ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​សាច់​ជ្រូក​តាម​ផ្សារ​ប្រឈម​ការ​បោះបង់​អាជីពបន្ទាប់ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ច្រើន​ខេត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បណ្តាល​ឲ្យ​មាន​ជ្រូក​ជិត ៣០០០ ក្បាល​ងាប់ និង​បំផ្លាញ​ចោល​ជិត ៨០០ ក្បាល​ផ្សេង​ទៀត​នោះ វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ការ​លក់ដូរ​សាច់​ជ្រូក​ផង​ដែរ…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បណ្តាល​ឲ្យ​មាន​ជ្រូក​ជិត ៣០០០ ក្បាល​ងាប់ និង​បំផ្លាញ​ចោល​ជិត ៨០០ ក្បាល​ផ្សេង​ទៀត​នោះ វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ការ​លក់ដូរ​សាច់​ជ្រូក​ផង​ដែរ ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ច្រើន ផ្អាក​ទទួលទាន​សាច់​ជ្រូក ដោយ​ការ​ភ័យ​ខ្លាច​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។ ​

កត្តា​នេះ​កំពុង​ធ្វើ​អោយ​ទីផ្សារ​សាច់​ជ្រូក​នៅ​តាម​ផ្សារ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ​បាន​បាត់បង់​អតិថិជន​អស់​ជា​ច្រើន ដោយ​ពលរដ្ឋ​ងាក​ទៅ​រក​សាច់​ផ្សេង​ៗ​មក​ទទួលទាន​វិញ ដូច​ជា​សាច់​គោ សាច់​ត្រី​ជាដើម ។ អាជីវករ​មួយ​ចំនួន​នៅ​តាម​ផ្សារ​បាន​បោះបង់​របរ​លក់​សាច់​ជ្រូក​បន្តិច​ម្ដង​ៗ ពីព្រោះ​តែ​តម្លៃ​ជ្រូក ទិញ​ចូល​នៅ​មាន​តម្លៃ​ខ្ពស់​ដដែល តែ​សាច់​ជ្រូក​គ្មាន​អ្នកទិញ​ទៅ​បរិភោគ ។ ​

ជាក់ស្តែង លោក ច​ន្ធី អាជីវករ​នៅ​ផ្សារ​អូរ​ឬ​ស្សី បាន​ប្រាប់​អោយ​ដឹង​ថា រយៈពេល​ប្រមាណ​ជិត ១០​ថ្ងៃ​មកនេះ ការ​លក់​សាច់​ជ្រូក​លែង​សូវ​ដាច់​ដូច​មុន​ហើយ ដោយ​ពលរដ្ឋ​អត់​ទិញ​សាច់​ជ្រូក​ទៅ​ធ្វើ​ម្ហូប​ដូច​មុន​ទៀត​ទេ ពួក​គាត់​ងាក​ទៅ​រក​ទិញ​សាច់​ផ្សេង​ជំនួស​វិញ ។ ​លោក​បាន​បន្ត​ថា «​ខ្ញុំ​មិនដឹង​ថា​ពួក​គាត់​បាន​ព័ត៌មាន​មកពីណា​ទេ ថា​សាច់​ជ្រូកស្រុក​ខ្មែរ​ទាំង​អស់កើត​ជំងឺ​ប៉េ​ស​ហ្នឹង តែ​តាម​ពិត​ជំងឺ​នេះ បើ​កើត​កន្លែង​ណា​គេ​បំផ្លាញ​ទាំងអស់ មិន​អោយមក​លក់​នៅ​លើ​ទីផ្សារ​ឡើយ ។ ដោយឡែក​សាច់​ជ្រូក​ដែល​អាជីវករ​យើង​មុន​នឹង​យក​មក​លក់​នេះ​ដែរ ក៏​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ដោយ​មិន​ចេះ​តែ​លក់​តាម​ចិត្ត​នោះ​ទេ​» ។

​ប្រភព​ដដែល​បាន​បន្ថែម​ថា កាលពីមុន​ក្នុង​មួយ​ថ្ងៃ លោក​អាច​លក់​សាច់​ជ្រូក​អស់​ប្រមាណ ២​ក្បាល​ទៅ​៣​ក្បាល តែ​ពេល​នេះ​វិញ ត្រឹមតែ​មួយ​ចំហៀង​ក៏​លក់​មិន​អស់​ដែរ និង​ត្រូវ​យក​ទៅ​ផ្ទះ​ក្លា​ស្សេ​ទុក និង​ត្រូវ​លក់​ក្រោម​តម្លៃ​ទីផ្សារ​ដើម្បី​បាន​ប្រាក់​កាស​មក​វិញ​ខ្លះ គ្រាន់បើ​ជាង​ខូច​ចោល​ទទេ ដូច្នេះ​ហើយ របរ​នេះ​ហាក់ដូចជា​ពិបាក​ណាស់​ពេល​នេះ ។​លោក​បាន​ថា​៖« គេ​គ្រប់​គ្នា​ខ្លាច​មិន​ហ៊ាន​ហូប​សាច់​ជ្រូក តែ​សម្រាប់​ខ្ញុំ​វិញ​ហូប​រាល់ថ្ងៃ មិនឃើញ​កើត​អី​ផង ដូច្នេះ​ហើយ​សូម​ពលរដ្ឋ​ខ្មែរ គួរតែ​គាំទ្រ និង​បរិភោគ​សាច់​ជ្រូក​វិញ​ទៅ ព្រោះ​មន្ត្រី​ជំនាញ​គេ​បាន​ចេញ​សេចក្តី​ប្រកាស​ហើយ​ថា ជំងឺ​នេះ មិន​ឆ្លង​មក​មនុស្ស​ទេ » ។ ​

អ្នកស្រី​អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​ទៀត​នៅ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី នេះ​ដែរ បានអោយ​ដឹង​ថា សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល តែ​អ្នកទិញ​ស្ងាត់​ណាស់ គឺ​ស្ងាត់​រហូត​ដល់​ចង់​បិទ​តូប​ចោល​តែ​ម្ដង ព្រោះ​មិន​មាន​ពលរដ្ឋ​ណា​មក​រក​ទិញ​សាច់​ជ្រូក​សោះតែ​ម្ដង គឺ​មាន​តិចតួច​បំផុត ។ ​អ្នកស្រី​បាន​និយាយ​ថា « របរ​លក់​សាច់​ជ្រូក​នៅ​ពេល​នេះ ប្រៀប​ដូច​ជា​មនុស្ស​អាយុ​៨០​អ​ញ្ចឹ​ង មាន​ន័យ​ថា​កាន់តែ​ដុនដាប​មែនទែន​ហើយ ហើយ​បើសិន​ជាមួយ​ស​ប្ដា​ហ៍​ទៀត នៅ​តែ​មាន​ស្ថានភាព​បែប​នេះ មិនយូរ​ទេ​ខ្ញុំ​នឹង​បិទ​តូប​ដូច​គេឯង​ហើយ​និងរ​ករបរ​ថ្មី​ជំនួស​វិញ​ហើយ » ។ ​

អាជីវករ​ក្នុង​ផ្សារ​នានា​បាន​អំពាវនាវ​អោយ​អាជ្ញា​ធរមាន​ចំណាត់ការ​ណាមួយ លើ​បញ្ហា​ទីផ្សារ​ជ្រូក​នេះ ព្រោះថា​តម្លៃ​នៅ​តែ​ខ្ពស់ តែ​គ្មាន​អ្នក​មក​ទិញ​យក​ទៅ​បរិភោគ ឬ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អោយ​ពលរដ្ឋ​យល់​ដឹង​បន្ថែម និង​ឱ្យ​ពួក​គាត់​នៅ​តែ​ទិញ​សាច់​ជ្រូក​ទៅ​បរិភោគ ។ មិនមែន​តែ​អា​ជីករ​ក្នុង​ផ្សារ​ដែល​លក់​សាច់​ជ្រូក​ប៉ុណ្ណោះ​ទេ​ពិបាក​នោះ សូ​ម្បី​តែ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​ក៏​មាន​បញ្ហា​ជាមួយនឹង​ម្ហូប​ទាក់ទង​នឹង​សាច់​ជ្រូក​នេះ​ដែរ ជាក់ស្ដែង​ម្ចាស់​ភោជនីយ​ដ្ឋា​យីហោ​សុខ​ហុ​ក​នៅ​ម្ដុំ​កំ​បូល​ក៏​បានអោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ម្ហូប​ដែល​ទាក់ទង​នឹង​សាច់​ជ្រូក ភ្ញៀវ​មិនសូវ​កុម្ម​ង់​ទេ ពួក​គាត់​កុម្ម​ង់​ម្ហូប​ជា​សាច់​គោ សាច់​មាន់ ឬ​សាច់​ត្រី​វិញ ។ ​

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានអោយ​ដឹង​ថា​ទោះបីជា​ជ្រូក​ខ្មែរ កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​ដោយ ក៏​តម្លៃ​នៅ​តែ​ខ្ពស់​ដដែល ពីព្រោះ​ជ្រូក​ដែល​កើត​ជំងឺ​នេះ នៅ​តំបន់​ណាត្រូវ​កំទេច​ចោល​ទាំងអស់ ដូច្នេះ​ជ្រូក​ដែល​លក់​នៅ​លើ​ទីផ្សារ​នេះ ជា​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ថៃ​គេ​គ្មាន​កើត​ជំងឺ​នេះ​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​តម្លៃ​ជ្រូក​នៅ​តែ​ខ្ពស់ ។ ម្យ៉ាងទៀត​ជ្រូក​ខ្មែរ​ដែល​ផ្គត់ផ្គង់​នៅ​តាម​ផ្សារ​នោះ ក៏​ជា​ជ្រូក​របស់​ក្រុមហ៊ុន​ធំ​ៗ​ដែរ ដូច​ជា​ជ្រូក​របស់​ក្រុមហ៊ុន CP និង​ជ្រូក​របស់​ក្រុមហ៊ុន M’s Pig របស់​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី​ជាដើម ។ ​ខណៈ​បញ្ហា​សម្រាប់​សាច់​ជ្រូក​នោះ ធ្វើ​អោយ​សាច់​ផ្សេង​មាន​ហាងឆេង​និង​ទីផ្សារ​ខ្ពស់​ទៅ​វិញ ជាក់ស្ដែង អ្នកស្រី​សុខ ស្រី​ម៉ៅ អា​ជីករ​លក់​សាច់​គោ​បានអោយ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ សាច់​គោ​ហាង​មាន​ហាងឆេង​ខ្ពស់​ណាស់ ។ ពី​មុន​ក្នុង​មួយ​ថ្ងៃ អ្នកស្រី​លក់​បោះ​ដុំ​ទៅ​ម៉ូយ​តែ​ប្រមាណ​ជាង​១០០​គីឡូក្រាម​ប៉ុណ្ណោះ តែ​ប៉ុន្មាន​ថ្ងៃនេះ លក់​បាន​ដល់​ជាង​១​តោន​ឯណោះ ។​អ្នកស្រី​និយាយ​ថា «​ទោះបីជា​តម្រូវការ​សាច់​គោ​កើនឡើង​ខ្ពស់​បែប​នេះ​ក្ដី តែ​តម្លៃ​មិន​ឡើងថ្លៃ​នោះ​ទេ គឺ​នៅ​រក្សា​តម្លៃ​ដដែល ដូច​ពី​មុន​គ្រាន់តែ​អា​ជីករ​រីករាយ​ជាមួយនឹង​ការ​លក់​បាន​ច្រើន​ជាង​មុន ។

​គួរ​បញ្ជាក់​ថា​ទីផ្សារ​ជ្រូក​កម្ពុជា ទើបតែ​ឆ្លង​ផុត​នូវ​វិបត្តិ​មួយ​ដែល​ធ្វើ​អោយ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ដល់​កម្រិត រហូត​ដល់​ពលរដ្ឋ​បាន​បោះបង់​ចោលការ​ចិញ្ចឹម​ម្ដង​រួច​មក​ហើយ និង​ទើបតែ​ងើបឡើង​វិញ​បន្តិច ស្រាប់តែ​ពេល​នេះ ក៏​ជួប​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ ដែល​ជំងឺ​ត្រូវ​បាន​សន្និដ្ឋាន​ថា​ឆ្លង​មក​ពី​ប្រទេស​វៀតណាម តាម​រយៈ​ដឹក​តាម​ម៉ូតូ​រឺ​ពលរដ្ឋ​វៀតណាម​ដឹក​ម្ហូប​លក់​តាម​រទេះ មក​កាន់​ទឹកដី​ខ្មែរ ទើប​ជំងឺ​នេះ​ផ្ទុះ​ឡើង​តែ​ម្ដង ដែល​កាល​ដំបូង​គឺ​កើតឡើង​នៅ​ខេត្ត​រតនគីរី និង​បន្តបន្ទាប់​រហូត​ដល់​ពេល​នេះ នៅ​ជាយ​ៗ​រាជធានី​ភ្នំពេញ​ក៏​មាន​ជំងឺ​នេះ​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ