៉ុន្តែ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ។

លោក​ក៏​បាន​សុំ​យក​សព​កូនស្រី​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​ចាត់​ទុក​ថា អ្វី​ដែល​កើតមក​លើ​កូនស្រី​គាត់ និង​ក្រុម​គ្រួសារ​គាត់ ចាត់ទុកជា​ព្រហ្ម​លិខិត​ដែល​កំណត់​វាសនា​ចំពោះ​កូនស្រី​ត្រឹមហ្នឹង​ចុះ ហើយ​គាត់​ក៏​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​បុគ្គល​ណា​ម្នាក់ និង​ទាមទារ​សំណង​អ្វី​នោះ​ដែរ ។ ដូច្នេះ ក្រោយ​ពី​បាន​ស្ដាប់​សេចក្ដី​បំភ្លឺ​របស់ឪពុក​ជន​រង​គ្រោះ និង​របាយការណ៍​ប្រ​តិ​កោសល្យវិច័យ​របស់​នគរបាល​ក្រសួងមហាផ្ទៃ ដែល​បាន​ធ្វើ​ឡើង​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ ដែល​មាន​ភាព​ផ្ទុយ​ពី​ថ្ងៃ​កើតហេតុ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​សវនាការ និង​លើក​ពេល​ទៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ខាង​មុខ​ទៀត ។

កាលពី​ខែមេសា ឆ្នាំ​២០១៩ អង្គ​សវនាការ​បាន​ស្ដាប់​និង​ពិនិត្យ​របាយការណ៍​និង​ភ័ស្តុតាង​មួយ​ចំនួន​របស់​សមត្ថកិច្ច​ខេត្តតាកែវ ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត មិន មែន​ជា​ករណី​ឃាតកម្ម​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ សំណុំរឿង​នេះ សាលាដំបូង​បាន​ចោទ​ប្រកាន់​លើ​ជនជាប់ចោទ​៤​នាក់ ១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ជា​បងប្រុស​របស់ ឡាយ វណ្ណៈ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមក​រា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​របស់ លោក ឡាយ វណ្ណ​: និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត
ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​នៅ​ក្នុង​បន្ទប់ដេក​របស់​នាង នៅ​ក្នុងផ្ទះ​ជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ នៅ​ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតា កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ ភ្លាម​ៗ​ករណី​នេះ​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្ដែ​ក្រោយ ពី​បើក​ការ​ស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​នាយក ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​រកឃើញ​ថា ករណី​ខាងលើ មិនមែន​ជា​រឿង​អត្តឃាត​ទេ ពោល​គឺជា​រឿង​ឃាតកម្ម​ទៅ​វិញ ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជន​រង​គ្រោះ​។

ក្រោយ​ពី​បើក​ការ​ស៊ើបអង្កេត សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង​៤​នាក់​ខាងលើ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​រហូតមក​ដល់​ពេល​នេះ ។ រាល់ពេល​សវនាការ លោក ឡាយ វណ្ណៈ ដែល​ជា​ជន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា តែងតែ​ប​ដិសេ​ធ​ថា ខ្លួន​មិនមែន​ជា​មនុស្ស​ល្ងង់ខ្លៅ ដល់​ថ្នាក់​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​កំណាន់​នោះ​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ