ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាប្រជុំខេត្តព្រះសីហនុ មានការរៀបចំកម្មវិធីប្រកាស និងផ្ទេរភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកគួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងឱកាសខាងលើដែលមានលោក-លោកស្រី ជាអភិបាលរងខេត្ត លោក-លោកស្រីជាអភិបាល -អភិបាលរងក្រុង- ស្រុក- ប្រធាន- អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានមកចូលរួមយ៉ាងកុះករ ។
តាមប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចផ្ទេរភារកិច្ចលោក ណុប ហេង ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុទៅកាន់ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនវិញរង់ចាំទទួលភារកិច្ចថ្មី ហើយបានតែងតាំងលោកបូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុវិញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ