រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿង ញៀនបានធ្វើការដេញតាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ហើយក្នុងហេតុការណ៍នោះដែរក៏មានការផ្ទុះអាវុធរហូតទៅដល់៤គ្រាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែររបងស្ថានទូតចិន ក្នុងខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជា៤និង៣០នាទីរសៀលថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធនៅចំណុចផ្លូវលេខ៤០៨ គឺខាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានដេញបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនមកដល់ខាងក្រោយស្ថានទូតចិន ក្នុងទឹកដីប៉ុស្តិ៍ទំនប់ទឹក រួចក៏មានការផ្ទុះអាវុធខ្លីចំនួន៤គ្រាប់តែម្តង ។ ក្រោយមកមន្ត្រីសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ជូនទៅលោកអធិការខណ្ឌចំការមនភ្លាមៗ ហើយលោកអធិការខណ្ឌចំការមនក៏បានទូរស័ព្ទទៅសួរខាងមន្ទីរប្រឆាំងគ្រឿងញៀន ទើបដឹងថា ខាងមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់គ្រឿងញៀន។

បើយោងតាមរយៈសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងនារីម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ផ្សេងទៀតជិះម៉ូតូមួយគ្រឿងមកបុកពីក្រោយ បណ្តាលឱ្យដួល ហើយក៏មានការដេញវាយប្រតាយប្រតប់គ្នា និងឃើញបុរសម្នាក់នោះដេញបុរសម្នាក់ និងនារីម្នាក់រត់ចូលក្នុងផ្ទះមួយបាត់ស្រមោល។

តាមរយៈសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យដឹងទៀតថា ក្រោយពីបុរសម្នាក់ និងនារីម្នាក់រត់ចូលក្នុងផ្ទះមួយបាត់ គេក៏ឃើញបុរសម្នាក់នោះដើរទៅទាញម៉ូតូរបស់ខ្លួនឡើងជិះធ្វើដំណើរបានបន្តិច ក៏ស្រាប់តែមានបុរសចំនួន២នាក់ផ្សេងទៀតជិះម៉ូតូមួយគ្រឿងមកពីក្រោយបុក បណ្តាលឱ្យដួលតែម្តង ។

តាមរយៈសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពនេះដែរ គេសង្កេតឃើញថា ក្រុមបុរសជាច្រើននាក់ស្លៀកពាក់ស៊ីវិល ហើយគេមិនដឹងថាមួយណាជាជនសង្ស័យ និងមួយណាជាកម្លាំងសមត្ថកិច្ចឡើយ ព្រោះមានអាវុធខ្លីកាន់គ្រប់ដៃ និងបាញ់តដៃគ្នាទៅវិញទៅមកផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ