ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនទាំង5នេះ…ជាប់សង្ស័យ​ពាក់​ព័ន្ធ ឧក្រិដ្ឋ​កម្ម​ព្រៃឈើដ៏កំពុងក្តៅគគុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី​អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេសថ្លែង​ថាគណៈកម្មការ​ជាតិទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ធនធានធម្មជាតិ ចាប់​បញ្ជូនជនល្មើស​ទៅ​តុលាការ​ដោយ​មិន​គិត​ថា​ជា​អ្នកមានបុណ្យ​ស័ក្តិ ឬ​អ្នក​ក្រីក្រ​នោះ​ទេ ។ ការបង្ហាញ​ពី​វិធានការ​ថ្មី​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី​អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេសថ្លែង​ថា
គណៈកម្មការ​ជាតិទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ធនធានធម្មជាតិ ចាប់​បញ្ជូនជនល្មើស​ទៅ​តុលាការ​ដោយ​មិន​គិត​ថា​ជា​អ្នកមានបុណ្យ​ស័ក្តិ ឬ​អ្នក​ក្រីក្រ​នោះ​ទេ ។ ការបង្ហាញ​ពី​វិធានការ​ថ្មី​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ
គគុក​នៅ​ភូមិភាគ​ឦសាន ខណៈ​បាន​ស្រាវជ្រាវរក​ឃើញ​ថា មាន​ក្រុមហ៊ុន​ចំនួន​៥ព្រមទាំងជនជាប់ចោទ​៤​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ និង​ឃុំខ្លួន ឯ​ជនសង្ស័យ​៩​នាក់​ទៀត​​កំពុង​គេចខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហុ​ី បានថ្លែង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​១៨ ខែកក្កដា ។ លោក​ក៏​បាន​ប្រកាស​ពី​ការ​បើក​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ​កម្ពុជា និង​ជា​ការ​ចូលរួម​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅ​ប្រទេស​កម្ពុជា ។ លោក អេ​ង ហុ​ី បាន​អះអាង​ថា សកម្មភាពបទល្មើស​ព្រៃឈើ​ធំ​ៗ​បាន​បង្ក្រាប​អស់ហើយដោយ​​សព្វថ្ងៃ​នៅ​សល់​ករណី​តូច​ៗ​ដឹក​តាម​ម៉ូតូ​តែប៉ុណ្ណោះ ។ គណៈកម្មការ​ថ្នាក់​ជាតិ បាន​ចាប់ផ្តើម​បង្ក្រាប​ការ​កាប់​ឈើ​នៅ​ភូមិភាគ​ឦសាននា​ដើមឆ្នាំ​២០១៦ ហើយ​នៅ​ចុងឆ្នាំ​២០១៦​ការបង្ក្រាប​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បន្តថា នៅ​ឆ្នាំ​២០១៦ លើក​ទី​១-​បង្ក្រាប​បាន​ឈើជាង​៧​ម៉ឺន​ម៉ែត្រគូប ដាក់​ឲ្យ​ដេញថ្លៃ​ជា​សា​ធារណៈ​យក​ប្រាក់​មក​បម្រើ​ក្នុង​វិស័យ​អប់រំ លើក​ទី​២-​បង្ក្រាប​បាន​ជាង​៣​ម៉ឺន​ម៉ែត្រគូប និង​ដាក់​ដេញថ្លៃ​ដូច​គ្នា​ដែរ និង​លើក​ទី​៣-​បង្ក្រាប​បាន​ជាង​៤​ពាន់​ម៉ែត្រគូប​ប៉ុណ្ណោះ ។ លោក​ឧត្តមសេនីយ៍ត្រី​បន្ត​ថា ក្នុង​ឆ្នាំ​២០១៨​បាន​ឃាត់ខ្លួន​មនុស្ស​១៦៣​នាក់ និង​បញ្ជូន​ទៅ​តុលាការ​៦៣​នាក់ មាន​ពិន័យ​អន្តរការណ៍ មាន​អប់រំ ព្រោះ​យោង​តាម​ច្បាប់ និង​រឹបអូស​យក​មធ្យោបាយ​មួយ​ចំនួន និង​គណៈកម្មការ​ដាក់​វិធាន ការ​ចំពោះ​ពលរដ្ឋ​ខ្លះ​ដឹកឈើ​តាម​ម៉ូតូ រទេះគោ​ដោយ​បទល្មើស​ពី​ធំ​មក​តូច​វិញ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ លោក​ស្រ៊ុ​ន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ដែរ​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិបាន​សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ជិតខាងដូច​ជា វៀតណាម ឡាវ ថៃ ជាដើម ដើម្បី​ផ្តល់​ព័ត៌មាន​និង​សហការ​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​រត់គេច​ខ្លួន​ឆ្លង​ដែន ។ អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម​និង​ពង្រឹង​ច្បាប់ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សួន សុវណ្ណ បាន​ថ្លែង​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​រយៈពេល​៥​ឆ្នាំ​កន្លង
មកនេះ ជា​លទ្ធផល​ចាប់​បាន​ជាង​៨.៦០០ករណី ក្នុង​នោះ​មានការ​ពិន័យ​៨៤​ករណី និង​បញ្ជូនទៅ​តុលាការ​ជាង​៥.០០០​ករណី ជាមួយនឹង​វត្ថុតាង​ឈើមូល​១០.៧០០​ម៉ែត្រគូប ឈើ​អារ​២៤.៣១៤​ម៉ែត្រគូប គ្រញូង​៣៦២​ម៉ែត្រគូប​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​បាន​លើក​ឡើង​ថា ការ​រៀបចំ​ឲ្យ​មាន​មន្ត្រី​ជំនា​ញ​មក​បំភ្លឺ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្តោត​ទៅ​លើ​ការ​យកចិត្តទុកដាក់​លើ​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​អនុវត្ត​ច្បាប់​តឹង​រុ​ឹ​ង​បំផុត។
លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​បញ្ជាក់​ថា ទាក់ទិន​នឹង​ក្រុមហ៊ុន​ទាំង​៥ «​បើ​ក្រុមហ៊ុន​នោះ​ស៊ើបអង្កេត​រក​ឃើញ​ថា​ល្មើសច្បាប់ យើង​នឹង​ដកអាជ្ញាប័ណ្ណ តែ​រង់ចាំ​ការ​ស៊ើបអង្កេត​សិន បើ​យើងទៅ​បិទ​មិន​ទាន់​ចប់​ការ​ស៊ើបអង្កេត​នោះ មិន​អាច​ផ្តល់​ភាព​យុត្តិធម៌​បាន​ទេ​» ។

មន្ត្រី​ជំនាញ​មក​ពី​ក្រសួងបរិស្ថាន ក៏​បាន​លើក​ឡើង​ថា ខណៈ​ក្រុមការងារ​ជំនាញ​របស់​គណៈ​កម្មការ​ចុះ​ទៅ​ស្រាវជ្រាវ​នោះ មាន​ក្រុមហ៊ុន​ចំនួន​៥ដែល​បង្ហាញ​ពី​តម្រុយ​នៃ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ខណៈ​ក្រុមហ៊ុន​មួយទៀត​រកឃើញ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ។ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី ក្រុមហ៊ុន​ទាំង​៥​នោះ​រួម​មាន ១-​ក្រុមហ៊ុន​ម៉ា​ស្ទ័​រខេ​សិន ២-​ក្រុមហ៊ុន​យ៉ា​ន់​ចាវ ៣-​ក្រុមហ៊ុន​ថា​ច់​វូ​ដ ៤-​ក្រុមហ៊ុន វិ​ជ្ជ​រី និង​៥-​ក្រុមហ៊ុន​ណេ​ងណា ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​៩​នាក់​ទៀត ខណៈ​ដែល​ឈើ​ខុសច្បាប់​ចំនួន​១.៧០០​ម៉ែត្រគូប​ត្រូវ​បង្ក្រាប​បាន ហើយ​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹកឈើ​ទាំងនោះ​ត្រូវ​បាន​ដកហូត ក្នុង​នោះ​មានរថយន្ត​ចំនួន​២៩​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ