រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកាមរី ហាយប្រ៊ីដ បើកបរដោយនារីម្នាក់សង្ស័យស្រវឹង ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកព្រូស ដែលមានបុរសមួយក្រុមជិះនៅក្នុងរថយន្តនោះ បណ្តាលអោយរថយន្តម៉ាកព្រូសរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដើម តែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្លូវ៣១០ កែងនឹងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

ភាគីខាងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២R-៨៨៥៧ ត្រូវបានគេអះអាងថា មានបុរស២ទៅ៣នាក់ជិះក្នុងរថយន្តនោះ តែមិនស្គាល់អត្តសញ្ញាណ ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកកាមរី ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២R-៩៣៤៥ បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសមួយក្រុមជិះក្នុងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស បានធ្វើដំណើរតាមផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។

តាមប្រភពដដែលបានបន្តថា លុះរថយន្តម៉ាកព្រូសធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុបផងដែរ តែរថយន្តម៉ាកព្រូសនោះមិនបានបន្ថយល្បឿននោះទេ ស្របពេលនោះក៏នារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរី ហាយប្រ៊ីដ ពណ៌ស ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស បណ្តាលអោយរថយន្តម៉ាកព្រូសរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដើម និងធ្វើអោយរថយន្តម៉ាកព្រូសរងការខូចខាតផ្នែកខាងមុខផងដែរ ។ ភ្លាមៗនោះ គេឃើញបុរស២ទៅ៣នាក់នាំគ្នាចុះពីលើរថយន្តម៉ាកព្រូស ហើយរត់គេចខ្លួនបាត់អស់ ។ ដោយឡែកនារីជាអ្នកបើកបររថយន្តម៉ាកកាមរី ហាយប្រ៊ីដ មិនមានរងរបួសនោះទេ ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញ់ចរាចរណ៍ខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុ រួចហើយបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងភ្នំពេញអោយចុះទៅធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ