រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ខណៈយុវជនមួយក្រុមនាំគ្នាដើរលេងនៅម្តុំដីវាលកំពុងតែថតសែលហ្វុី ស្រាប់តែត្រូវភាគីមួយក្រុមទៀតដេញកាប់ ធ្វើឱ្យភាគីខាងជនរងគ្រោះភ័យរត់ធ្លាក់ចូលទឹក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំដីវាល (ក្នុងសង្កាត់២ជាប់គ្នា) ដែលស្ថិតនៅសង្កាត់សំរោងក្រោម ភូមិចាក់ជ្រូក និងសង្កាត់កាកាបទី២ ភូមិត្រពាំងជ្រៃ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងក្រុមយុវជនដែលរងគ្រោះខាងលើ ក្នុងនោះជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ឈ្មោះ សិន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រោក ឃុំតាសុះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបុរសរងគ្រោះដែលរងរបួសស្រាល មិនស្គាល់ឈ្មោះ រស់នៅខេត្តកំពត ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។
ចំណែកភាគីខាងក្រុមជនបង្កមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ ហើយក៏មិនស្គាល់អត្តសញ្ញាណផងដែរ។
តាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាដើរលេងម្តុំដីវាលខាងលើ ដោយមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង បន្ទាប់មកក៏ឃើញភាគីក្រុមជនបង្កអង្គុយផ្តុំគ្នានៅចំណុចដីវាល ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យផងដែរ ។
តាមប្រភពដដែលបានបន្តថា ពេលពួកគាត់នាំគ្នាអង្គុយថតស៊ែលហ្វុីលេងសុខៗ ស្រាប់តែភាគីខាងក្រុមជនបង្កបានព្រួតវាយមកលើពួកគាត់ ធ្វើឲ្យភ័យពួកគាត់ភ័យរត់បាត់អស់ បន្ទាប់មកជនរងគ្រោះម្នាក់ឈ្មោះសិន រ៉ាត់ បាននាំមិត្តភក្ដិម្នាក់ផ្សេងទៀតដែលទើបមកថ្មី ដើម្បីបង្ហាញកន្លែងដែលត្រូវគេដេញវាយលើកដំបូង។
តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលជនរងគ្រោះកំពុងតែនាំមិត្តភក្តិមកមើល ទីកន្លែងដែលត្រូវគេវាយ ស្រាប់តែភាគីក្រុមជនបង្កខាងលើបាននាំគ្នាដេញវាយជនរងគ្រោះទាំង២នាក់ ភ័យរត់ចោលម៉ូតូ ហើយភាគីខាងក្រុមជនបង្កដេញកាប់ជនរងគ្រោះជាច្រើនកាំបិត ទោះបីជាជនរងគ្រោះភ័យរត់ធ្លាក់ទឹកក៏ដោយ ក៏ភាគីក្រុមជនបង្កនៅតែនាំគ្នាដេញកាប់ដែរ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាលដោយសាររត់រួច ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវភាគីខាងជនបង្កនាំគ្នាវាយកម្ទេចបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយភាគីក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់អស់ ។
ពាក់ព័ន្ធករណីខាងលើនេះ គេមិនដឹងថាជារឿងគំនុំ ឬផ្តើមចេញពីរឿងអ្វីនោះទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ សំរោងក្រោមយកទៅរក្សាទុកនៅប៉ុស្តិ៍សិន រង់ចាំប្រគល់អោយម្ចាស់វិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ