កំពូល​តារា​សម្តែង​ហុងកុង​ជើង​ចាស់ ត្រូវ​​​ជនអនាមិក​វាយប្រហារ​ជា​ច្រើន​កាំបិត​ (វីដេអូ)


ប្រទេស​ចិន ៖ តារា​សម្តែង​ហុងកុង​ជើង​ចាស់​ដ៏​ល្បី​មួយ​រូប គឺ​លោក ស៊ី​ម៉ូ​ន យ៉ា​ម៉ាត​វ៉ូ (Simon Yam Tat-wah) ត្រូវ​បាន​ជនអនាមិក​មួយ​រូប​វាយប្រហារ ដោយ​ចាក់​ជា​ច្រើន​កាំបិត​ត្រង់​ពោះ និង​ដៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ២០១៩ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ខណៈ​ដែល​តារា​សម្តែង​ប្រុស​រូប​នេះ​​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ហាង​លក់​សម្ភារៈ​មួយ​នៅ​ខេត្ត Guangdong ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ South China Morning Post។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ការ​ចាក់​ត្រូវ​ពោះ ​និង​ដៃ តារា​សម្តែង​រូប​នេះ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​តារា​សម្តែង លោក Simon Yam Tat-wah វ័យ​៦៤​ឆ្នាំ ​បាន​វិល​ត្រឡប់​មក​ក្រុង​ហុងកុង​វិញ ​បន្ទាប់​ពី​រង​នូវ​ការ​វាយប្រហារ​គួរ​ឲ្យ​រន្ធត់​មួយ​នោះ ។

សូម​បញ្ជាក់​ថា លោក Simon Yam Tat-wah គឺជា​ភ្ញៀវ​កិត្តិយស​ម្នាក់​នៅ​ឯ​ព្រឹត្តិការណ៍​នៃ​ការ​សម្ភោ​ធ​​ហាង​មួយ​របស់​ក្រុមហ៊ុន Beijing Easyhome នៅ​ក្នុង​ទីក្រុង Zhongshan ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​អ្នក​វាយប្រហារ​ដោយ​បុរស​អនាមិក​ម្នាក់ ដែល​បាន​រត់ឡើង​លើ​ឆាក​និង​ចាក់​តារា​សម្តែង​ជា​ច្រើន​កាំបិត​នោះ ។ មុន​​នឹង​រង​នូវ​ការ​វាយប្រហារ​នេះ គឺ​លោក Simon Yam Tat-wah បាន​និយាយ​ឆ្លង​ឆ្លើយ​ជាមួយនឹង​ពិធី​ការិនី និង​ឱ្យ​ភ្ញៀវ​ដែល​បាន​ចូលរួម​ឡើង​មក​វេទិកា​ដើម្បី​មក​ទទួល​រង្វាន់ ភ្លាម​ៗ​នោះ ក៏​មាន​បុរស​ម្នាក់​ស្លៀកខោ​ខូ​វ​ប៊​យ និង​ពាក់អាវ​វាល​ក្លៀក ឡើង​មក​ចាក់​លោក​ជា​ច្រើន​កាំបិត នៅ​ត្រង់​ពោះ នៅ​ចំពោះ​ហ្វូង​មហាជន ​និង​អ្នកគាំទ្រ​ជា​ច្រើន​រូប ។

អ្នកគ្រប់គ្រង​របស់​គាត់​បាន​និយាយ​ថា ការ​វះកាត់​ដើម្បី​ព្យាបាល​មុខរបួស​កាំបិត នៅ​ត្រង់​ពោ​របស់​តារា​សម្តែង​ប្រុស​រូប​នេះ គឺ​បាន​ជោគជ័យ​។

ប៉ូលិស​ក្រុង Zhongshan កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ម្សិលម៉ិញ ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​ដែល​មានឈ្មោះ​ថា Chen អាយុ៥៣ឆ្នាំ ​ដែល​គេ​បាន​អះអាង​ថា ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា ​មានជំងឺ​​វិកលចរិត (schizophrenia) ។

យ៉ាងណាមិញ ជន​ដៃដល់​ត្រូវ​បាន​ឃុំខ្លួន​នៅ​កន្លែង​កើតហេតុ​។ សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​ កាំបិត​ផ្លែ​ចិត​ឈើ​មួយ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​វាយប្រហារ​ទៅ​លើ​កំពូល​តារា​សម្តែង​រូប​នេះ ដែល​បាន​បណ្តាល​ឲ្យ​រូប​លោក រង​របួស​លើ​ពោះ​ប្រវែង ២ សង់​ទី​ម៉េ​ត្រ ​និង​ជម្រៅ​ប្រមាណ ៣ សង់ទីម៉ែត្រ​ទៅ​ក្នុង​ពោះ​របស់​គាត់​និង​មានការ​រង​រប​សួ​ស​លើ​ដៃ​របស់​លោក​ផង​ដែរ​។

ក្រុមហ៊ុន​គ្រប់គ្រង​របស់​លោក ​គឺ Emperor Entertainment Group បាន​និយាយ​មុន​នេះ​ថា Yam បាន​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ Zhongshan ហើយ​បាន​គ្រាន់បើ​ឡើង​វិញ​ហើយ​។

ក្រុមហ៊ុន​គ្រប់គ្រង​របស់​តារា​សម្តែង​រូប​នេះ​បាន​និយាយ​ថា «​មុខរបួស​កាំបិត​នៅ​តំបន់​ពោះ​របស់​គាត់ បណ្តាល​​ឱ្យ​ខូចខាត​តិចតួច​ដល់​សរីរាង្គ​ខាងក្នុង​របស់​គាត់​ដែល​ត្រូវ​បាន​ទទួល​ការ​ព្យាបាល ។ ការ​រង​របួស​នៅ​ដៃស្តាំ​របស់​គាត់​ក៏​ត្រូវ​បាន​គេ​ព្យាបាល​ផង​ដែរ​។ គាត់​កំពុង​សម្រាក​ហើយ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថេ​រ​ភាពល្អ »​។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូ​លិ​ស​កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា Yam ត្រូវ​បាន​បុរស​ម្នាក់​ចាក់​ជា​ច្រើន​កាំបិត កាលពី​ម៉ោង ១០ ព្រឹក​កាលពី​ថ្ងៃ​សៅរ៍ម្សិលម៉ិញ ខណៈ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ក្នុងស្រុក Huoju ខេត្ត Zhongshan ។ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​វេប​​សាយ Weibo របស់​ប្រទេស​ចិន តារា​សម្តែង​រូប​នេះ​កំពុងនិយាយ​ទៅ​កាន់​អ្នក​ទទួលខុសត្រូវ​នៃ​ព្រឹត្តិ​ការណ៍​នេះ ​និង​ប្រគល់​អំណោយ​ដល់​ភ្ញៀវ​ផ្សេង​ៗ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​គេ​ហៅ​ទៅ​កាន់​ឆាក​។ ប៉ុន្តែ​ខណៈ​​ពេល​ដែល​លោក Yam បាន​ឱបដៃ​របស់​គាត់​ដើម្បី​ស្វាគមន៍​បុរស​ម្នាក់​ស្លៀកពាក់​ខោអាវ​ខ្មៅ​ងងឹត​និង​​ខោ​ខូ​វ​ប៊​យ អ្នក​វាយប្រហារ​បាន​ទាញ​កាំបិត​ចាក់​គាត់​ជា​ច្រើន​សារ​ទៅ​លើ​ពោះ​របស់​តារា​សម្តែង​។

ការ​វាយប្រហារ​នេះ​នៅ​តែ​បន្ត​មាន​រយៈពេល​ជា​ច្រើន​វិនាទី ខណៈ​ពេល​ដែល​សន្តិសុខ ​និង​អ្នក​ឈរ​មើល​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​អន្តរាគមន៍​។ បន្ទាប់​ពី​ការ​វាយប្រហារ​បុរស​នោះ​ត្រូវ​គេ​បង្ក្រាប និង​ត្រូវ​បាន​នាំ​ទៅ​ម្ខាង​។ វី​ដេ​អូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ចិន បាន​បង្ហាញ​ថា ​លោក Yam ត្រូវ​បានការ​ឈឺចាប់​យ៉ាង​​ខ្លាំង​ដោយសារ​តែ​ការ​វាយប្រហារ​នេះ ហើយ​គេ​អាច​ឃើញ​គាត់​យកដៃ​របស់​គាត់​ខ្ទប់​លើ​ពោះ​របស់​គាត់​ដែល​ត្រូវ​រង​របួស​នោះ ។

នៅ​ក្នុង​វី​ដេ​អូ​ដាច់​ដោយឡែក​មួយទៀត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ​តារា​សម្តែង​រូប​នេះ​អាច​ត្រូវ​បាន​គេ​លឺ​និយាយ​ទៅ​កាន់​មិត្ត​រួមការ​ងារ​ថា «​ទៅ​មន្ទីរពេទ្យ … ទៅ​មន្ទីរពេទ្យ​» ។ ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទោះបីជា​ត្រូវ​រង​ការ​វាយប្រហារ​ក៏​ពិតមែន តែ​លោក Yam មិន​ដែល​បាត់បង់​ស្មារតី​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវ​ហេតុនេះ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ និង​ភ័យ​ស្លន់ស្លោ​ដល់​មនុស្ស​ផ្សេង​ៗ​ដែល​​បានឃើញ​នូវ​ការ​វាយប្រហារ​នេះ ។ ក្រុមហ៊ុន​គ្រប់គ្រង​របស់ Yam បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ​ហើយ​បាន​និយាយ​ថា ​ខ្លួន​នឹង​ចាត់​វិធាន​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ជនល្មើស​។

គួរ​បញ្ជាក់ថា កំពូល​តារា​សម្តែង​រូប​នេះ គឺ​ធ្លាប់​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​ជា​ច្រើន ជា​ពិសេស​ក្នុង​តួអង្គ​ឈ្មោះ Chen Lo នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ឆ្នាំ 2003 ដែល​មាន​ចំណងជើង​ថា Lara Croft: Tomb Raider – The Cradle of Life ។ ជា​ពិសេស​ទស្ស​និក​ខ្មែរ​បាន​ស្គាល់​លោក​ច្បាស់​ក្នុង​តួអង្គ​ជា​ច្រើន​ដែល​បាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក និង​ទូរទស្សន៍​ខ្សែ​កា​បិ៍​ផង
ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ The Star Online)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ